ក្រឡេកទៅមើលទៅមើលអតីតកាល គេមិននឹកស្មានថា តារាចម្រៀងលោក ខៀវ ប៊ុនលាភ ឈានឡើងទីផ្សារក្នុងកម្រិតដូចដែលមហាជន បានឃើញនោះទេ។ លោកគ្រាន់តែជាតារាសម្ដែងជាតួរាយរងម្នាក់ក្នុងកុន ដោយមិនត្រឹមតែតារាសម្ដែងដូចគ្នា នៅក្នុងពិភពសិល្បៈប៉ុណ្ណោះទេ ដែលមានការមាក់ងាយ សូម្បីតែសាច់ញាតិរបស់លោក បូករួមទាំងក្មួយៗផង ក៏មើលងាយលោក ព្រោះតែយល់ថាលោកជាតារាមិនសូវសង្សារ និងមិនសូវស្អាតដូចតារាកែកុនមួយចំនួន ហើយប្រឹងត្រដរតស៊ូនៅក្នុងសិល្បៈនោះ។
ប៉ុន្តែក្រឡេកមើលការរីកចំរើនចុងក្រោយ លោកមិនត្រឹមតែជាតារាចម្រៀងយុវវ័យម្នាក់ ដែលពោរពេញក្បាច់រាំរស់រវើក មានការទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតារាសម្ដែងដែលស្ទើរតែរកពេលវេលាទទួលសម្ដែងមិនបាននោះដែរ។ លោក ខៀវ ប៊ុនលាភ ម្ចាស់បទ«ពុកខ្ញុំ ពិធីករ» ខុសគ្នាពីមុនឆ្ងាយណាស់ បើធៀបនឹងពេលដែលលោកមិនទាន់ក្លាយខ្លួន ជាតារាចម្រៀងប្រចាំផលិតកម្ម E Nation ហើយបានវិវត្តខ្លួនមានទាំងក្រុមរាំផ្ទាល់ខ្លួន។ ក្នុងពេលចូលប្រកួតក្នុងកម្មវិធី «មុខរបរខ្ញុំ»របស់ទូរទស្សន៍ PNN តារារូបនេះ បានបង្ហូរទឹកភ្នែក រៀបរាប់ពីការមាក់ងាយ និងការប្រមាថក្នុងជីវិត ដោយអ្នកបំបាក់ទឹកចិត្តលោកទាំងនោះ បានទស្សន៍ទាយថា លោកនឹងបរាជ័យបើនៅតែបន្តរក្សាជំហរចង់ក្លាយ ជាតារាសិល្បៈ ព្រោះតែជីវភាពខ្វះខាតមិនអាចទៅរួចជាមួយគេ និងព្រោះតែលោកមានមុខមាត់ មិនស្អាតពីធម្មជាតិដូចតារាស៊ីវិល័យមួយចំនួននោះផង។
លោកត្រូវបានមហាជនចាប់ផ្ដើមកត់សម្គាល់ នៅក្នុងកម្មវិធីប្រលងទេពកោសល្យមួយនោះ ហើយម្នាក់ៗ កាន់តែអាណិតលោកទ្វេរដង នៅពេលសមាជិកក្នុងក្រុមបោះឆ្នោតអោយលោកធ្លាក់កណ្ដាលទី បើទោះជាលោកប្រឹងប្រែងធ្វើអស់ពីសមត្ថភាព។ លោកអះអាងថា អ្នកមើលងាយលោកមិនមែនមានតែចង្កោមតារាសិល្បៈ ដែលរើសអើងលោកប៉ុណ្ណោះទេ តែបងស្រី និងក្មួយបង្កើតរបស់លោក ក៏ធ្វើអោយលោកឈឺចាប់នឹងពាក្យសម្ដីប្រមាថមើលងាយ ព្រោះតែលោកចង់ជម្នះចង់ក្លាយជាតារាសិល្បៈ ដែលមានការទទួលស្គាល់ម្នាក់ នោះផងដែរ។
យ៉ាងណាមិញ លោកត្រូវគេកត់សម្គាល់ថា ចាប់ផ្ដើមឈានឡើង ដោយសារតែលោកគឺជាតារាចម្រៀងមួយរូប ដែលចាប់ផ្ដើមមានការគាំទ្រ ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីលោកបានចេញបទចម្រៀងច្រើនបទអង្រួនមហាជន និងបានបង្កើតក្បាច់រាំ ធ្វើអោយមានការចាប់អារម្មណ៍គ្រប់ពេលបង្ហាញខ្លួនលើឆាកតន្ត្រី។
លោកខៀវ ប៊ុនលាភ និយាយថា បើធៀបនឹងអតីតកាលលោកមិនសមមកឈរជើង នៅក្នុងពិភពសិល្បៈនាពេលចុងក្រោយបានទេ ដោយសារតែមនុស្សនៅជុំវិញខ្លួនលោក សុទ្ធតែជាមនុស្សមាក់ងាយ ជាពិសេសគឺតារាសិល្បៈគ្នាឯងតែម្ដង។ លោកថាការឈឺចាប់ និងកម្លាំងចិត្ត ដែលមានជាពិសេសពីម្ដាយ និងមិត្តភ័ក្រ្ត បានជួយអោយលោកមកឈរទីតាំងបច្ចុប្បន្ន ហើយគាប់ជួនជាលោកក៍ត្រូវបានផលិតកម្ម E Nation ផ្ដល់ឱកាសអោយក្លាយជាតារាចម្រៀងកុងត្រាផង ទើបធ្វើអោយលោកអាចមានថ្ងៃនេះ។
លោកបានប្រឹងប្រែងបង្កើតក្រុមរាំផ្ទាល់ខ្លួន និងចំណាយពេលច្រើនជាមួយក្រុមរាំ អ៊ីចឹងហើយទើបក្នុងចំណោមអ្នកចម្រៀងរបស់អង្គការខ្ញុំខ្មែរ ជាពិសេសគឺផលិតកម្ម C2go និង E Nation ដែលស្ថិតក្នុងក្រោមថៅកែតែម្ដង គឺលោកលេចធ្លោរជាងគេ។ លោកត្រូវបានគេអញ្ជើញ អោយបង្ហាញខ្លួនក្នុងកម្មវិធីសប្បុរសធម៌ធំៗជាច្រើន ដែលកម្មវិធីចុងក្រោយ គឺការប្រគំតន្ត្រីនៅក្នុងប្រទេសថៃមុននេះ និងកម្មវិធីរបស់គ្រួសារតារាកម្ពុជា នៅភូមិន្ទភ្នំពេញ។
ការបង្ហាញខ្លួនទាំងពីរលើករបស់លោក ត្រូវបានគេកត់សម្គាល់ថា មានអ្នកគាំទ្រខ្លាំងក្លា ជាពិសេសចំពោះក្បាច់រាំរបស់ក្រុមលោក និងទឹកដមសំទ្បេងរបស់លោកតែម្ដង។ លោកខៀវ ប៊ុនលាភ បានអះអាងថា នឹងធ្វើអោយកាន់តែមានការទទួលស្គាល់ នៅក្នុងពិភពចម្រៀងបន្ថែមទៀត ដើម្បីអោយខុសពីការបំបាក់ទឹកចិត្ត និងការមាក់ងាយ ដែលធ្លាប់ធ្វើអោយលោកឈឺចាប់កាលពីអតីតកាល៕
មតិយោបល់