ព័ត៌មានបច្ចេកវិទ្យា

Samsung អាចនឹងបំពាក់ថ្មប្រភេទថ្មីឱ្យ Galaxy S9/S9+ ដែលអាចសាកថាមពលបំពេញដោយប្រើពេលត្រឹម ៣០ នាទី

យោងតាមប្រភពព័ត៌មានពី Phone Arena ក្រុមហ៊ុន Samsung ទើបទទួលបាន​លិខិតបញ្ជាក់គុណភាពថ្មពីរសន្លឹកពីភ្នាក់ងារសារទូរគមនាគមន៍ជាតិប្រទេសប្រេស៊ីលឈ្មោះ Anatel។

ក្នុងលិខិតនោះ គេពុំមានបញ្ជាក់ថាថ្មដែលមានទំហំ ៣០០០ និង ៣៥០០ មីល្លីអំពែរ នឹងយកទៅប្រើលើទូរសព្ទម៉ូឌែលណារបស់ក្រុមហ៊ុន Samsung ទេ។ ប៉ុន្តែ គេជឿថា វាគួរតែជារបស់ Galaxy S9/S9+ ដោយសម្អាងថា៖ ទី១ ថាមពលថ្មទាំងពីរ គឺមានទំហំប៉ុនថ្មរបស់ Galaxy S8/S8+ ហើយ Samsung ពុំមានគម្រោងបង្កើនចម្រុះរបស់វានោះទេ និងទី២ គឺ ថ្មទាំងពីរនេះ ត្រូវបានផ្តល់នូវលិខិតបញ្ជាក់ថ្មី។ ពោល នេះបានសេចក្តីថា ក្រុមហ៊ុនប្រាកដជាផលិតវាឡើងតាមបច្ចេកវិទ្យាថ្មី ដើម្បីឱ្យអាចប្រើបានជាមួយឆ្នាំងសាកថ្មរហ័សជំនាន់ថ្មី Charge 4+ ដែលទើបបែកធ្លាយលើគេហទំព័រផ្លូវការក្រុមហ៊ុនថ្មីៗនេះ។

ឆ្នាំងសាកនោះដែរ ត្រូវគេអះអាងថាអាចសាកបំពេញថ្មទូរសព្ទដល់ ១០០% ដោយប្រើពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ។

បន្ថែមពីលើនេះ ព័ត៌មានចចាមអារ៉ាមជាច្រើនបានលើកឡើងថា បន្ទះឈីបជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 845 នឹងយកទៅបំពាក់ឱ្យ Galaxy ត្រកូល S ជំនាន់បន្ទាប់ ដោយវាត្រូវបានរចនាឡើងឱ្យមានសមត្ថភាពកាន់តែខ្លាំង ហើយស៊ីថាមពលថ្មកាន់តែតិច។

សរុបមក យើងអាចសន្និដ្ឋានបានថា Samsung នឹងមិនបង្កើនចំណុះថាមពលថ្មសម្រាប់ S9/S9+ នោះទេ ប៉ុន្តែ នឹងបង្កើនសមត្ថភាពវាឱ្យប្រើបានកាន់តែយូរ ហើយសាកកាន់តែឆាប់ពេញ៕

មតិយោបល់