កូរ៉េៈ ក្រោយការអញ្ជើញរបស់គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងមកកាន់ប្រទេសកូរ៉េខាងត្បូង និងការស្នើមេដឹកនាំកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ទៅធ្វើកិច្ចប្រជុំកំពូលមួយ នៅទីក្រុងព្យុងយ៉ាង អ្នកវិភាគមួយចំនួន បាននិយាយថា អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងការទូតរបស់រដ្ឋាភិបាលអាមេរិក ក្នុងការដាក់សម្ពាធលើកូរ៉េខាងជើង ឲ្យលះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។
មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញលោក មូន ជែអ៊ីន ធ្វើដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង តាមរយៈប្អូនស្រីរបស់លោក បន្ទាប់ពីលោកស្រី គីម យ៉ូចុង បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុង PyeongChang ។
សម្រាប់គំនិតផ្ដួចផ្ដើមឲ្យមានទំនាក់ទំនងការទូតរវាងកូរ៉េទាំងពីរ ដោយក្រុងព្យុងយ៉ាងនេះ បានកើតឡើងចំពេលដែលមានការកើនឡើងនូវការដាក់សម្ពាធពីអន្តរជាតិ ជាអតិបរមាទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកការទូតលើរបបដឹកនាំកូរ៉េខាងជើង។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិភាគនានានៅអាមេរិក បាននិយាយថា វិធានការរបស់កូរ៉េខាងជើង អាចធ្វើឲ្យលោក មូន ជែអ៊ីន មានការខ្វែងគំនិតគ្នា ជាមួយនឹងរដ្ឋាភិបាលលោក ត្រាំ៕

មតិយោបល់