ព័ត៌មានសិល្បៈ និងកម្សាន្ត

Step បង្ហាញភាពខុសគ្នារវាងពេជ្រ សោភា និង រ៉េត ស៊ូហ្សាណា

នៅក្នុងផលិតកម្មហង្សមាសគេកត់សម្គាល់ថាតារាចម្រៀងវ័យក្មេង លោក សុខ វិបុល ហៅ Step មិនទាន់ប្រាកដពីដៃគូជាមួយតារាចម្រៀងស្រីណាម្នាក់ឲ្យដាច់ឡែកតែម្ដងដូចគ្នានឹងលោក ជីដេវីត នោះទេ ដោយលោកត្រូវហង្សមាសចាត់ឲ្យចាប់ដៃជាមួយអ្នកនាង ពេជ្រ សោភា និងកញ្ញា រ៉េត ស៊ូហ្សាណា ទន្ទឹមគ្នាតែម្ដង។ លោកបានទាំងប្រកាន់ជំហរថាមិនចោលដៃគូណាមួយក្នុងចំណោមអ្នកទាំងពីរ ដោយបង្ហាញឲ្យឃើញនូវភាពខុសគ្នា ដែលនាំឲ្យលោកត្រូវតែចាប់ឲ្យជាប់ដោយមិនឲ្យរបូតអ្នកណាម្នាក់នោះផង។

លោក Step និយាយថា រវាងពេជ្រ សោភា ជារៀមច្បង និងតារាស្រករក្រោយរ៉េត ស៊ូហ្សាណា មិនឲ្យលោកទម្លាក់ចោលអ្នកណាម្នាក់ ដើម្បីចាប់ជាដៃគូផ្ដាច់មុខរបស់អ្នកណាម្នាក់ដូចគ្នា នឹងកញ្ញា ទេព បូព្រឹក្ស ដែលមានតែជីដេវីត ជាដៃគូបានទេ ដោយសារតែអ្នកទាំងពីរសុទ្ធតែសំខាន់ចំពោះវិស័យចម្រៀងខ្លួនដូចគ្នា។ ស្របគ្នាដែលផលិតកម្មហង្សមាស ក៏ចង់ឲ្យលោកបន្តចាប់ដៃជាមួយអ្នកទាំងពីរទាំងក្នុងវិស័យចម្រៀង និងការសម្ដែងផងនោះ ទើបលោករឹតតែចង់ចាប់ដៃ ដោយមិនមានគម្រោងចាប់យកអ្នកណាម្នាក់ធ្វើជាដៃគូផ្ដាច់មុខបាន។ ជាក់ស្ដែងមកទល់សព្វថ្ងៃលោកនៅតែមានបទចម្រៀងច្រៀងគូជាមួយអ្នកទាំងពីរ ដោយសម្រាប់បទចូលឆ្នាំគឺចាប់ដៃច្រើនជាមួយនឹងពេជ្រ សោភា ហើយសម្រាប់បទជារបៀបយុវវ័យគឺមានបទជាច្រើនជាមួយកញ្ញា រ៉េត ស៊ូហ្សាណា ដែលមិនទាន់ចេញលក់។

លោកថាតារាទាំងពីរមិនធ្វើឲ្យច្របូលប្របល់ស្ទីលនោះទេ ដោយសារតែជាមួយពេជ្រ សោភា គឺសម្រាប់បំពេញបំណងអ្នកចូលចិត្តក្បាច់រាំ និងស្ទីលរបៀបបែកស្លុយ ឬរបៀបសប្បាយៗប្លែកៗ ហើយជាមួយកញ្ញា ស៊ូហ្សាណា គឺសម្រាប់បែបស្ទីលយុវវ័យ ដូចជាយុវវ័យខ្យូតៗ និងស្ទីលស្នេហាសម្រាប់ក្មេងៗជាដើម។ លោកសរសើរថាតាំងពីចាប់ដៃជាមួយអ្នកទាំងពីរបានធ្វើឲ្យលោកកាន់តែលេចធ្លោរ ហើយលោកក៏នឹងមានស្ទីលដោយឡែកៗច្រើនទៀតសម្រាប់ការចាប់ដៃជាមួយអ្នកទាំំងពីរ ចេញអង្រួនទាំងឱកាសចូលឆ្នាំ និងក្រោយចូលឆ្នាំខាងមុខ ដើម្បីវាយលុកទីផ្សារ។ លោកថាជាមួយអ្នកនាងពេជ្រ សោភា និងកញ្ញា រ៉េត ស៊ូហ្សាណា អត់មានអ្នកណាពិបាកឲ្យលោកសម្ដែងជាមួយនោះទេ ដោយសារតែអ្នកទាំងពីរសុទ្ធតែធ្វើឲ្យលោកមិនត្រូវលេងស្ទីលដដែល ហើយស្ទីលស្នេហាយុវវ័យ និងស្ទីលបែកស្លុយ គឺលោកសុទ្ធតែចូលចិត្តដូចគ្នា។

យ៉ាងណាមិញ លោកថាសម្រាប់ស្ទីលរ៉េប និងស្ទីលបែកស្លុយជាមួយអ្នកនាង ពេជ្រ សោភា បានធ្វើឲ្យលោកមានការទទួលស្គាល់ច្រើនជាង ជាពិសេសក្រោយការចាប់ដៃ ហើយមានការលើកស្ទួយបន្ថែមពីតារាស្រីរូបនេះ ដែលធ្វើឲ្យលោកកាន់តែមានស្ទីលបែកស្លុយជាច្រើនទៀត បំពេញទីផ្សារ។ លោកថានឹងមានបទជាច្រើនជារបៀបស្លុយៗជាមួយអ្នកនាងពេជ្រ សោភា សម្រាប់ឱកាសបុណ្យចូលឆ្នាំនេះ ដោយលោករំពឹងថាបទចម្រៀងទាំងនោះក្រោយពេលថតចប់នឹងទទួលបានការគាំទ្រខ្លាំងក្លានោះផង។

លោក Step បន្តថា លោកមិនទាន់ដឹងថាតើខ្លួននឹងមានការសម្ដែងភាពយន្តរបស់ហង្សមាសជាលើកទី២នៅពេលខាងណាមួយច្បាស់លាស់នោះទេ ដោយសារតែបញ្ហានេះគឺការសម្រេចចិត្តរបស់ហង្សមាស តែលោកនឹងត្រៀមខ្លួនធ្វើតាមការទម្លាក់ការងាររបស់ហង្សមាសគ្រប់ទម្រង់ បូករួមទាំងឲ្យលោកចាប់ដៃជាមួយអ្នកណាៗដើម្បីឲ្យប្លែកភ្នែកមហាជនផង៕

មតិយោបល់