ព័ត៌មានសិល្បៈ និងកម្សាន្ត

ការពិតស្ថានភាពដល់ម្លឹងសោះ ទើប Rith Omega ចេញលក់បាយក្ដាំង

ក្នុងជំនួបដោយផ្ទាល់ជុំវិញមូលហេតុដែលនាំឲ្យផលិតករល្បីឈ្មោះ លោក Rith Omega ងាកមកលក់បាយក្ដាំងនៅលើអនឡាញយ៉ាងសកម្ម លោកបានសារភាពថាហេតុផលដែលនាំឲ្យលោក និងភរិយាស្រវាស្រទិញនឹងមុខរបរយ៉ាងសាមញ្ញថ្មីនេះ គឺបណ្ដាលមកពីយីអ៊ុនប្ដីប្រពន្ធលោកធ្លាក់ពេញ៣ខែ ដែលធ្វើឲ្យលោកចង់ខ្យល់មុនលក់បាយក្ដាំងប្រាកដមែន។ លោកថាទើបតែដើមខែមីនានេះទេ ដែលលោកចាប់ផ្ដើមមើលឃើញពីភាពស្ទុះឡើងជាថ្មីនៃប្រាក់ចំណូល ដែលលោកបានហៅរយៈពេលនេះថា ជាការស្ដារឡើងវិញនូវមុខរបរធំៗរបស់ខ្លួនដែលស្រកចុះប្រាក់ចំណូលនោះផង។

លោក Rith Omega និយាយថា ក្រោយពេលលោករៀបការស្ថានភាពមុខជំនួញរបស់លោកជួបភាពស្មុគស្មាញយ៉ាងខ្លាំង ជាពិសេសគឺមុខជំនួញបើកហាងឆប់ឆាហ៍នៅខេត្តបាត់ដំបង ដែលលោកបានសារភាពថា គឺបានទាក់ទាញយុវវ័យក្មេងៗតែមួយឆាវ ក៏ធ្លាក់ចុះខ្សោយដោយសារតែមានហាងថ្មីៗមកបើកបន្តបន្ទាប់ ហើយធ្វើឲ្យក្មេងដែលមានចំណូលចិត្តសាកល្បងលើរសជាតិថ្មីៗទាំងនោះ ផ្លាស់ប្ដូរការគាំទ្រពីហាងរបស់លោក។ លោកអះអាងថាអាជីវកម្មឆប់ឆាហ៍នៅខេត្តបាត់ដំបង បានត្រឹមតែទប់ការចំណាយ និងថ្លៃឈ្នួលផ្ទះប៉ុណ្ណោះ ដោយសារតែទីតាំងផ្ទះនៅទីនោះមានតម្លៃខ្ពស់ ស្របគ្នាដែលប្រាក់ចំណូលដែលធ្លាប់រំពឹងថានឹងខ្ពស់ជាប្រចាំក៏មិនសូវទៀងទាត់។ ជាមួយនឹងការធ្លាក់ចុះលើមុខជំនួញនៅខេត្តបាត់ដំបងនោះ ការងារផ្សេងទៀតរបស់លោកក៏មានរឿងត្រូវដោះស្រាយមិនចេះចប់ផងដែរ ដោយអាចនិយាយបានរយៈពេល៣ខែក្រោយពេលរៀបការគឺធ្វើអោយលោក និងភរិយា ប្រឈមនឹងការដោះស្រាយ និងតស៊ូយ៉ាងខ្លាំង លើបញ្ហាដែលបានកើតឡើងនោះ។ លោកសារភាពថា គ្រូទាយថាលោក និងភរិយានឹងមានយីអ៊ុនស្រុត៣ខែ ទើបក្រោយបញ្ចប់រយៈពេល៣ខែកាលពីដើមខែមីនា ហាក់ធ្វើឲ្យលោកចាប់ផ្ដើមរើបៗឡើងវិញ។ ជាក់ស្ដែងសូម្បីតែលោកបើកលក់បាយក្ដាំង ក៏មានតម្រូវការទិញរហូតដល់មួយថ្ងៃ៣០គីឡូក្រាម ដែលលោកបានហៅស្ថានភាពរកស៊ីថ្មីនេះថា ចង់ល្អជាងអ្នកបើកហាងធំៗនោះផងដែរ។

លោកនិយាយថា«៣ខែក្រោយរៀបការ គ្រូទាយថាខ្ញុំ និងប្រពន្ធដាក់៣ខែ គឺដាក់ៗមែនទែន ទើបផុត៣ខែហ្នឹងទេ ដែលខ្ញុំចាប់ផ្ដើមរកស៊ីត្រូវឡើងវិញ!»។ លោកអះអាងថាក្នុងពេលធ្លាក់យីអ៊ុន គឺទោះជាលោក និងភរិយា ប្រឹងប្រែងរកអ្វីធ្វើអីក៏ស្មុគស្មាញដែរ ប៉ុន្តែក្រោយបញ្ចប់រយៈពេលធ្លាក់យីអ៊ុន គឺហាងនៅកោះពេជ្រក៏សំបូរភ្ញៀវឡើងវិញ ហើយហាងឆប់ឆាហ៍នៅបាត់ដំបង ក៏មានម៉ូយបានចំណេញឡើងវិញ ខណៈដែលមុខរបរបន្ថែមគឺលក់បាយក្ដាំង គឺដល់ថ្នាក់ទទួលការកុម្ម៉ង់លែងបាន។

លោក Rith Omega និយាយថា បើស្ថានភាពមុខរបរដូចតែពេល៣ខែកន្លងមក ដែលធ្វើឲ្យលោកស្មុគស្មាញ គឺលោកពិតជាមានការប្រឈមមែន អ៊ីចឹងហើយទើបលោកត្រូវប្រឹងប្រែងច្រើន ដើម្បីស្ដារមុខរបរឡើងវិញ ក្នុងពេលយីអ៊ុនចាប់ផ្ដើមហើបជាថ្មី។ លោកកាន់តែសប្បាយចិត្តបន្ថែមទៀត នៅពេលដែលបុណ្យទន្លេនៅខេត្តកណ្ដាលក្នុងប៉ុន្មានថ្ងៃនេះ បានកុម្ម៉ង់បាយក្ដាំងរបស់លោករហូតដល់១០០គីឡូក្រាម ខណៈដែលនៅទីផ្សារកូរ៉េក៏បង្កើនតម្រូវការដូចគ្នាធ្វើអោយលោកមើលឃើញពីប្រាក់ចំណេញសូម្បីតែមុខរបរតូចតាច៕

មតិយោបល់