ខណៈដែលតារាល្បីៗ និងមហាជនគ្រប់ជាន់ថ្នាក់ ផ្ដោតការរិះគន់កាន់តែខ្លាំងលើចង្វាក់បែកស្លុយ ដោយបានចោទថាអ្នកផលិតបទបែកស្លុយ និងបំផុសចង្វាក់មួយនេះ ជាក្រុមបង្វក់ធ្វើអោយកូនខ្មែរមើលរំលងវប្បធម៌ប្រពៃណីជាតិនោះ តារាចម្រៀងល្បីឈ្មោះរបស់ហង្សមាស លោក ជីដេវីដ បានបង្ហោះសារមួយយ៉ាងខ្លីរិះគន់ក្រុមអ្នកវាយប្រហារលើចង្វាក់បែកស្លុយនោះទៅវិញ។ លោកបានបង្ហោះដៀមដាម បន្ទាប់ពីមានសំណេរច្រើននាក់ពីតារាល្បី និងអ្នកលេងហ្វេសប៊ុក ត្រូវបានបង្ហោះឡើង ដើម្បីពញាក់អារម្មណ៍កូនខ្មែរអោយងាកមកចាប់អារម្មណ៍ចង្វាក់ប្រពៃណីខ្មែរវិញ ក្រោយពេលប្រទេសឡាវប្រកាសយកចង្វាក់រាំវង់ ជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលដ៏ខ្លី។
លោកជីដេវីត បានបង្ហោះសំណេរនៅលើហ្វេសប៊ុកថា «ចោរលួចទ្រព្យមិនគិតប្ដឹងប៉ូលិស មកអង្គុយបន្ទោសគ្រួសារខ្លួនឯង….កប់ស៊េរីផែនដីម្មង!»។ ការលើកឡើងរបស់គឺជាការឆ្លើយតបជុំវិញតារាសិល្បៈ មហាជន និងមន្ត្រីក្រសួងវប្បធម៌បានលើកឡើងថាហេតុផលដែលនាំអោយមានបាត់បង់ចង្វាក់រាំវង់ទៅអោយឡាវក្នុងពេលដ៏ខ្លី គឺដោយសារតែក្រុមអ្នកផលិតបទបែកស្លុយ និងអ្នកបំផុតបទចម្រៀងបែកស្លុយ ដោយន័យរបស់លោកគឺចង់សំដៅថាបើឡាវលួចយកចង្វាក់មួយនេះទៅធ្វើជារបស់ខ្លួនបែបនេះ គឺមិនគួរបន្ទោសអ្នកផលិតបទបែកស្លុយ ឬបន្ទោសគ្នាឯងនោះទេ ប៉ុន្តែគួរតែទៅប្ដឹងអ្នកជំនាញណាម្នាក់ ដើម្បីដណ្ដើមយកចង្វាក់រាំវង់ពីឡាវមកវិញ។ យ៉ាងណាមិញ លោកថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ ក៏បានលើកឡើងផ្ទុយពីទស្សនៈរបស់លោកជីដេវីដ នោះដែរ ដោយលោកនិយាយថា ហេតុផលដែលនាំអោយឡាវឆ្លៀងឱកាសយកចង្វាក់រាំវង់បាន គឺដោយសារតែសង្គមខ្មែរវក់វីទៅដោយចង្វាក់មួយថ្មី ដែលនោះគឺបណ្ដាលមកពីផលិតករបំផុសនូវបទបែកស្លុយគគ្រឹកគគ្រេងពេកប៉ុណ្ណោះ។ លោកទទូចអោយផលិតករកាត់បន្ថយ ឬមានឆន្ទៈមិនបំផុសបទចម្រៀងបែកស្លុយ ទើបអាចបង្វែរមហាជនអោយងាកមកស្ដាប់បទចម្រៀងប្រពៃណីជាតិវិញ ដែលនាំទៅដល់ការយកចិត្តទុកដាក់នឹងចង្វាក់បែបប្រពៃណីខ្មែរជាថ្មី។
ស្របនឹងលោកថៃ នរៈសត្យា លោកដួង សុខគា បានសរសេររិះគន់ថា «បង្ហោះការងារអូសរំលង បង្ហោះរឿងខុសទំនងដណ្ដើមគ្នា Like គិតតែជេរគ្នាទៅកូន កុំប្រឹងរៀន បែកស្លុយទៅកូន ទុកអូនរាំវង់អោយគេថែ! ស្ដាយធ្វើអីបើមិននាំគ្នារវល់ផង! អូនរាំវង់ ត្រូវការប្ដីថ្មីចេះថ្នមរក្សា!! បន្តិចទៀត មានអូនផ្សេងទៀតទៅដែរហើយ!! កុំចោទថា គេចិត្តចើកណា! សម្ដីចំអកទាំងទឹកភ្នែក របស់មនុស្សស្រវឹងម្នាក់»។
តារាពហុជំនាញអ្នកនាងខាត់ សុឃីម បានសរសេរបង្ហោះរិះគន់នឹងបទបែកស្លុយដូចគ្នាដែរថា«សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឡាវ ដែលបានមើលឃើញ និងយល់តម្លៃនៃចង្វាក់រាំវង់ ហើយបានដាក់បញ្ចូលទៅជាបេតិកភណ្ឌរបស់ខ្លួន។ សង្ឃឹមថា ម្ចាស់ថ្មីនៃចង្វាក់រាំវង់ នឹងផ្ដល់ភាពយកចិត្តទុកដាក់ ទៅលើរូបអ្នកជារៀងរហូត។ នៅធ្វើអីបើគេមើលមិនឃើញតម្លៃអ្នកផង!»។
អាចារ្យធំ ដែលជាតារាមួយរូបល្បីរូបនៅលើហ្វេសប៊ុក ក៏បានចេញមុខរិះគន់ចង្វាក់បែកស្លុយយ៉ាងចាស់ដៃផងដែរ ដោយលោកសរសេរថា«ឡាវសម្រេចដាក់បញ្ចូលចង្វាក់រាំវង់ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ខណៈទំពាំងខ្មែរកំពុងនាំគ្នាឆ្កួតនឹងចង្វាក់បែកស្លុយពេញប្រទេស! ខំទៀតណាកូនជិតរលាយហើយ»។
មិនខុសគ្នាដែរតារាចម្រៀងសំឡេង២ លោក ដួង តារាផាឌីន ក៏បានរិះគន់ចំៗចំពោះការបំផុសបទចម្រៀងបែកស្លុយ និងការគាំទ្របទចម្រៀងបែកស្លុយស្ទើរតែរាល់ថ្ងៃនៅលើហ្វេសប៊ុករបស់ខ្លួនផងដែរ ដោយលោកបានទាំងបង្ហោះឃ្លីបរាំចង្វាក់រាំវង់ ដោយស្នើអោយយុវវ័យចេះគិតឡើងវិញ។ នៅលើបណ្ដាញហ្វេសប៊ុកផ្សេងទៀត ក៏ឃើញមានការរិះគន់យ៉ាងកញ្ជ្រោលបែបនេះផងដែរ ទើបមានការកត់សម្គាល់ថាចង្វាក់បែកស្លុយឆ្នាំនេះត្រូវបានសំពងខុសពីឆ្នាំមុន ទើបបទចម្រៀងបែកស្លុយរបស់តារាយុវវ័យច្រើនបទ ហាក់មិនសូវសង្គ្រប់បានការគាំទ្របានខ្លាំងក្លា បើទោះជាបទខ្លះចង់ល្អជាងបទបែកស្លុយកាលពីឆ្នាំមុន៕
មតិយោបល់