ព័ត៌មានសិល្បៈ និងកម្សាន្ត

Rith Omega និងភរិយា លេងម៉ាឈ្នះដៃ ក្នុងសណ្ឋាគារផ្កាយ៥

បន្ទាប់ពីរៀបចំមង្គលការយ៉ាងអធឹកអធ័មកាលពីថ្ងៃទី៧ ខែធ្នូ នៅខេត្តបាត់ដំបង អ្នកនិពន្ធល្បីឈ្មោះនៅថោនលោក Rith Omega ដែលមានស្នាដៃផលិតបទចម្រៀង«មេឃកំពុងភ្លៀងហើយ» បានប្រារព្ធពិធីកាត់ចំណងដៃយ៉ាងអធឹកអធ័មនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥តែម្ដង នៅអូតែលសុខាភ្នំពេញត្រើយម្ខាងកាលពីយប់ថ្ងៃទី១២ ក្នុងខែដដែល។ នៅក្នុងពិធីនោះ លោក និងភរិយាលេងម៉ាឈ្នះដៃតែម្ដង កុំថាឡើងលើផ្នែកដេគ័រភ្លើងពណ៌ និងផ្កាភ្ញី គឺសូម្បីតែឆាកតន្ត្រី និងក្រុមភ្លេង ក៏ត្រូវបានអះអាងថាចំណាយដល់រង្វង់៧ពាន់ដុល្លារផងដែរ។

ពិធីដែលមានតារាសិល្បៈ និងអ្នកមានមុខមាត់ចូលរួមយ៉ាងច្រើនកុះករនោះ ត្រូវបានគេកត់សម្គាល់ថាមិនមែនចំណាយអស់តិចម៉ឺនដុល្លារនោះទេ ប៉ុន្តែសាមីដើមការ លោក Rith Omega នៅតែអះអាងថាមិនចង់បង្ហាញអោយដឹងពីតួលេខចំណាយ ដោយលោកប្រកាសថាទាំងពិធីមង្គលការនៅខេត្តបាត់ដំបង និងទាំងពិធីកាត់ចំណងដៃដែលទើបបញ្ចប់នៅសណ្ឋាគារសុខាភ្នំពេញ គឺលោក និងក្រុមគ្រួសារគ្រាន់តែចងប្រារព្ធឡើងអោយសមភ្នែកញាតិប៉ុណ្ណោះ គឺមិនបានចំណាយលើសលប់ណាមួយនោះទេ។ យ៉ាងណាមិញ លោកបានទទួលស្គាល់ថាការរៀបចំពិធីនៅក្នុងបរិយាកាសទំនើប ពិតជាមានការចំណាយខ្ពស់ជាងទីតាំងធម្មតា តែលោកនៅបដិសេធថាមិនមានចង់បង្ហើបអោយដឹងពីខ្ទង់ចំណាយនោះទេ ដើម្បីកុំអោយខ្លះពេបជ្រាយណាមួយ។

លោកអះអាងថានៅក្នុងពិធីកាត់ចំណងដៃរបស់លោកបានអញ្ជើញភ្ញៀវសរុប៨៣តុ ដោយក្នុងចំណោមក៏មានតារាច្រើននាក់ផងដែរ បើទោះជាលោកបានអញ្ជើញចោះៗមិនបានអញ្ជើញទាំងអស់។ យ៉ាងណាមិញ គេឃើញពិធីរបស់លោកមានការចូលរួមដោយវត្តមានតារាល្បីៗ បើទោះជាក្នុងថ្ងៃនោះមានពិធីច្រើនកន្លែងដែលតម្រូវអោយភ្ញៀវជាតារាសិល្បៈភាគច្រើនត្រូវរត់ទៅពីកន្លែងមួយទៅកន្លែងមួយ ព្រោះតែកម្មវិធីជាន់ជើងគ្នា។ ក្នុងពិធីរបស់លោកក្រៅពីវត្តមានតារាចម្រៀង អ្នកនិពន្ធ និងតារាសម្ដែងច្រើនរូបដែលពាក់ព័ន្ធការងារជាមួយលោកនៅក្នុងផលិតកម្មថោន ក៏មានវត្តមានអ្នកមុខអ្នកការជាឥស្សរជនល្បីៗផងដែរ។

លោក Rith Omega និយាយថា ភរិយារបស់លោកគ្រាន់តែជាកូនស្រីអ្នកជំនួញមួយរូបនៅខេត្តបាត់ដំបងប៉ុណ្ណោះ ហើយបើទោះជាមានការលើកសរសើរថាភរិយារបស់លោកស្រស់ស្អាតមិនចាញ់តារា ក៏លោកមិនអោយប្រពន្ធរបស់លោកចូលសម្ដែងដើម្បីអោយក្លាយជាតារាសិល្បៈនោះដែរ ខណៈដែលភរិយាលោកក៏មានចំណូលគ្រប់គ្រងជំនួញ ជាជាងការងារសិល្បៈដូចលោក។ លោកថាបើទោះជាបានរៀបការភរិយា និងមានមុខជំនួញបើកលក់កាហ្វេតែបៃតង ChobChha ស្ទើររកពេលសម្រាកមិនបាន ក៏លោកនៅតែបន្តអាជីពជាអ្នកនិពន្ធ និងដឹកនាំសម្ដែងនៅក្នុងផលិតកម្មថោន មិនបោះបង់នោះទេ៕

មតិយោបល់