ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ុង នីនិច និងស៊ឹម ស៊ីណាត ចេញទៅច្រៀងសប្បុរសធម៌ដល់ទឹកដីថៃ

នៅយប់ថ្ងៃទី៣ មករា នេះតារាចម្រៀងច្រើនរូប នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ខេត្តនគររាជសីមា នៅក្នុងប្រទេសថៃជាលើកដំបូង ដើម្បីទៅច្រៀងក្នុងកម្មវិធីសប្បុរសធំមួយនៅលើទឹកដីនោះ ក្នុងបំណងរ៉ៃអង្គាសថវិកាជួយដល់ស្រ្តីមានផ្ទៃពោះ និងក្មេងៗទុរគត ដែលប្រឈមនៅការខ្វះខាត នៅក្នុងប្រទេសកម្ពុជា។

ក្នុងចំណោមតារាចម្រៀង ដែលមានឈ្មោះចេញច្រៀងក្នុងបេសកកម្មផ្នែកសប្បុរសធម៌ជាទ្រង់ទ្រាយធំនេះ តារាចម្រៀង២រូប គឺកញ្ញា អ៊ុង នីនិច និងលោក ស៊ឹម ស៊ីណា ដែលត្រូវគេស្គាល់ថា ជាសមាជិកសកម្មរបស់ក្រុមសប្បុរសធម៌ «គ្រួសារតារាកម្ពុជា» ត្រូវបានគេជ្រើសអោយចេញច្រៀង នៅក្នុងវេទិកានេះ។ កញ្ញា អ៊ុង និនិច្ច ដែលត្រូវគេស្គាល់ជាមន្ត្រីពេញសិទ្ធិរបស់ក្រសួងព័ត៌មានផង និងជាតារាចម្រៀងយុវវ័យ ដែលកំពុងឡើងកូដផង បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង នៅពេលជជីកសួរពីគម្រោងចេញច្រៀង ក្នុងកម្មវិធីសប្បុរសធម៌ដ៏ធំមួយនេះ នៅក្នុងប្រទេសថៃ។

នាងថាកម្មវិធីនេះ ត្រូវបានរៀបចំដោយអង្គការ «ខ្ញុំខ្មែរ» ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្រ្តាលី និងកម្ពុជា ដោយកម្មវិធីច្រៀងរាំ គឺមួយលើកតែប៉ុណ្ណោះ ក្នុងខេត្តនគររាជសីម៉ាប្រទេសថៃ ដោយមានរយៈពេល នៅក្នុងប្រទេសថៃ៤ថ្ងៃពេញ។ កញ្ញាថា នេះជាមោទនភាព ដែលកញ្ញាត្រូវបានជ្រើសរើសដោយគ្រួសារតារាកម្ពុជា បន្ទាប់ពីកញ្ញាចូលរួមស្ម័គ្រចិត្ត ក្នុង «គ្រួសារតារាកម្ពុជា»មិនត្រឹមតែមានបេសកកម្មរំលេចកម្មវិធី ជួយសង្គមនៅក្នុងស្រុកយ៉ាងជោគជ័យនាពេលកន្លងមកប៉ុណ្ណោះទេ តែកំពុងបោះជំហានធ្វើសកម្មភាពសប្បុរសធម៌ នៅក្រៅប្រទេសជាបណ្ដើរៗផងដែរ។ កញ្ញាបញ្ជាក់ថា នឹងត្រៀមបទញាក់ និងបទ Original Song ជាច្រើននៅក្នុងកម្មវិធីនេះ ដោយនាងរំពឹងថា នាង និងតារាចម្រៀងខ្មែរផ្សេងទៀត នឹងបើកវេទិកានៅថ្ងៃទី៦ មករា ដោយមុនពិធីនោះ ក៏មានការរៀបចំពិធីជួបជុំក្រុមកម្មករ ធ្វើបុណ្យ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃរួមគ្នាផងដែរ។

