ព័ត៌មានសិល្បៈ និងកម្សាន្ត

ហាក់ ធៀមុនី ច្រានចោលភាគហ៊ុន ក្នុងមុខជំនួញជាងកន្លះលានដុល្លារ!

កាលពីថ្ងៃទី២៤ មីនា គេឃើញពិធីករ និងជាតារាសម្ដែងផង លោក ហាក់ ធៀមុនី ខ្វែងដៃខ្វែងជើងយ៉ាងពេញទំហឹង ក្នុងអាជីវកម្មបើកស្ថានីយប្រេងឥន្ទនៈភីធីធី និងកាហ្វេអាម៉ាហ្សូនធំមួយ ស្ថិតនៅកណ្ដាលក្រុងព្រះសីហនុ។ លោកត្រូវគេឃើញដើរតួជាពិធីករផង ជាអ្នករៀបចំផ្នែកពិធីការផង ហើយសំខាន់ជាងគេគឺលោកចេញមុខទទួលភ្ញៀវទាំងអ្នកតូចអ្នកធំបូករួមទាំងសកម្មភាពជួយទទួលលោកអភិបាលខេត្តផង តាំងពីដើមកម្មពិធីរហូតដល់ចប់ ដោយមិនខុសពីម្ចាស់កម្មវិធីនោះទេ ប៉ុន្តែលោកបែរជាអះអាងថាមុខរបរដែលបោះទុនអស់ជាងកន្លះលានដុល្លារនោះ មិនមែនជារបស់ខ្លួន និងមិនមានភាគហ៊ុនជាមួយខ្លួនទៅវិញ ខណៈដែលលោកក៏ប្រកាសថាមិនមានរៀបចំជាសេវាពិធីការដូចតារាមួយចំនួនដូចគ្នា។

លោកហាក់ ធៀមុនី បញ្ជាក់ថា ហេតុផលដែលលោកខ្នះខ្នែងក្នុងមុខរបរនោះ គឺដោយសារតែម្ចាស់អាជីវកម្មជាកូនសិស្សរបស់លោកតែប៉ុណ្ណោះ ដោយលោកមិនមានភាគហ៊ុន ឬទទួលរៀបចំកម្មវិធីអោយដើម្បីធ្វើសេវាខាងផ្នែកពិធីការអោយនោះទេ។

លោកថាម្ចាស់កម្មវិធីមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកក្រោយពីបានទទួលការបណ្ដុះបណ្ដាលពីលោក និងបានពឹងអោយលោកចូលរួមរៀបចំ ទើបលោកលូកដៃពេញទំហឹង ដល់ម្លឹងការរៀបចំមុនពេលបើកសម្ពោធ និងពេញទំហឹងក្នុងពេលបើកសម្ពោធ រហូតមានការយល់ច្រឡំថាអាជីវកម្មនោះ គឺជារបស់គ្រួសារលោក ឬមានភាគហ៊ុនរបស់លោក។ ក្រៅពីការងារសិល្បៈ លោកអះអាងថាខ្លួនគឺជាអ្នកបណ្ដុះជំនាញខាងផ្នែកបើកហាងកាហ្វេអាម៉ាហ្សូន ប្រចាំនៅក្នុងក្រុមហ៊ុនថៃភីធីធីជាយូរឆ្នាំមកហើយ ទើបអាចនិយាយបានថាអោយតែម្ចាស់ហាងណាមួយសុំសិទ្ធិបើកហាងកាហ្វេអាម៉ាហ្សូននៅក្នុងប្រទេសកម្ពុជា គឺត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលពីលោក ដោយសារតែលោកគឺជាបុគ្គលិករបស់ក្រុមហ៊ុនថៃភីធីធី ដែលត្រូវបានបញ្ជូនអោយទទួលការបណ្ដុះបណ្ដាលជំនាញឆុងកាហ្វេ និងកែច្នៃភេសជ្ជៈប្រចាំហាងអាម៉ាហ្សូនដល់ប្រទេសថៃជាយូរមកហើយ។

លោកក៏មាននាទីដើរត្រួតពិនិត្យគ្រប់សាខារបស់ហាងអាម៉ាហ្សូននៅកម្ពុជា ដើម្បីអោយដឹងថា តើក្រោយទទួលសិទ្ធិពីក្រុមហ៊ុនភីធីធី តើម្ចាស់អាជីវកម្មអាម៉ាហ្សូន គោរពតាមបទដ្ឋាននៃកិច្ចព្រមព្រៀងលើផ្នែកអនាម័យ និងការរៀបចំផ្សេងៗ ឬក៏អត់ផងដែរ ទើបធ្វើអោយលោក និងម្ចាស់ហាងអាម៉ាហ្សូនសាខាខេត្តព្រះសីហុន ដែលទើបបើកសម្ពោធក្ដៅៗ នៅជិតរង្វង់មូលតោពីរ កាលពីថ្ងៃទី២៤ មីនានោះ មានទំនាក់ទំនងគ្នាជិតស្និទ្ធិ។ លោកអះអាងថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈភីធីធី និង កាហ្វេអាម៉ាហ្សូននៅសាខាខេត្តព្រះសីហនុនោះ តែងតម្រូវអោយលោកជួយប្រឹក្សាការងារលើការបើកហាងកាហ្វេជាប្រចាំ ទើបធ្វើអោយលោកសម្រេចចិត្តទម្លាក់ចោលការងារមួយចំនួន ហើយជួយរៀបចំចាត់ចែងមួយផ្នែកធំ លើការរៀបចំហាងកាហ្វេអាម៉ាហ្សូន និងក្នុងថ្ងៃពិធីសម្ពោធផងក្នុងន័យរាប់អានគ្នា។

លោកនៅតែអះអាងថាអត់មានភាគហ៊ុន ឬភាគលាភ ណាមួយលើមុខរបរនោះទេ ហើយលោកក៏ចាត់ទុកថាទើបតែមានកូនសិស្សជាម្ចាស់អាជីវកម្មនេះ ដែលលោកចេញមុខជួយលើផ្នែកនេះផងដែរ ចាប់តាំងពីបានបណ្ដុះបណ្ដាលកូនសិស្សអោយបើកហាងអាម៉ាហ្សូនរាប់ភ្លេច។ មិនខុសគ្នាដែរ លោក គិន សុលីតា ម្ចាស់អាជីវកម្មក៏បានបញ្ជាក់ក្នុងថ្ងៃសម្ពោធនោះថា លោក ហាក់ ធៀមុនី ពិតជាមិនមានភាគហ៊ុនណាមួយលើមុខរបររបស់ខ្លួននៅខេត្តព្រះសីហនុនោះដែរ ដោយលោកបញ្ជាក់ថាទាំងស្ថានីយបប្រេងឥន្ធនៈភីធីធី ទាំំងហាងកាហ្វេអាម៉ាហ្សូន និងទាំងផ្សារទំនិញនៅលើទីតាំងតែមួយនោះ គឺលោក និងភរិយាជាអ្នកចំណាយទុនទាំងស្រុង ដោយមិនមានភាគីណាមួយចូលហ៊ុនរួមឡើយ។ លោកថាអាជីវកម្មនេះមិនទាន់រាប់បញ្ចូលថ្លៃដីផង គឺអស់ប្រមាណជាងកន្លះលានដុល្លារហើយ ទើបលោកចំណាយធ្វើពិធីសម្ពោធឡើងធំតែម្ដង ដោយអោយលោក ហាក់ ធៀមុនី ជួយចាត់ចែងលើផ្នែកពិធីការមួយផ្នែកធំ៕

មតិយោបល់