ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្វាមី សុគន្ធ និសា រងការរិះគន់ ក្រោយបុកមនុស្សហើយបើករថយន្តរត់

នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ (ក្បែររូបសំណាក់ព្រះបរមរតនកោដ្ឋ) មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែបុរសម្នាក់ ដែលជាស្គាល់ថាជាស្វាមីអ្នកនាង សុគន្ធ និសា បានបើករថយន្តទំនើបម៉ាក RANGE ROVER បុកម៉ូតូ១គ្រឿងរងការខូចខាតហើយព្យាយាមបើករត់។ យ៉ាងណាមិញ បុរសនេះ ត្រូវក្រុមពលរដ្ឋកាក់ជាប់ ទើបមានការភ្ញាក់ផ្អើល ពេលដឹងថាលោក គឺជាស្វាមីរបស់អ្នកនាង សុគន្ធ និសា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AW-1750 បើកបរទិសដៅពីកើតទៅលិច ស្រាប់តែមានរថយន្តRANGE ROVER ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-9779 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចមកកើតស្របគ្នាជាមួយម៉ូតូ បានបុកម៉ូតូយុវជនម្នាក់នោះចំពីក្រោយពេញទំហឹង បណ្តាលឲ្យដួលអូសរងការខូចខាតម៉ូតូយ៉ាងដំណំ។ ហើយអ្នកបើកម៉ូតូរងរបួសស្រាល តែម្ចាស់រថយន្តព្យាយាមបើករត់គេចពីកន្លែងកើតហេតុ ដោយបើករត់រហូតដល់ស្ពាននាគវត្តភ្នំ ស្ថិតក្នុងខណ្ឌដូនពេញដដែល ទើបត្រូវពលរដ្ឋកាក់ជាប់។

ក្រោយស្ទាក់បាន ស្វាមីអ្នកនាង សុគន្ធ និសា បានសងសំណងទៅឲ្យយុវជនជាម្ចាស់ម៉ូតូចំនួន៤៥០ ដុល្លារ ឲ្យម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ប៉ុន្តែក៏មានការរិះគន់ចំពោះលោកមិនតិចដែរ ដែលលោកត្រូវគេដឹងមានការងារធំដំ និងជាស្វាមីតារាល្បីផង បែរជាព្យាយាមបើករត់មិនទទួលខុសត្រូវ ក្រោយបុកមនុស្សទាំងយប់។ យ៉ាងណាមិញ ក្នុងហេតុការណ៍នោះ លោកមិនមែនជាអ្នកបញ្ជាចង្កូតរថយន្តនោះទេ ដោយមានអ្នកបើកបរម្នាក់នៅជាមួយ។

https://youtu.be/Ke9hkzvgQ_E

មតិយោបល់