មកទល់ពេលនេះបទ«រងារ»របស់អ្នកនាងខាត់ សុឃីម កាន់តែកក្រើក និងមានការចែកចាយច្រើនឡើង ដោយសារតែបទចម្រៀងនេះ មានខ្លឹមសារបង្ហាញពីការសង្វេគចំពោះវប្បធម៌ និងទម្រង់សិល្បៈបុរាណរបស់ខ្មែរដែលត្រូវវាយលុកដោយបទបែកស្លុយពីសំណាក់តារាក្មេងៗ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនៅរាល់អំឡុងពេលចូលឆ្នាំ។ ភាពល្បីល្បាញនៃបទចម្រៀងនេះ ត្រូវគេឃើញមានការផុសឡើងនូវរិះគន់ចំពោះអ្នកបំផុសបទចម្រៀងបែកស្លុយ និងស្ថាប័នពាក់ព័ន្ធពីសំណាក់អ្នកចង់ឃើញការរស់ឡើងវិញ នូវបទចម្រៀងចង្វាក់ប្រពៃណី ដែលស្ទើរតែគ្មានអ្នកចង់ស្ដាប់ ព្រោះតែបទស្លុយៗត្រូវបានបណ្ដាផលិតកម្ម និងកម្មវិធីទូរទស្សន៍លើកទឹកចិត្តខ្លាំងពេក រហូតធ្វើអោយក្មេងៗ លែងឃើញពីតម្លៃបទចម្រៀងបែបខ្មែរ។
ក្នុងប៉ុន្មានថ្ងៃនេះ នៅលើបណ្ដាញហ្វេសប៊ុកដែលម្ចាស់គណនេយ្យជាពលរដ្ឋខ្មែររស់នៅក្រៅស្រុកច្រើនឡើង ដែលមានទាំងនៅប្រទេសថៃ អាមេរិក អូស្រ្តាលី និងខ្លះរស់នៅបណ្ដាប្រទេដនៅទ្វីបអឺរ៉ុប នាំគ្នាបង្ហាញពីការភ័យបារម្ភពីការបាត់បង់សិល្បៈបុរាណរបស់ខ្មែរ ស្របតាមខ្លឹមសាររបស់បទ«រងារ»ដែលបានបកស្រាយដោយតារាចម្រៀងអ្នកនាងខាត់ សុឃីម។ អ្នកស្ថិតនៅក្រៅស្រុកទាំងនោះ បានបង្ហោះសារជាច្រើនតបនឹងបទចម្រៀងមួយបទនេះ ដោយមានខ្លឹមស្រដៀងៗគ្នាថា គួរអោយសង្វេគណាស់ដែលអំឡុងបុណ្យចូលឆ្នាំខ្មែរ លេងឃើញពីអត្តសញ្ញាណរបស់ខ្មែរអណ្ដែតឡើង តែឃើញតែបទបែកស្លុយ ដោយឃើញតែតារាភាគច្រើនតែងខ្លួនបែបស្លុយ ហើយធ្វើអោយបាត់នូវអត្តសញ្ញាណមួយរបស់ខ្លួន។
អ្នកផ្ដើមការរិះគន់ ក៏បានសរសេរភ្ជាប់ដោយពាក្យថា គាំទ្រ អ្នកនាង ខាត់ សុឃីមៗ នៅលើគណនីទាំងនោះផងដែរ។ ការបង្ហោះនូវសម្ដីមិនសប្បាយចិត្តនឹងការប្រែប្រួលនេះ គឺបន្ទាប់ពីមានការកត់សម្គាល់ថាតារាចម្រៀងទាំងក្នុងផលិតកម្មធំតូច សុទ្ធតែបានសម្រុកចេញបទបែកស្លុយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលធ្វើអោយមហាជន និងពិភពលោកលែងឃើញពីការរំលេចនូវស្ទីល និងបទចម្រៀងដែលមានទម្រង់វប្បធម៌ ដែលធ្លាប់តែជួយអោយវប្បធម៍កម្ពុជាមានការទទួលស្គាល់ដូចពេលកន្លងទៅ។ អ្នកលេងហ្វេសប៊ុកច្រើនរូបដែលអះអាងថាខ្លួនទើសភ្នែកនឹងស្ថានភាពចុងក្រោយ បានលើកឡើងថា កាលពីមុនអោយតែដល់ចូលឆ្នាំមិនថាបងប្អូនខ្មែរក្នុងស្រុក និងក្រៅស្រុកនោះទេ សុទ្ធតែរង់ចាំមើលបទចម្រៀងប្រពៃណីថ្មីៗ ដោយតាមបណ្ដាផលិតកម្មនានា បានទាំងចំណាយពេលផលិតបទប្រពៃណី ធ្វើអោយចង្វាក់របស់ខ្មែរមួយនេះ ពេញនិយមមិនថាចាស់ក្មេង។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំនេះ អោយតែដល់អំឡុងបុណ្យចូលឆ្នាំខ្មែរគឺក្រុមបទចម្រៀងបែកស្លុយវាយយកទីផ្សារគ្មានសល់ ទើបបទចង្វាក់ប្រពៃណីខ្វះកម្លាំចិត្តសម្រិតសម្រាំង។
អ្នកទាំងនោះបានហៅការពេញនិយមនូវបទដែលមានលំនាំជាចង្វាក់របស់បរទេស ហើយភ្លេចបទចម្រៀងបែបប្រពៃណីខ្មែរចុងក្រោយ ថាបណ្ដាលមកពីខ្វះការយកចិត្តដាក់ពីសំណាក់ក្រសួងពាក់ព័ន្ធ ដែលបណ្ដោយអោយក្រុមផលិតករ និងអ្នករៀបចំកម្មវិធីប្រជែងគ្នាធ្វើកម្មវិធីតន្ត្រីតម្រូវតែយុវវ័យ និងក្រុមបែកស្លុយ ដែលមិនខុសពីការបង្វក់អោយក្មេងៗ លែងអោយតម្លៃពីសិល្បៈចម្រៀងបុរាណ។ ច្រើននាក់ក្នុងចំណោមអ្នករិះគន់និយាយថា បើទូរទស្សន៍រួមគ្នាកាត់បន្ថយការរំលេចតន្រ្តីតម្រូវតែក្រុមបែកស្លុយ ហើយបង្កើតកម្មវិធីតន្ត្រីអោយតារាជើងចាស់ៗបង្ហាញខ្លួនអោយបានច្រើន នោះតារាជំនាន់ដើម និងនិយមច្រៀងបែបប្រពៃណីច្រើននាក់ពិតជាមិនខ្វះអ្នកពេញនិយមនោះទេ ដោយសារតែការបង្វក់ទៅក្រុមបែកស្លុយត្រូវបានកាត់បន្ថយ។ ក្នុងនោះអ្នកដែលបង្ហាញការរិះគន់ក៏ចាត់ទុកថាភាពធូររលុង ដោយគ្មានកំណត់អោយបណ្ដាទូរទស្សន៍ និងផលិតករ កាត់បន្ថយការប្រគំតន្ត្រីតម្រូវតែយុវវ័យ និងធ្វើអោយភ្លេចសិល្បៈទម្រង់បុរាណ នឹងធ្វើតារាចម្រៀងដែលមិនចេះច្រៀងបទបែកស្លុយនឹងដួលបណ្ដាក់គ្នា រហូតមិនមានអ្នកចង់ផលិត ឬចង់ច្រៀងបទប្រភេទប្រពៃណីសម្រាប់អំឡុងចូលឆ្នាំនោះដែរ។
យ៉ាងណាមិញ ឆ្លើយតបនឹងការរិះគន់ឡើងផ្អើលដល់ខាងក្រៅប្រទេស តាមរយៈចម្រៀងមួយបទរបស់អ្នកនាង ខាត់ សុឃីម នេះ គេមិនឃើញមានចំណាត់ការពីស្ថាប័នពាក់ព័ន្ធណាម្នាក់ ដាក់សម្ពាធអោយបណ្ដាផលិតកម្មធំកាត់បន្ថយផលិតបទបែកស្លុយ ឬកាត់បន្ថយកម្មវិធីតម្រូវតែក្រុមបែកស្លុយដូចគ្នានឹងធ្លាប់ស្រែកអោយបណ្ដាទូរទស្សន៍ឈប់បញ្ចាំងកម្មវិធីបរទេសនៅអំឡុងពីម៉ោង៧ ដល់ម៉ោង៩យប់រាល់ថ្ងៃ ដើម្បីលួងចិត្តអ្នករិះគន់នោះទេ ខណៈដែលអ្នកទាំងនោះនិយាយថា បើមានកំហិតអោយផលិតកម្មផ្អាកចេញបទបែកស្លុយសម្រាប់ឱកាសចូលឆ្នាំ គឺពិតជាបទចង្វាក់ប្រពៃណីមិនខ្វះអ្នកស្ដាប់នោះ៕
https://youtu.be/VahMKHWTRrc
មតិយោបល់