ក្នុងប៉ុន្មានថ្ងៃនេះ អ្នកដឹកនាំសម្ដែងល្បីឈ្មោះប្រចាំផលិតកម្មថោន លោក Rith Omega (រិទ្ធិ អូមេហ្គា) ត្រូវគេឃើញដើរតួជាអ្នកបោះដុំបាយក្ដាំងពិសេសយ៉ាងមមាញឹកនៅខេត្តបាត់ដំបង ក្នុងពេលដែលលោកត្រូវគេដឹងថាសឹងតែដកឃ្លាមិនរួចពីការដឹកនាំផលិតបទចម្រៀង ជាពិសេសបូករួមទាំងMV សម្រាប់ត្រៀមឱកាសបុណ្យចូលឆ្នាំខ្មែរនេះផង។ លោកអះអាងថា មុខរបរបាយក្ដាំង ដ្បិតថាមើលទៅសមញ្ញ ហើយមិនសមនឹងមុខមាត់របស់លោកក៏ពិតមែន ប៉ុន្តែលោកថាប្រាក់ចំណេញគឺចង់ក្រែលជាងការងារមុខជំនួញបើកហាងកាហ្វេ ឆប់ឆាហ៍ នោះផង។
លោក រិទ្ធ អូមេហ្គា និយាយថា តាំងពីថ្ងៃទី២០ កុម្ភៈ មកម្លេះ ដែលលោកសម្រេចចិត្តបើកលក់បាយក្ដាំងពិសេសមួយមុខទៀតបន្ថែមពីលើមុខរបរបើកហាងឆប់ឆាហ៍នៅខេត្តបាត់ដំបង ដោយបាយក្ដាំងនេះគឺលោក និងភរិយារបស់លោកជាអ្នកដាំខ្លួនឯង មិនមែនជាបាយក្ដាំងទិញពីខាងក្រៅ ហើយយកមកលាយម្ទេស និងគ្រឿងផ្សំ ធ្វើអោយមានរសជាតិប្លែក ដែលលោកបញ្ជាក់ថាមិនមានសារធាតុគីមី ឬខ្វះអនាម័យ។ លោកថាមុខរបរនេះ គ្រាន់តែបើកលក់ភ្លាម គឺមានអ្នកកុម្ម៉ង់ក្នុងមួយថ្ងៃៗគ្មានសល់ ដោយក្នុងមួយថ្ងៃលោកធ្វើតម្រូវត្រឹមតែ៣០គីឡូក្រាម ក៏លក់មិនទាន់នោះដែរ។
អ្វីដែលលោកសប្បាយចិត្តគឺបាយក្ដាំងរបស់លោកគ្រាន់តែផុសលក់ភ្លាម ក៏មានការកុម្ម៉ង់ទិញទៅកាន់ប្រទេសកូរ៉េ និងមកភ្នំពេញរហូតដល់ថ្នាក់ផលិតមិនទាន់អោយភ្ញៀវ។ លោកកំពុងដំឡើងឆ្នាំងដាំបាយម្ដង៤ឆ្នាំង ក្រោយពីបើកលក់ក្នុងថ្ងៃដំបូងហើយមានការកុម្មង់ដល់ថ្នាក់លក់មិនទាន់ ហើយក្នុងពេលខាងមុខលោកក៏ប្រកាសថានឹងដំឡើងឆ្នាំងដាំអោយបានដល់១០ឆ្នាំង និងដំឡើងក្រុមផលិតបាយក្ដាំងពិសេសអោយបានច្រើននាក់ផងដែរ ដើម្បីធ្វើអោយអាជីវកម្មមួយនេះកាន់តែមានប្រាក់ចំណូល។
លោកថាបាយក្ដាំងរបស់លោកគឺលក់ជាទម្ងន់គីឡូ ដោយក្នុងមួយគីឡូតម្លៃ៤ម៉ឺនរៀល ហើយភាគច្រើនអោយតែនៅពេលព្រឹកគឺអ្នកទិញមកយកមិនទាន់នោះទេ ដោយត្រូវកុម្ម៉ង់ទុកមួយថ្ងៃ ឬពីល្ងាចទើបអាចទិញបាន។
លោកថាមុខរបរបាយក្ដាំង កំពុងធ្វើអោយលោកកាក់កប ហើយលោកក៏មិននឹកស្មានថាមុខរបរលេងៗនេះ បានជួយអោយលោកទទួលបានប្រាក់ចំណូលក្រាស់ក្រែលមិនចាញ់បើកហាងឆប់ឆាហ៍ និងមុខរបរបើកភោជនីយដ្ឋានដែលលោកបានបើកនៅឯកោះពេជ្រនោះទេ។
មតិយោបល់