ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការចែកចាយព័ត៌មានស្ដីពីការរៀបចំព្រឹត្តិការណ៍ Pool Party ជាទ្រង់ទ្រាយធំមិនធ្លាប់មាន នៅយប់ថ្ងៃទី៨ ខែតុលានេះក្នុងប្រទេសកម្ពុជា។ ព្រឹត្តការណ៍នេះត្រូវគេឃើញធ្វើឡើងស្ទើរតែគ្រប់ប្រទេសទៅហើយនៅលើពិភពលោក ជាពិសេសគឺនៅតាមបណ្ដាប្រទេសធំៗដើម្បីទាក់ទាញក្រុមអ្នកទេសចរ។
ប្រមាណជា៣-៤ឆ្នាំចុងក្រោយ មានមនុស្សស្ថិតក្នុងសង្គមស៊ីវិល័យតិចណាស់ មិនស្គាល់ព្រឹត្តិការណ៍ Pool Party ដែលគេធ្វើឡើងនៅតាមបណ្ដាប្រទេសនានា ដោយមានការប្រគុំតន្ត្រី រាំច្រៀង និងលេងល្បែងកម្សាន្តនៅក្នុងអាងទឹកដ៏ធំដើម្បីជួបជុំគ្នា។ បណ្ដាប្រទេសនៅទ្វីបអ៊ឺរ៉ុប អាមេរិច និងប្រទេសជិតខាងកម្ពុជា សុទ្ធតែធ្វើព្រឹត្តិការណ៍នេះជាទ្រង់ទ្រាយធំ ដើម្បីពង្រីកសក្កានុពលទេសចរណ៍របស់ខ្លួន លើកលែងតែកម្ពុជាដែលមិនទាន់មានអ្នកបោះទុនរៀបចំ។ ព្រឹត្តិការណ៍នេះតម្រូវឲ្យអ្នកចូលរួមស្លៀកពាក់ជាឈុតហែលទឹក រាំងលេងក្នុងអាងហែលទឹក និងទស្សនា ការសម្ដែងលើទឹកយ៉ាងកងរំពង អមជាមួយនិងការទទួលទានអាហារនៅក្នុងបរិយាកាសមួយដ៏រ៉ូមែនទិច។ ជាមួយនឹងការតុបតែងកែងដោយឈុតហែលទឹកទាំងប្រុសទាំងស្រុងនេះហើយ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនៅពេលព្រឹត្តិការណ៍ Pool Party ត្រូវបានប្រកាសធ្វើឡើងនៅកម្ពុជា។
លោកប៉ានី វីរៈរិទ្ធ ប្រធានផ្នែកផលិតកម្មវិធីរបស់ Clips Media និងជាអ្នកប្រកាសធ្វើព្រឹត្តិការណ៍នេះបានអះអាងថា បើទោះជា Pool Party របស់ពិភពលោកត្រូវកំណត់ឲ្យអ្នកចូលរួមស្លៀកពាក់ស្លីប និងប៊ីកានីដើម្បីចូលរួម ក៏ការរៀបចំនៅក្នុងប្រទេសកម្ពុជានាយប់ថ្ងៃទី៨ តុលា នៅសណ្ឋាគារសុខាភ្នំពេញ ត្រើយម្ខាងទល់មុខព្រះបរមរាជវាំងនេះ គឺមិនតម្រូវដូច្នេះទេ។ លោកថាបណ្ដាភ្ញៀវដែលទិញសំបុត្រចូលរួមគ្រាន់តែពាក់អាវយឺត និងខោខ្លីដែលអាចលេងទឹកបានគឺគ្រប់គ្រាន់។ ព្រឹត្តិការណ៍នេះលោកថាគ្រាន់តែបានប្រកាសភ្លាមមានការកក់សំបុត្រជាមុនប្រមាណជា រាប់រយសំបុត្ររួចមកហើយ ដោយខាងអ្នករៀបចំនឹងកំណត់លក់សំបុត្រត្រឹមតែ៥០០សំបុត្រប៉ុណ្ណោះ។ លោកថាព្រឹត្តិការណ៍នេះគ្រាន់តែឆាកតន្ត្រីមានទំហំជាង២០ម៉ែត្រ ខណៈដែលនៅជុំវិញអាងហែលទឹក និងជុំវិញឆាកតន្ត្រីមានការរៀបចំភ្លើងពណ៌យ៉ាងឥតខ្ចោះ ដើម្បីកុំឲ្យអន់ជាងដាច់ឆ្ងាយនឹងព្រឹត្តិការណ៍Pool Party នៅក្រៅប្រទេស។
លោកនិយាយថា«កម្មវិធីនេះ បើនិយាយទៅអត់ចំណេញទេ ព្រោះយើងលក់សំបុត្រតែ៣៧ដុល្លារ ដែលតម្លៃនេះគ្រាន់តែចំណាយលើប៊ុហ្វេរបស់សណ្ឋាគារវិញគឺអស់ទៅហើយ ប៉ុន្តែចង់ឲ្យបរទេសដឹងថាកម្ពុជាក៏មានលទ្ធភាពរៀបចំព្រឹត្តិការណ៍នេះបាន ទើបយើងសម្រេចយកតារាចម្រៀងសុទ្ធតែល្បី ឆាកក៏ធំ ហើយខ្ញុំធានាថាអ្នកចូលរួមនឹងប្លែកជាមួយនឹងការរៀបចំនោះ!»។ លោកថាព្រឹត្តិការណ៍ Pool Party ដែលកម្ពុជាធ្វើឡើងនៅថ្ងៃទី៨ តុលា នឹងតម្រូវឲ្យភ្ញៀវកម្សាន្តជាមួយល្បែងក្នុងទឹក និងរាំលេងតាំងពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១១យប់ មិនចាញ់ព្រឹត្តិការណ៍របស់អន្តរជាតិនោះទេ ខណៈដែលតម្លៃ៣៥ដុល្លារ ក៏ទទួលបានការហូបចុកដោយសេរីជាមួយអាហារ និងភេសជ្ជៈ យ៉ាងសម្បូបែបរហូតដល់ចប់កម្មវិធី៕
មតិយោបល់