ក្របខណ្ឌបាល់ទាត់កំពូលរបស់ប្រទេសអង់គ្លេស Premier League កំពុងតែរៀបចំសាកល្បង ការប្រើប្រាស់វីដេអូជំនួយ VAR នៅរដូវកាលក្រោយនេះហើយ ដើម្បីសម្រួលដល់ការប្រកួតក្នុងទីលាន។
VAR ជាប្រភេទវីដេអូ ជំនួយមួយដែលបានបង្កើតឡើងដោយ FIFA ហើយបានយកមកប្រើប្រាស់ក្នុងព្រឹត្តិការណ៍ Confederation Cup និង World Cup នៅរុស្ស៊ីខាងមុខនេះ កំពុងតែត្រៀមបង្ហាញខ្លួន ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអង់គ្លេស។ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា Premier League នឹងសាកល្បងការប្រើប្រាស់ VAR នៅរដូវកាលក្រោយនេះ ក្នុងការជួយសម្រួលដល់ការប្រកួតក្នុងទីលាន។
ថ្វីបើវីដេអូជំនួយ VAR នេះ ពុំទាន់បានដឹងពីប្រសិទ្ធិភាព នៅឡើយក្តី តែក្រោការសាកល្បងប្រើក្នុងព្រឹត្តិការណ៍ World Cup ចប់ក្របខណ្ឌកំពូលអង់គ្លេស នឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះដែរ។ ប្រភពខាងលើដដែលបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ការប្រកួតនៅលើទីលាន បើទោះបីជាមាន អាជ្ញាកណ្តាលពី៣-៥នាក់ក៍ដោយ តែកំហុសក្នុងទីលានមួយចំនួន នៅតែកើតមានដដែល ចំពោះ ការចាប់បាល់ក្រៅជំហរល្បែង, បាល់ចូលទីដែលអាជ្ញាកណ្តាលក្នុងទីលានមើលមិនឃើញ រួមទាំងការបង្កកំហុសរបស់កីឡាករក្នុងទីលានជាច្រើនទៀត ដែលមិនទាន់អាចដោះស្រាយបាននៅឡើយទេ។
យ៉ាងណាវិញ ការប្រើប្រាស់វីដេអូជំនួយ VAR នេះដែរ អាចធ្វើឲ្យកំហុសទាំងអស់នោះ អាចកែប្រែបាន តាមរយៈប្រព័ន្ធចាប់រូបភាពយ៉ាងច្បាស់លាស់ និងបញ្ជូនពត៌មានរហ័ស ទៅកាន់អាជ្ញាកណ្តាលក្នុងទីលាន ដែលវាអាចជួយសម្រួលដល់ការខ្វះចន្លោះមួយចំនួនរបស់អាជ្ញាកណ្តាលបានច្រើនជាងមុន។ ក៍ប៉ុន្តែ នេះគ្រាន់តែជាគម្រោងប៉ុណ្ណោះ ខណៈលទ្ធផលជាផ្លូវការណ៍វិញ ត្រូវរង់ចាំការបោះឆ្នោតរវាងក្លិបនៅ Premier League ទាំង ២០នាថ្ងៃទី១៣ មេសាខាងមុខនេះសិន។
ដូច្នេះហើយ ប្រសិនបើលទ្ធផលបោះឆ្នោតទទួលបានលទ្ធផលល្អវិញនោះ ក្របខណ្ឌ កំពូលអង់គ្លេស Premier League នឹងក្លាយជាលីគអឺរ៉ុបទីមួយ ដែលបានប្រើប្រាស់ វីដេអូជំនួយ VAR នារដូវកាលក្រោយនេះ បន្ទាប់ពី ការប្រើប្រាស់លើកដំបូងក្នុងព្រឹត្តិការណ៍ FIFA Confederation Cup និង World Cup នៅរុស្ស៊ី ឆ្នាំនេះ។
មតិយោបល់