ព័ត៌មានផ្លូវការបានអះអាងថាតារាចម្រៀងលោកខេមរៈ សិរីមន្ត បានចុះកុងត្រាផ្ដាច់មុខជាមួយហង្សមាសចំនួន៥ឆ្នាំ ដោយការសម្រេចចិត្តរបស់លោក គឺផ្អែកទាំងស្រុងថាលោកនឹងលេចធ្លោ ហើយឈានឡើងនៅក្នុងវិស័យសិល្បៈខ្លាំងជាងនៅក្នុងផលិតកម្មសាន់ដេដាច់ឆ្ងាយ។
យ៉ាងណាមិញផ្ទុយពីការរំពឹងទុក គេកត់សម្គាល់ថាស្ទើរតែគ្រប់ជំហានរបស់តារាចម្រៀងរូបនេះ ត្រូវបានទទួលការរិះគន់បន្តបន្ទាប់គ្នា ដោយស្ថានភាពអាក្រក់ដែលបានកើតឡើងនេះ ត្រូវបានប្រភពមួយបង្ហើបថាជាការរៀបចំដើម្បីតាមបំបាក់របស់គូប្រជែង។
ប្រភពមួយបានអះអាងថា តាំងពីលោកខេមរៈ សិរីមន្ត បញ្ចេញស្នាដៃនៅក្នុងផលិតកម្មហង្សមាស លោកមិនសូវមានយីអ៊ុនល្អប្រសើរដូចគ្នានឹងបានបញ្ចេញបទបើកឆាកនៅក្នុងផលិតកម្មមុនៗនោះទេ បើធៀបនឹងពេលចូលM និងចូល សាន់ដេ គឺស្ទីល និងបទដំបូងៗរបស់លោករមែងទទួលបានការកោតសរសើរ និងចាប់អារម្មណ៍លើសលប់។
គ្រាន់តែចេញបទចម្រៀងបើក«ស្ទឹងត្រែងបងអើយ» គេឃើញមានការរិះគន់ភ្លាមៗ ជាពិសេសគឺការរិះគន់ត្រង់ចំណុចទីតាំងមួយនៅក្នុងបទចម្រៀង ដែលអ្នកនយោបាយមួយរូបប្រកាសថាមិនមែនជាទឹកដីរបស់កម្ពុជា។ នៅពេលលោកចេញបទចម្រៀងទី២នៅហង្សមាស គ្រាន់តែលោកល្ទីលធ្វើសក់ដូចតារាចម្រៀងចាស្ទីន ក៏មានអ្នករិះគន់វាយប្រហារលោកឡើងកប់ៗម៉ាត់តែម្ដង ថាលោកលេងម៉ូដសក់ដូចយូកូម និងថាកូពីមិនសមទំនងជាដើម។ ចម្រៀងមួយបទថ្មីទៀតក្រោមចំណងជើងថា«ក្បាច់ពស់»ក៏ត្រូវគេជេរកក្រើកហ្វេសប៊ុកផងដែរ ថានោះជាបទចម្លងសាច់ភ្លេងរបស់បរទេស និងយកស្ទីលបរទេស ដោយមិនគួរបន្តហៅលោកថាជាតារាកំពូលតារាចម្រៀងទាល់តែសោះ។
ការរិះគន់ចុងក្រោយគឺ បន្ទាប់ពីបទ«អនុស្សាវរីយបាត់ដំបង»របស់លោកដែលបានបកស្រាយជាយូរមកហើយ ស្រាប់តែត្រូវគេរិះគន់ថាកាឡៃទំនុកច្រៀង មិនសមជាអ្នកចម្រៀងដែលគួរតែចូលរួមអភិរក្សដល់បទម្ចាស់ដើម។
ការរិះគន់ដែលបានកើតឡើងត្រូវបានគេបង្ហើបថាមានការរៀបចំ ពីសំណាក់គូប្រជែង ជាពិសេសគឺអ្នកកាច់កុង ដើម្បីចាំមើលចំណុចខ្វះខាតរបស់លោកឆ្កឹះយកមកបាញ់ ធ្វើអោយលោកថយចុះការគាំទ្របន្តម្ដងៗ ក្នុងពេលដែលក៏មិនត្រូវគេជឿថានឹងត្រូវហង្សមាសដុះខាតអោយល្បីស្មើនឹងលោកព្រាប សុវត្ថិ ឬតារាដែលបានបណ្ដុះដោយហង្សមាស។
ប្រភពខ្លះបានវិភាគថា លោកខេមរៈ សិរីមន្ត ហក់ចូលហង្សមាសគឺជារឿងខាតជាងមុន ដោយសារតែនៅផលិតកម្មមុនៗ លោកគឺជាស្ដេច ប៉ុន្តែនៅក្នុងហង្សមាស ដ្បិតថាជាក្រុមខ្លាំងជាងផលិតកម្មមុនៗមែន ប៉ុន្តែលោកបានក្លាយជាតួរង បើទោះជាលោកមានបងប្រុសជាអ្នកពាំងនៅក្រោយខ្នងដើម្បីអោយលោកឈានឡើង។ ប្រភពជាច្រើនបន្តការរិះគន់ចំពោះលោកខេមរៈ សិរីមន្ត ស្ទើរតែគ្រប់ចំណុចតាមរយៈការលេងស្ទីលសក់ ក្បាច់រាំ និងបទចម្រៀង អាចជាចេតនាដែលគេរៀបចំ ដើម្បីបំបាក់ភាពអំនួតរបស់លោក ស្របគ្នាដែលលោកត្រូវគេរិះគន់ថាឆ្មើងកន្ទ្រើងតាំងពីបានល្បីឈ្មោះ ដោយនៅក្នុងនោះលោក និងបងប្រុសក៏ច្រើនគំរាមប្ដឹងដល់បណ្ដាញសារព័ត៌មានដែលផ្សាយមិនល្អពីខ្លួនផង។
លោកត្រូវគេរិះគន់ព្រមជាមួយនឹងព័ត៌មានមានប្រពន្ធ និងមានកូន២លាក់មុខ តែមិនព្រមសារភាព ខណៈដែលក្នុងវិស័យចម្រៀង ក្រៅពីអត់មានបទផ្ទុះផលិតដោយហង្សមាស ក៏មានតែការរិះគន់បណ្ដាក់គ្នា។ អ្នកខ្លះបង្ហើបថាជាចេតនាដែលហង្សមាស ចង់បន្ថយប្រជាប្រិយភាពរបស់លោក ប៉ុន្តែអ្នកវិភាគផ្សេងទៀត ក៏ថាហង្សមាសមិនល្ងង់យកលោកខេមរៈ សិរីមន្ត មកបង្កប់ដោយមិនធ្វើអោយល្បីដើម្បីផលចំណេញរបស់ក្រុមហ៊ុននោះឡើយ ប៉ុន្តែគឺបណ្ដាលមកពីលោកខេមរៈ សិរីមន្តខ្លួនឯង សំបូររឿងលាក់បាំងមហាជនច្រើនពេក ទាំងករណីប្អូនស្រី និងរឿងឯកជនខ្លួនឯង ទើបបណ្ដាលអោយសន្ទុះគាំទ្រដែលធ្លាប់កើតឡើងមិនសូវខ្លាំងដូចមុន ហើយដល់ពេលដែលលោកមានចំណុចខ្វះចន្លោះគឺរួមគ្នាបាញ់តែម្ដង។
ប្រភពនោះបានបង្ហើបថាការរិះគន់ចំពោះលោក គឺមិនមានច្រើននាក់នោះទេ ប៉ុន្តែគេបានរៀបចំធ្វើអោយអ្វីដែលចំណុចអវិជ្ជមានផ្ទុះខ្លាំង ដើម្បីបំបាក់មុខលោក។ យ៉ាងណាមិញ គេមិនដឹងថាប្រភពដែលប៉ាន់ស្មាននោះ តើចង់សំដៅបុគ្គលណា ឬភាគីណានោះទេ ដោយគ្រាន់តែភាគីលោកខេមរៈ សិរីមន្ត ថាជាចេតនារបស់បក្សពួកគូប្រជែង។
លោកត្រូវគេអះអាងថានឹងមានការតាមបំបាក់ដោយមធ្យោបាយបែបនេះក្នុងពេលខាងមុខបន្តទៀតនោះទេ ទើបគេពិបាកដឹងថាតើលោកនឹងរក្សាភាពលេចធ្លោសម្រាប់ឆ្នាំ២០១៨បាន ឬមិនបាន ក្រោយចូលហង្សមាសដែលចម្រុះដោយតារាខ្លាំងៗ៕













មតិយោបល់