គ្មានអ្នកណានឹកស្មាននោះទេ ថាតារាចម្រៀងដែលធ្លាប់មានប្រវត្តិចេញសម្ដែងដល់ទៅទឹកដីអាមេរិក និងប្រទេសមួយចំនួនផ្សេងទៀត ស្រាប់តែត្រូវស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាបដិសេធមិនអោយធ្វើដំណើរទៅកាន់ប្រទេសនេះ ដោយលោកហេតុផលថាខ្លាចលោកបានចេញទៅដល់កូរ៉េហើយមិនព្រមត្រលប់មកវិញ។ លោកត្រូវស្ថានទូតកូរ៉េច្រានចោល ក្នុងគម្រោងស្នើសុំចេញសម្ដែងក្នុងគម្រោងសប្បុរសធម៌ធំមួយ ដែលរៀបចំដោយអង្គការ«ខ្ញុំខ្មែរ» ក្នុងបំណងរ៉ៃអង្គាសថវិកាជួយដល់ស្រ្តីមេម៉ាយ និងក្មេងៗក្រីក្រនៅកម្ពុជា និងដើម្បីយកឱកាសទៅច្រៀងរាំអោយពលករខ្មែរធ្វើការទីនោះរីករាយកុំអោយនឹកស្រុក។
លោក ហាក់ ធៀមុនី ដែលត្រូវគេស្គាល់ថាជាអ្នកចាត់ចែងឯកសាររបស់តួរត់ចាំចុះឡើងៗតំណាងឲ្យអង្គការខ្ញុំខ្មែរ បានអះអាងថាក្នុងចំណោមតារាចម្រៀងច្រើនរូបដែលបានរត់ការអោយចេញសម្ដែងនៅក្នុងប្រទេសកូរ៉េនាពាក់កណ្ដាលខែកុម្ភៈនេះ លោកអ៊ាម វន្នី ត្រូវបានស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាសម្រេចមិនអោយទិដ្ឋាការនោះទេ បើទោះជាលោកព្យាយាមប្រគល់អោយនូវឯកសារពាក់ព័ន្ធដើម្បីអោយបានចេញរួច។ លោកថាស្ថានទូតកូរ៉េបានអះអាងថាលោកវន្នី ខ្វះខាតឯកសារមួយចំនួន ហើយដោយសារតែការស្វះស្វែងរកឯកសារនោះមិនបានទាន់ពេលផង ទើបការផ្ដល់ទិដ្ឋាការមិនអាចផ្ដល់បាន។ លោកសម្ដែងអារម្មណ៍សោកស្ដាយ ដែលក្នុងចំណោមតារាចម្រៀងល្បីៗ ដែលអង្គការខ្ញុំខ្មែរបានគម្រោងយកទៅ បែរជាធ្លាក់លោកអ៊ាម វន្នី ក្នុងពេលដែលលោកក៏បានត្រៀមខ្លួនរួចអស់ទៅហើយសម្រាប់គម្រោងចេញច្រៀងបែបសប្បុរសធម៌នោះ។ លោកថានេះមួយរយៈចុងក្រោយស្ថានទូតកូរ៉េបានផ្ដល់លក្ខណ្ឌតឹងតែង ដោយទាមទារអោយមានការធានាច្បាស់លាស់ពីសំណាក់ក្រុមហ៊ុនដែលតារាម្នាក់ៗចង់ទៅសម្ដែង ដោយមានការទាំងធានាយ៉ាងម៉ត់ចត់ពីម្ចាស់ក្រុមហ៊ុនដែលបានអនុញ្ញាតិច្បាប់អោយចេញទៅកូរ៉េនោះផង ដើម្បីធានាថាតារានោះក្រោយអស់សុពលភាពស្នាក់នៅនៅកូរ៉េត្រូវតែត្រលប់មកវិញតាមកំណត់។ ក្នុងនោះសូម្បីតែប្រាក់តម្កល់ក្នុងប្រព័ន្ធធនាគាររបស់តារាម្នាក់ក៏ត្រូវច្បាស់់លាស់ និងមានចំនួនច្រើនពាន់ដុល្លារជាដាច់ខាតផងដែរ ដោយលោកបានអះអាងថាមិនធ្លាប់ចេញសម្ដែងទៅកាន់ប្រទេសណាពិបាកដូចរត់ច្បាប់ទៅសម្ដែងនៅកូរ៉េលើកនេះនោះផង។
លោកហាក់ ធៀមុនី និយាយថាហេតុផលដែលការរត់ច្បាប់មានភាពតានតឹងគឺដោយសារតែស្ថានទូតកូរ៉េ ទើបតែដូរអគ្គកុងស៊ុលថ្មី និងដោយសារតែកុងត្រាថ្មីបានអះអាងថាមានពលរដ្ឋខ្មែរច្រើននាក់ដែលបានទៅដល់ហើយអត់មកវិញ ដោយសម្ងំធ្វើការងារនៅក្នុងប្រទេសនោះ បង្កការលំបាកក្នុងការអោយចេញ។ យ៉ាងណាក៏ដោយ លោកថាតារាៗដែលបានទទួលទិដ្ឋាការក៏សុទ្ធតែជាតារាល្បីៗ និងមានកេរ្តិ៍ឈ្មោះបោះសំឡេងផងដែរ ដោយគ្រាន់តែលោកបង្ហាញអារម្មណ៍ខកចិត្តដែលមិនអាចធានាអោយលោកអ៊ាម វន្នី បានចេញសម្ដែងដូចការគ្រោងទុកប៉ុណ្ណោះ។ លោកថាគម្រោងរបស់អង្គការខ្ញុំខ្មែរ នឹងចាកចេញពីកម្ពុជានៅថ្ងៃទី១៣ កុម្ភៈ ដោយគម្រោងសម្ដែងនៅក្នុងប្រទេសកូរ៉េចំនួន២លើក ក្នុងរយៈពេលស្នាក់នៅ២សប្ដាហ៍នោះ៕
មតិយោបល់