ភ្នំពេញៈ ចាត់ទុកថាជាការភ្ញាក់ផ្អើលមួយ ដែលតារាចម្រៀងល្បីឈ្មោះ កញ្ញា សុខ ពិសី ត្រូវបានគេអះអាងថា បានទទួលច្រៀងដោយមិនគិតកម្រៃនៅក្នុងការប្រគំតន្ត្រីទ្រង់ទ្រាយធំមួយ ដែលគេមិននឹកស្មានថា តារាស្រីរូបនេះទទួលច្រៀង។ យ៉ាងណាក៏ដោយ ហេតុផលដែលនាងទទួលច្រៀងនៅក្នុងកម្មវិធីនោះ គឺដោយសារតែកម្មវិធីដែលនាងទទួលច្រៀងជាការប្រគំតន្ត្រីខ្នាតធំ ដើម្បីរ៉ៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាប៉ុណ្ណោះ។ នេះក៏ចាត់ទុកថា ជាលើកទី១ផងដែរ ដែលតារាស្រីល្បីឈ្មោះរូបនេះ ចេញមុខជួយកម្មវិធីសប្បុរសធម៌ ក្នុងពេលដែលតារាល្បីភាគច្រើនបានងាកមកជួយសង្គមបណ្ដាក់គ្នានោះ។
ប្រភពពីអ្នករៀបចំកម្មវិធីប្រគំតន្ត្រីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា បានអះអាងថា នៅថ្ងៃទី១៧ កញ្ញា ខាងមុខនៅក្នុងបរិវេណសាកលវិទ្យាល័យន័រតុននឹងមានការការប្រគំតន្ត្រីធំមួយ ដោយមានការចូលរួមពីតារាសិល្បៈជាច្រើន ដែលក្នុងចំណោមនោះក៏មានវត្តមាន សុខ ពិសី ផងដែរ។
ប្រភពដែលបានអះអាងថា វេទិកានោះ នឹងត្រូវធ្វើឡើងអមជាមួយការតាំងពិព័ណ៌របស់និស្សិតនៅសាលាពេទ្យតាំងពីព្រលឹមថ្ងៃទី១៧ ខែសីហា ហើយចាប់ពីម៉ោង៣រសៀលរហូតដល់ម៉ោង៨យប់ គឺជាការប្រគំតន្ត្រីរ៉ៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ តារាសិល្បៈដែលចូលរួមច្រៀងនៅក្នុងកម្មវិធីនោះរួមមាន កញ្ញា សុខ ពិសី កញ្ញា ទេព បូព្រឹក្ស កញ្ញាអេដា លោក ឃុន វត្ថា លោករ៉ូលីន លោក ស៊ន វិជ្ជបុត្រ និងតារាសម្ដែងល្បីឈ្មោះជាច្រើនដូចជាចន ច័ន្ទលក្ខិណា ថន លក្ខិណា និង ទឹម រដ្ឋា ជាដើម។
យ៉ាងណាក៏ដោយប្រភពពីអ្នករៀបចំដដែលបានបង្ហាញភាពភ្ញាក់ផ្អើលដោយសារតែ សុខ ពិសី បានទទួលច្រៀងនៅក្នុងព្រឹត្តិការណ៍នេះ ក្នុងពេលដែលនាងកន្លងមក គឺកម្រទទួលច្រៀងមិនយកកម្រៃបែបនេះ។ ជាក់ស្ដែងសូម្បីតែ មាស សុខសោភា ដែលកម្មវិធីនេះទាក់ទងដូចគ្នា ក៏បានកំណត់ទារប្រាក់មួយចំនួន បើចង់បាននាងទៅច្រៀងក្នុងកម្មវិធីសប្បុរសមួយនេះផងដែរ។
សុខ ពិសី បានអះអាងថា នាងមិនមែនមិនទទួលច្រៀងនូវកម្មវិធីសប្បុរសធម៌នោះទេ ប៉ុន្តែមកពីកម្មវិធីទំនាក់ទំនងកន្លងមកចំពេលនាងរវល់ប៉ុណ្ណោះ។ នាងថា ក្រោយការទទួលច្រៀងជួយសាលាន័រតុនក្នុងការស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះ គឺនាងនឹងបានបន្តជួយដល់សង្គមបន្តទៀត ឲ្យតែការរៀបចំ ចំពេលនាងអាចឆ្លៀតបាន៕
មតិយោបល់