Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត នី មុន្នីនាថ ...

នី មុន្នីនាថ បានតំណែង យាយវរនាថ ដ៏ល្បីរបស់ថៃ

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ផលិតករថៃនៅប៉ុស្ដិ៍លេខ៥ បានប្រកាសឲ្យដឹងពីគម្រោងចេញថតរឿង«ទាយាទអសុរកាយ» ដែលជារឿងល្បីល្បាញរបស់ថៃ រហូតតួអង្គក្នុងរឿងគឺយាយវរនាថ ត្រូវបានមហាជនខ្មែរស្គាល់ច្បាស់គ្រប់មាត់។ ភាពយន្តនេះត្រូវបានប្រកាសថានឹងផលិតឡើងវិញ ដោយជ្រើសរើសតួសម្ដែងខ្មែរឲ្យសម្ដែងត្រាប់តាម ខណ:ដែលតារាសម្ដែង កញ្ញា នី មុន្នីនា ត្រូវបានជ្រើសឲ្យសម្ដែងជាតួនាងលោកយាយវរនាថ ដែលរំពឹងថាពិតជាធ្វើឲ្យការសម្ដែងរបស់នាងផ្ទុះខ្លាំងក្នុងអំឡុងដើមឆ្នាំ២០១៨នេះ។

ផលិតករថៃ បានអះអាងថា ដោយសារតែភាពយន្តថៃរឿង«ទាយាទអសុរកាយ»នៅតែមានភាពល្បីល្បាញ ក្នុងស្រទាប់មហាជនខ្មែរ ទើបក្រុមផលិតករថៃសម្រេចចាប់ដៃជាមួយនឹងប៉ុស្ដិ៍លេខ៥របស់កម្ពុជា បោះទុនរួមគ្នាផលិតរឿងនេះឡើង ដើម្បីឲ្យរឿង«ទាយាទអសុរកាយ»មានលក្ខណ: និងមានអត្តសញ្ញាណជាខ្មែរក្រោយការដាក់បញ្ចាំង។ មានការអះអាងថាភាពយន្តនេះ ត្រូវបានទិញសិទ្ធិក្នុងលក្ខណ្ឌខ្ពស់ ដើម្បីកុំឲ្យខូចទម្រង់ដើមរបស់រឿងលោកយាយវរនាថដ៏ល្បីល្បាញ ខណ:ដែលផលិតករថៃក៏ប្រកាសថានឹងបោះទុនខ្ពស់ក្នុងការផលិត ដើម្បីឲ្យរឿងលោកយាយវរនាថខ្មែរ មានការគាំទ្រមិនខុសគ្នានឹងរឿងលោកយាយវរនាថរបស់ថៃ។

ភាពយន្តនេះត្រូវបានប្រកាសក្រុងពាលីផ្លូវការកាលពីថ្ងៃទី៤ មករា នៅសណ្ឋាគារសូហ្វីតែល ដោយមានតារាសម្ដែងខ្មែរយ៉ាងច្រើនកុះករបង្ហាញខ្លួន។ កញ្ញា នី មុន្នីនាថ គឺជាតួអង្គសំខាន់ជាងគេ ដែលផលិតករថៃឯកភាពឲ្យសម្ដែងជាតួអង្គលោកយាយវរនាថ ដោយភាគីខាងផលិតករថៃបញ្ជាក់ថាបណ្ដាលមកពីនាងធ្លាប់ជោគជ័យរួចមកហើយក្នុងរឿង«នាងនាថបាត់ដំបង»រហូតត្រូវបានគេហៅនាងថានាងនាថៗ បន្ថែមពីលើឈ្មោះកំណើត។ ភាពយន្តនេះនឹងសម្រេចចេញថតនៅដើមខែមករានេះ ដោយគ្រោងចំណាយពេលយ៉ាងហោច៤ខែ ទើបថតចប់។ ក្នុងនោះទីតាំងដែលត្រូវជ្រើសថត ក៏នឹងសម្រិតសម្រាំងឲ្យល្អ កុំឲ្យចាញ់ភាពយន្តម្ចាស់ដើមផងដែរ។

កញ្ញា នី មុន្នីនាថ បញ្ជាក់ថាសប្បាយចិត្តណាស់ បើទោះជានាងមានរឿងក្ដីក្ដាំងនៅតុលាការជុំវិញការចោទប្រកាន់របស់អតីតគូដណ្ដឹង។ នាងថានេះជាមោទនភាពធំមួយ ដែលនាងធ្លាប់តែជក់ចិត្តនឹងការសម្ដែងរបស់លោកយាយវរនាថ ហើយស្រាប់តែត្រូវបានផលិតករថៃផ្ដល់ឱកាសឲ្យសម្ដែងត្រាប់តាមតួអង្គនេះ នៅក្នុងភាពយន្តភាគខ្មែររឿង«ទាយាទអសុរ»ដែលជារឿងមានលំនាំ និងទិញសិទ្ធិទាំងស្រុងពីរឿងលោកយាយវរនាថរបស់ថៃ។ នាងថាភាពយន្តនេះ នឹងជួយឲ្យទីផ្សារការចាប់អារម្មណ៍ចំពោះនាងមានការកម្រើកឡើង ស្របគ្នាដែលនាងក៏មិនសូវមានភាពយន្តផ្ទុះខ្លាំងកាលពីអំឡុងចុងឆ្នាំ២០១៧។ យ៉ាងណាមិញ នាងក៏បារម្ភពីការរិះគន់ប្រសិនបើនាងសម្ដែងត្រាប់តាមតួអង្គលោកយាយវរនាថមិនបានល្អនោះផងដែរ ក្នុងពេលដែលតួអង្គនេះគឺត្រូវបានមហាជនខ្មែរស្គាល់ច្រើនរួចមកហើយតាមរយ:ភាពយន្តដ៏ល្បីល្បាញរបស់ថៃ។ នាងក៏បានបញ្ជាក់ពីការខ្លាចរអារសត្វក្អែប ដែលក្រុមផលិតករថៃប្រើសម្រាប់ការសម្ដែងរបស់នាងនៅក្នុងផ្ទៃរឿងមួយនេះផងដែរ ដោយនាងបញ្ជាក់គឺទោះជាមានឈុតលំបាកកម្រិតណា ក៏នាងនឹងប្រឹងសម្ដែងឲ្យល្អ ដើម្បីឲ្យរឿងភាគ«ទាយាទអសុរ»ដែលសម្ដែងដោយរូបនាងជំនួសលោកយាយវរនាថថៃ ទទួលបានការគាំទ្រ៕