ព័ត៌មានសិល្បៈ និងកម្សាន្ត

ចេន សាយចៃ ថ្ងូរអាណិតមេថោន

ខុសពីតារាចម្រៀងភាគច្រើនដែលបង្ហាញការអន់ចិត្តចំពោះផលិតកម្មថោន ដែលបញ្ចេញបទឲ្យខ្លួនបានច្រៀងមិនបានទាន់ចិត្ត ហើយមានគម្រោងវិចបង្វិចជាបណ្ដើរៗចាកចេញ សម្រាប់តារាចម្រៀងសំនៀងរដឺន អ្នកនាង ចេន សាយចៃ ក្រៅពីបានប្រកាសជំហរថានឹងមិនរត់ទៅណាចោលទ្រនំថោន ក៏បានលើកឡើងពីការអាណិតចំពោះមេថោនជុំវិញការបើកផលិតកម្មនោះទៅវិញ។

នេះជាការលើកឡើងមួយកម្រចេញពីមាត់តារាល្បីម្នាក់ ដែលត្រូវគេដឹងថាមិនខ្វះផលិតកម្មរង់ចាំបើកទ្វារទទួល ប្រសិនបើអ្នកនាងចង់ហក់ចូលទ្រនំមួយថ្មី ដូចគ្នានឹងមាស សុខសោភា ដែលត្រូវគេទម្លាយថាបានកុងត្រាចូលហង្សមាស ព្រោះតែដាច់អាល័យនឹងថោននោះ។

អ្នកនាងចេន សាយចៃ និយាយថា ថ្វីត្បិតតែក្រោយចូលជ្រកនៅក្នុងផលិតកម្មថោន អ្នកនាងជួនក៏មានបទចេញច្រើន និងជួនក៏គ្មានបទវាយលុកទីផ្សារ ប៉ុន្តែអ្នកនាងថាសប្បាយចិត្តណាស់ ដែលបានធ្វើការជាមួយផលិតកម្មមួយនេះ ជាពិសេសគឺបន្ទាប់ពីអ្នកនាងបានទទួលការយកចិត្តទុកដាក់ពីថៅកែដោយផ្ទាល់តែម្ដង គឺអ្នកស្រីជួប មាន។ អ្នកនាងថា ការបើកផលិតកម្មចម្រៀងសព្វថ្ងៃមិនខុសពីយកលុយទៅចោល ដើម្បីឲ្យតារាចម្រៀងម្នាក់ៗមានកេរ្តិ៍ឈ្មោះបោះសំឡេង និងមានទីផ្សារនោះទេ ដោយសារតែក្រោយផលិតបាន គឺមិនអាចលក់ជាឌីសបានលុយនោះទេ ខណ:ដែលការទទួលបានចំណូលពីការដាក់សំឡេងនៅតាមក្រុមហ៊ុនទូរស័ព្ទ និងយូធូប ក៏មិនសូវបានផល។ ម្យ៉ាងមកពីផលិតកម្មថោន មិនមានគោលការណ៍កាត់លុយអ្នកនាងក្នុងពេលដែលអ្នកនាងចេញច្រៀងនៅគ្រប់កម្មវិធីនោះផង ទើបអ្នកនាងយល់ថារឹតតែអាណិតថៅកែផលិតកម្មថោន នៅពេលឃើញផលិតកម្មមួយនេះបោះទុនផលិតចម្រៀងជួយឲ្យតារាៗមានការងារម្ដងៗ។

អ្នកនាងបានថ្លែងក្នុងដំណើរចេញទៅសម្ដែងនៅក្នុងប្រទេសកូរ៉េថា«រាល់ថ្ងៃខ្ញុំអត់ដឹងថាថោនបានចំណេញពីណា បើចំណាយលើក្រុមផលិតចម្រៀង និងថតMV ផង អ៉ីចឹងហើយបានខ្ញុំរាល់ថ្ងៃ អត់ដែលមានអន់ចិត្តរឿងផលិតកម្មចេញបទឲ្យយឺតយ៉ាវ ឬមិនចេញនោះទេ ព្រោះតារាៗយើងច្រើន ហើយមេរាល់ថ្ងៃខ្ញុំឃើញតែខាតរហូត ចឹងបើបានចេញក៏អរ បើមិនចេញក៏អត់ដែលឆ្ងល់!»។ អ្នកនាងថានៅក្នុងផលិតកម្មថោនរាល់ថ្ងៃ មានតារាចម្រៀងសរុបមិនក្រោម៣០នាក់នោះទេ ដោយអ្នកនាងបានចាត់ទុកថា ប្រសិនបើអ្នកនាងមិនមានបទចម្រៀងចេញច្រើន ក៏មិនខុសពីការរួមចំណែកជួយថោនបានបោះបទឲ្យតារាថ្មីបានច្រៀង ដើម្បីបណ្ដុះអ្នកក្រោយនោះផង។

អ្នកនាងថាអ្នកខ្លះអន់ចិត្តរឿងថោនលើកនេះ មិនអើពើនឹងអ្នកនោះ ប៉ុន្តែសម្រាប់អ្នកនាងតាំងពីបានចូលច្រៀង គឺមានតែអាណិតថៅកែ និងអ្នកចាត់ការទូទៅគឺលោកករុណា ពេជ្រ ទៅវិញទេ ដែលទទួលសម្ពាធគ្រប់គ្រងតារាមួយដ៏ធំ ហើយដល់ពេលបែងចែកបទចម្រៀងឲ្យតួមិនស្មើក៏មានរឿងអន់ចិត្ត ដោយអ្នកនាងថាបណ្ដាលមកពីតារាមួយចំនួនមិនស្គាល់ពីទុក្ខលំបាករបស់អ្នកគ្រប់គ្រង និងមិនស្គាល់ពីសមត្ថភាពរបស់ខ្លួន។

អ្នកនាងថាច្រៀងនៅថោនរាល់ថ្ងៃ អត់មានកុងត្រានោះទេ ប៉ុន្តែអ្នកនាងសប្បាយចិត្តដែលថោនបើកផ្លូវឲ្យអ្នកនាងចេញច្រៀងតាមចិត្ត ដោយមិនដែលកោសរូសកាត់លុយសូម្បីតែមួយសេន ហើយមានតែសួរសុខទុក្ខជាប្រចាំ ថាតើអ្នកនាងអន់ចិត្តដែរទេ នៅពេលដែលក្រទម្លាក់បទឲ្យ ឬពេលទម្លាក់បទឲ្យបានតិចជាងគេជាដើម។

អ្នកនាងចេន សាយចៃ បន្តថា មកទល់ពេលនេះមានផលិតកម្មធំៗជាគូប្រជែងរបស់ថោនជាច្រើនបានទំនាក់ទំនងឲ្យនាងទៅច្រៀង តែអ្នកនាងប្រកាសថាអត់រត់ចោលថោនទេ បើថោននៅតែបន្តយកអ្នកនាងធ្វើជាតារាចម្រៀងម្នាក់។ អ្នកនាងបាននៅតែបន្តថ្ងូរអាណិតមេៗនៅថោន ដែលប្រឹងធ្វើការដើម្បីតារាចម្រៀងគ្រប់រូប ហើយពេលខ្លះមិនទទួលបានការសរសើរចេញពីមាត់តារាឲ្យបានគ្រប់គ្នានោះផង៕

មតិយោបល់