ដោយទ្បែកលោក ស៊ឹម ស៊ីណាត តារាចម្រៀងប្រចាំក្រុមចម្រៀងអ្នកនាងខាត់ សុឃីម និងលោកជេកម្ចាស់បទ «សេដ្ឋីស្រុកស្រែ» ដែលត្រូវបានជ្រើសអោយចេញច្រៀង នៅក្នុងកម្មវិធីនេះដែរ បានអះអាងថា ជាលើកទី១ ដែលលោកត្រូវបានជ្រើសអោយចេញច្រៀង ជាលក្ខណៈសប្បុរសធម៌ទៅដល់ក្រៅប្រទេសបែបនេះ។ យ៉ាងណាមិញ លោកថា សម្រាប់ការងារសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជា លោកបានចូលរួមយ៉ាងសកម្មរួចមកហើយ ជាពិសេសក្នុងកម្មវិធីសប្បុរសធម៌ ដែលរៀបចំដោយគ្រួសារតារាកម្ពុជា។ លោកនៅក្នុងវិថីសិល្បៈ លោកមិនសូវចាប់អារម្មណ៍ ក្នុងវេទិកាឡើងច្រៀងលើកញ្ចក់ទូរទស្សន៍នោះទេ ដោយសារតែលោករវល់ដកឃ្លាមិនរួច ក្នុងកម្មវិធីតន្ត្រីខេត្តក្រុង និងមិនចង់ចំណាយពេលរៀបចំខ្លួន សម្រាប់កម្មវិធីបន្តផ្ទាល់ទូរទស្សន៍។ ប៉ុន្តែសម្រាប់កម្មវិធីសប្បុរសធម៌ គឺលោកមិនដែលបាត់មុខនោះទេ ដើម្បីបានរួមចំណែក ក្នុងកិច្ចការសង្គម ជាពិសេសការច្រៀងរាំ ដើម្បីរ៉ៃអង្គាសថវិកាជួយដល់ស្រ្តីក្រីក្រ និងក្មេងទុរគត ដូចដែលលោកបានចេញទៅច្រៀង នៅក្នុងប្រទេសថៃនាពេលនេះ។

លោកថាខ្លួននឹងចាកចេញពីប្រទេសកម្ពុជា ក្រោយគេនៅយប់ថ្ងៃទី៤ មករា ហើយក្រោយបញ្ចប់ការសម្ដែងនៅខេត្តនគររាជសីមា គឺលោកចុះ មកផ្ទះភ្លាមៗ ដោយសារតែមានការងារសិល្បៈច្រើនទៀត ដែលជាប់កុងត្រា។ លោក Aten ជានិច្ច ប្រធានអង្គការ«ខ្ញុំខ្មែរ»ជាអ្នករៀបចំកម្មវិធី បានអះអាងថា ស្ទើរមួយឆ្នាំ៤ប្រាំដង លោកបានរៀបចំកម្មវិធីសប្បុរសធម៌ជាទ្រង់ទ្រាយធំបែបនេះ នៅក្នុងប្រទេសថៃ អូស្រ្តាលី និងកូរ៉េជាដើម មិនសូវស្ងាត់សកម្មភាពនោះទេ ដោយគ្រាន់តែកម្មវិធីនៅក្រៅប្រទេសលើកនេះ គឺជាលើកទី១ហើយ ដែលលោកបានចាប់ដៃជាមួយ «គ្រួសារតារាកម្ពុជា» ក្នុងការរៀបចំ។ លោកថាតារាដែលត្រូវបានអញ្ជើញពីប្រទេសកម្ពុជាភាគច្រើនជាតារា Original Song មកពីផលិតកម្ម C2go និង មកពីផលិតកម្ម E Nation Production ដោយក្រោយពីបញ្ចប់ការងារសប្បុរសធម៌ នៅក្នុងប្រទេសថៃនេះទៅ គឺលោកនឹងដឹកនាំតារាសិល្បៈ ចេញទៅច្រៀងក្នុងសកម្មភាពបែបនេះដូចគ្នា នៅក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសអូស្រ្តាលី។

លោកមានគម្រោងចាប់ដៃ ជាមួយតារាសិល្បៈមកពី«គ្រួសារតារាកម្ពុជា» ក្នុងសកម្មភាពបែបនេះអោយកាន់តែខ្លាំង បន្ទាប់ពីកត់សម្គាល់ឃើញថា ក្រុមសប្បុរសធម៌មួយនេះ មានឆន្ទៈជួយសង្គមដោយគ្មានគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដូចគ្នានឹងក្រុមរបស់លោក។ សម្រាប់កម្មវិធីសប្បុរសធម៌ ដែលលោករៀបចំនៅក្នុងប្រទេសថៃនេះវិញលោកថា នឹងត្រូវធ្វើឡើងនៅក្នុងតំបន់រោងចក្រធំមួយ នៅក្នុងខេត្តនគររាជសីមា ដើម្បីអោយបងប្អូនខ្មែរ ជាកម្មករបម្រើការនៅក្នុងប្រទេសថៃ បានរាំសប្បាយផង និងបានរួមចំណែកជាថវិកាមកតម្កល់ទុកជួយដល់ក្មេងៗទុរគត និងស្រ្តីមានផ្ទៃពោះ ដែលមានការខ្វះខាត នៅក្នុងប្រទេសកម្ពុជា។ លោករំពឹងថា កម្មវិធីនេះ នឹងជោគជ័យជាងរាល់ឆ្នាំ ដោយសារតែការប្រគំតន្ត្រី មានការរៀបចំចំពេលដើមឆ្នាំ ដែលមិនខុសពីជួបជុំគ្នាដើម្បីរាំលែង និងដើម្បីចំណងមិត្តភាពរបស់ជនជាតិខ្មែរក្នុងស្រុក និងខ្មែរដែលចេញទៅបម្រើការនៅក្នុងប្រទេសថៃ៕

មតិយោបល់