ព័ត៌មានអន្តរជាតិ

សង្រ្គាមស៊ីរី ដោយយន្តហោះទម្លាប់គ្រាប់បែក សម្លាប់មនុស្សរហូតដល់ ២៥០ នាក់

ស៊ីរី: ចំនួនអ្នកស្លាប់ដោយសារយន្តហោះទម្លាប់គ្រាប់បែក ក្នុងរយ:ពេល២ថ្ងៃ ពីសំណាក់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅតំបន់ដែលកាន់កាប់ដោយពួកឧទ្ទាម បានកើនឡើងដល់ ២៥០ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨។

នេះគឺជាអំពើហឹង្សាដ៏អាក្រក់បំផុត មិនធ្លាប់មាននៅក្នុងតំបន់ Eastern Ghouta ជិតនឹងទីក្រុងដាម៉ាស ចាប់តាំងពីឆ្នាំ ២០១៣ កន្លងមក ដោយក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានកុមារជាង ៥០នាក់ ។

អង្គការសហប្រជាជាតិ បានព្រមានថា ស្ថានភាពនៅក្នុងប្រទេសស៊ីរី នៅពេលនេះ មិនអាចគ្រប់គ្រងបានទៀតនោះ ខណ:ដែលរដ្ឋាភិបាលស៊ីរី បានបញ្ជូនកងកម្លាំងខ្លួន ដើម្បីប្រឆាំងនឹងការវាយលុករបស់ទាហានតួកគី ទៅលើកងជីវពល YPG នៅភាគខាងជើងប្រទេសស៊ីរី។

ពាក់ព័ន្ធនឹងបញ្ហានេះ យោធាស៊ីរីមិនបានធ្វើអត្ថាធិប្បាយស្តីពីរបាយការណ៍នៅតំបន់ Eastern Ghouta នោះទេ ប៉ុន្តែបាននិយាយថា ពួកគេបានអនុវត្តការវាយប្រហារដែនអាកាសដ៏ជាក់លាក់ នៅលើតំបន់ដែលគ្រាប់បែកទាំងនោះ ត្រូវបានគេចាប់ផ្តើមទម្លាក់។

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយថា យ៉ាងហោចណាស់មន្ទីរពេទ្យចំនួន ៦ ត្រូវបានរងការវាយប្រហារ នៅក្នុងតំបន់នោះ កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ៕

មតិយោបល់