ព័ត៌មានសិល្បៈ និងកម្សាន្ត

សោភា ទេពី ប្រកាសបន្តជួយសង្គម បើទោះហង្សមាស ធ្វើឲ្យល្បីខ្ទរខ្ទារ ក្រោយការប្រលង

មុនពេលបង្ហាញខ្លួនជាបេក្ខនារីក្នុងកម្មវិធី Cambodian Idol ក្នុងរដូវកាលទី៣ គេគ្រាន់តែកត់សម្គាល់ថា តារាចម្រៀងវ័យក្មេង កញ្ញា សោភា ទេពី ដែលមានឈ្មោះពេញថា ញឹម សួនសោភាទេពី មានសមត្ថភាពខ្ពស់ ក្នុងការរាំរបាំបុរាណ ព្រោះតែនាងជាសិស្សរបាំបុរាណនៅសាលាវិចិត្រសិល្ប: និងអាចបកស្រាយបទចម្រៀងទាំងបទបែបជំនាន់ដើម និងបទយុវវ័យបានល្អ ប៉ុន្តែសន្ទុះចាប់អារម្មណ៍មិនទាន់ខ្លាំងនៅឡើយទេ។

ប៉ុន្តែក្រោយពេលនាងបង្ហាញខ្លួន ក្នុងវគ្គប្រលង Cambodian Idol រដូវកាលទី៣ ហើយទទួលបាន Yes 4 ពីគណកម្មការហើយបានឡើង ទៅវគ្គបន្ត គឺនាងកន្ទ្រាក់បានការចាប់អារម្មណ៍ខុសប្លែកពីមុនយ៉ាងខ្លាំង បើទោះជាគេមិនទាន់ដឹងថា សម្រាប់ជំហានបន្ទាប់តើនាងនឹងជាប់ក្នុងកម្មវិធីលំដាប់ពិភពលោកនោះ ឬអត់នៅឡើយ។

ការប្រគំតន្ត្រីរបស់គ្រួសារតារាកម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ក្នុងព្រឹត្តិការណ៍សប្បុរសធម៌របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាវេទិកាប្រគំតន្ត្រីសប្បុរសធម៌ទី១ ដែល កញ្ញា សោភា ទេពី បង្ហាញខ្លួនក្រោយបានក្លាយជាបេក្ខនារី Cambodian Idol ក្នុងរដូវកាលទី៣។ ការបង្ហាញខ្លួននាថ្ងៃនោះ នាងទទួលបានការចាប់អារម្មណ៍ហួសពីការស្មាន ដោយគ្រាន់តែបានប្រកាសថា នាងជាបេក្ខនារីរបស់កម្មវិធីលំដាប់ថ្នាក់ពិភពលោក ក្នុងពេលដែលបានក្បាច់រាំយ៉ាងរស់រវើក ហើយបង្ហើរសំនៀងបានយ៉ាងពិរោះ កន្ត្រាក់ចិត្តអ្នកទស្សនា។

អមដោយការរារែកជាមួយលោក វង្ស ថាណាន់ ជាបេក្ខជនក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ដូចគ្នា រឹតតែធ្វើឲ្យតារាស្រីរូបនេះ លេចធ្លោក្នុងក្រសែភ្នែកអ្នកទស្សនា ជាពិសេសនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ តារាសិល្ប:ក្នុងក្រុមគ្រួសារតារាកម្ពុជា ដែលធ្លាប់ចូលរួមសកម្មភាពសង្គម បែបសប្បុរសធម៌ជាមួយនាង សុទ្ធតែមើលឃើញថា នាងមានសន្ទុះខុសប្លែកពីមុន បើធៀបនឹងពេលដែលនាងមិនទាន់មានសំណាង បានក្លាយជាបេក្ខនារី របស់កម្មវិធី Cambodian Idol របស់ហង្សមាសនៅឡើយ។

សោភា ទេពី បានអះអាងថា ក្រោយបង្ហើរបទចម្រៀង៣បទដែលសុទ្ធតែជាបទញាក់ និងបទភាសាអង់គ្លេស នៅលើវេទិការបស់សាកលភូមិន្ទភ្នំពេញថា កញ្ញាសប្បាយចិត្តយ៉ាងខ្លាំង ដែលការបង្ហាញខ្លួនលើកនេះ ទទួលបានការគាំទ្រខុសប្លែក ក្នុងពេលដែលនាងបង្ហាញមុខច្រៀងរាំ ក្នុងសកម្មភាពតន្ត្រីសប្បុរសធម៌បែបនេះ ជាយូរមកហើយ ប៉ុន្តែសន្ទុះគាំទ្រមិនល្អ ដូចការបង្ហាញខ្លួនក្នុងវេទិកាចុងក្រោយ។

យ៉ាងណាមិញ នាងបដិសេធថា មិនអាចបញ្ជាក់ពីការប្រកួតជម្រុះក្នុងវគ្គបន្តរបស់ខ្លួន តើមានលទ្ធផលបែបណា ឬយ៉ាងណានោះទេ ដោយនាងបញ្ជាក់ថា ឲ្យរង់ចាំតាមដាន និងថាជាគោលការណ៍របស់ហង្សមាស។ នាងថាខ្លួនទទួលបានសិទ្ធិ ជួយច្រៀងក្នុងកម្មវិធីតន្ត្រីសប្បុរសធម៌ ប៉ុន្តែមិនទាន់អាចទទួលឡើងឆាកលើវេទិកាធំរបស់ទូរទស្សន៍ណាមួយ ក្នុងពេលស្ថិតនៅជាបេក្ខនារី របស់កម្មវិធី Cambodian Idol នោះទេ ដោយនាងរំពឹងថា បើទោះជាលទ្ធផលក្នុងពេលខាងមុខល្អ ឬអាក្រក់ គឺនឹងធ្វើឲ្យនាងឈានឡើង នៅក្នុងវិថីសិល្ប:នោះផង។

នាងប្រកាសយ៉ាងមុតមាំថា បើទោះជានាងត្រូវបានមហាជនផ្ដល់ការគាំទ្រឲ្យក្លាយជាតារាចម្រៀងល្បីឈ្មោះ តាមរយ:ការប្រលងកម្មវិធី លំដាប់ថ្នាក់ពិភពលោកមួយនេះ ក៏នាងប្រកាសឆ្លៀតពេលបរិច្ចាគជួយដល់សង្គម ដោយមិនមើលរំលងនោះដែរ ដើម្បីបានរួមចំណែកជួយដល់សង្គម និងដើម្បីរក្សាលំនឹងកេរ្តិ៍ឈ្មោះឲ្យកាន់តែរឹងមាំ៕

មតិយោបល់