តាំងពីថ្ងៃទី២៨ មករា ម្ល៉េះដែលតារាសម្ដែង និងជាតារាចម្រៀងប្រចាំផលិតកម្ម BN លោក សុគន្ធ ដេវីត បានឡើងទៅដល់ប្រទេសសិង្ហបុរី ដោយលោកគម្រោងដើរលេងរយៈពេល៤យប់៥ថ្ងៃនៅលើដែនកោះដ៏ស៊ីវិល័យនោះ និងប្រទេសម៉ាឡេសីផង។ យ៉ាងណាមិញ រហូតដល់ពេលដែលលោកបានទៅដល់ទីនោះ ទើបលោកនឹកថាជារឿងសោកស្ដាយដែលលោកបានមិនធ្វើរឿងមួយ។
លោក សុគន្ធ ដេវី និយាយថាលោកឡើងមកកម្សាន្តនៅក្នុងប្រទេសសិង្ហបុរី មិនមែនមកក្នុងគម្រោងការងារ ឬក្រោមការស្ពុនស័ររបស់អ្នកណានោះទេ ប៉ុន្តែជាគម្រោងឡើងមកលេងជាមួយគ្រួសារដោយមានប្អូនប្រុស និងម្ដាយមីង មកកម្សាន្តជាមួយតែម្ដង។ លោកចាត់ទុកថានេះជាគម្រោងដើរកម្សាន្តជាលក្ខណៈគ្រួសារ បន្ទាប់ពីលោកនាពេលកន្លងមកគឺច្រើនតែដើរកម្សាន្តតែឯង និងច្រើនទៅក្រៅប្រទេសក្នុងគម្រោងការងារ។ លោកថាក្រោយពីបានទៅដល់ប្រទេសសិង្ហបុរី ទើបលោកនឹកស្ដាយតែម្ដង ដែលលោកមិនបានរៀបចំកាមេរ៉ា និងអ្នកថតរូបមកជាមួយ ដើម្បីឆ្លៀតពេលផ្ដិតយកទិដ្ឋភាពនៅក្នុងប្រទេសសិង្ហបុរីដើម្បីដាក់បញ្ចូលក្នុងMV ថ្មីរបស់ខ្លួន។ លោកថាមកពីពេលដាក់គម្រោងមកកម្សាន្តលោកគិតឃើញតែរឿងលម្ហែកាយ ទើបមិនបាននឹកថាបើមានក្រុមអ្នកថតរូបមកជាមួយម្នាក់ គឺនឹងបានសាច់រឿង និងទេសភាពនៅក្រៅប្រទេសសម្រាប់MV ថ្មី។
លោកបានថ្លែងបញ្ជាក់ក្រោយពីបង្ហោះរូបភាពស្អាតៗពីប្រទេសសិង្ហបុរីថា«ដល់ពេលមកដល់ទើបនឹកស្ដាយមែនទែនបង បើខ្ញុំយកអ្នកថត(វីដេអូ)មកតែម្នាក់ បានទិដ្ឋភាពខ្លះយកទៅដាក់MV បាត់»។ លោកថាតារាភាគច្រើនដែលមានឱកាសបានចេញកម្សាន្តនៅក្រៅប្រទេស រមែងតែងឆ្លៀតផ្ដិតយកទេសភាពទាំងនោះមកដាក់បញ្ចូលក្នុងMV ថ្មី គឺប្លែកតែលោកដែលបានទៅលេងក្រៅប្រទេសច្រើនដង បូករួមទាំងគម្រោងមកដល់ប្រទេសសិង្ហបុរីរបស់លោក ដែលអត់បានត្រៀមទុករឿងនេះ។ យ៉ាងណាមិញ លោកថានឹងមានគម្រៀងរៀបចំក្រុមថតទៅថតនៅក្រៅប្រទេសសម្រាប់MV ថ្មីក្នុងបទណាមួយដោយខានមិនបាននោះទេ ដើម្បីអោយបទថ្មីរបស់លោកកាន់តែទទួលបានការចាប់អារម្មណ៍ក្រោយពេលចេញបង្ហោះ។
លោកសុគន្ធ ដេវីដ នឹងចាកចេញពីដំណើរកម្សាន្តនៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី នៅថ្ងៃទី១ កុម្ភៈ ដើម្បីត្រៀមខ្លួនបំបែកក្បាច់រាំ និងបង្ហាញខ្លួនក្នុងការប្រគំតន្ត្រីដែលបានកុងត្រា។ ក្នុងនោះលោកក៏ត្រៀមខ្លួនឡើងឆាកសប្បុរសធម៌របស់«គ្រួសារតារាកម្ពុជា»នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូងនៅថ្ងៃទី៥ កុម្ភៈ ក្នុងទិវារបរិច្ចាគឈាមប្រចាំឆ្នាំផងដែរ ដោយលោកនឹងត្រៀមបង្ហាញក្រុមរាំ និងក្បាច់រាំអោយកាន់តែរស់រវើក បន្ទាប់ពីបានបង្ហាញក្រុមរាំកាលពីក្នុងព្រឹត្តិការណ៍សប្បុរសធម៌របស់សកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីពាក់កណ្ដាលខែមករា កន្លងទៅ៕
មតិយោបល់