នៅថ្ងៃទី៥ កុម្ភៈ តារាសិល្បៈដែលត្រូវគេស្គាល់ថាជាតារាចាស់ថ្មីរបស់«គ្រួសារតារាកម្ពុជា»ប្រមាណរហូតដល់ជិត៦០រូប នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ដើម្បីបំផុសអោយមានការបរិច្ចាគឈាមប្រចាំរបស់ខ្លួន។
នេះជាការចូលរួមបំផុសរបស់តារាសិល្បៈលើកទី២ហើយ ដោយគ្រាន់តែតារាសិល្បៈចូលរួមនៅក្នុងឆ្នាំនេះ ត្រូវគេកត់សម្គាល់ថាមានសភាពផុលផុសជាងឆ្នាំមុន។
យោងតាមការប្រកាសលើផេក «គ្រួសារតារាកម្ពុជា» តារាៗដែលត្រូវគេស្គាល់ថាភាគច្រើនមានកេរ្តិ៍ឈ្មោះបោះសំឡេងយ៉ាងច្រើនកុះករ នឹងបង្ហាញខ្លួននៅក្នុងការប្រគំតន្ត្រីនៅសាលាកសិកម្មចំការដូងនេះ ដោយតារាម្នាក់ៗបានទាំងចែកក្រុមគ្នាទៅច្រៀង និងសម្ដែងពេលព្រឹក និងពេលរសៀល ដើម្បីធ្វើអោយទិវារបរិច្ចាគឈាមប្រចាំឆ្នាំរបស់និស្សិតនៅទីនោះកាន់តែមានទិដ្ឋភាពអ៊ូអរនោះផង។
តារាៗដែលគម្រោងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នោះរួមមាន អ្នកនាងខាត់ សុឃីម អ្នកនាងម៉ៅ ស៊ីណាត អ្នកនាងឈួន សុវណ្ណឆៃ លោកម៉ាដូណា លោកម៉េង ប៊ុនលី កញ្ញាប៉ុបពី កញ្ញាយ៉ែម ស្រីពេជ្រ អ្នកនាងឆ័យលី ដាឡែន អ្នកនាងអោក សុម៉ាលីតា តារាចម្រៀងមកពីកម្មវិធី Cambodian Idol រដូវកាលទី៣ តារាចម្រៀងមកពីផលិតកម្ម E Nation C2go ផលិតកម្មសាស្រ្តា និងតារាចម្រៀងOriginal Song យ៉ាងច្រើនកុះករ។
កម្មវិធីនេះនឹងបើកការប្រគំតន្រ្តីចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៥ល្ងាច ដើម្បីបំផុសអោយមានការបរិច្ចាគឈាមពីសំណាក់និស្សិតនៅក្នុងសកលវិទ្យាល័យទាំងមូលប្រគល់ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ តារាៗដែលមានឈ្មោះច្រៀងរាំនៅក្នុងពិធីនេះ ក្រៅពីទទួលបានកិត្តិយសពីការទទួលបានប័ណ្ណសរសើរ ក៏នឹងត្រូវបានប្រកាសថានឹងទទួលបានកញ្ចប់ឈាមត្រឡប់មកវិញ គ្រប់ពេលដែលសមាជិកគ្រួសារ ឬសមាខ្លួនជាតារាទាំងនេះ មានតម្រូវការឈាមដោយចាំបាច់ណាមួយនោះផងដែរ។
លោកផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាប្រកាសថាកម្មវិធីនេះមានគោលបំណងតែមួយគត់ បំផុសអោយមានការបរិច្ចាគឈាមអោយបានច្រើន និងលុបបំបាត់ទស្សនៈការបរិច្ចាគឈាមប្រគល់អោយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីអោយស្ថាប័នមួយនេះ ឬមន្ទីរពេទ្យមានឈាមពីសប្បុរសជនកាន់តែច្រើនដើម្បីយកទៅលក់។ លោកថាគ្រួសារតារាកម្ពុជានឹងធ្វើអោយមានការរួមគ្នាជួយបំផុសលើករណីនេះ ហើយអ្វីដែលការចូលរួមនេះកំណត់ធ្វើឡើងគឺដើម្បីអោយតែមជ្ឈមណ្ឌលជាតិផ្ដល់ឈាមមានឈាមគ្រប់គ្រាន់ដើម្បីសង្គ្រោះដល់អ្នកជំងឺប៉ុណ្ណោះ។
ការប្រគំតន្ត្រីនេះលោកថានឹងមានការផ្សាយផ្ទាល់នៅលើផេកPost News Media និងផេក Post komsan និងផេក «គ្រួសារតារាកម្ពុជា» ចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៥ល្ងាច៕
មតិយោបល់