ព័ត៌មានសិល្បៈ និងកម្សាន្ត

សពនាយ វីតាមីនសេ សម្រេចបូជានៅក្នុងវត្តមួយ នៅល្ងាចថ្ងៃអាទិត្យ

បើទោះជាមានការបង្ហោះសាររំលែកទុក្ខចំពោះលោកនាយ វីតាមីនសេ និងមានបណ្ដាញសារព័ត៌មានជាច្រើនផ្សាយថា លោកនាយវីតាមីនសេ បានទទួលមរណភាពតាំងពីល្ងាចម្សិលមិញ ក៏តារាកំប្លែងរូបនេះទើបតែត្រូវបានក្រុមគ្រួសារសម្រេចអោយផុតដង្ហើមនៅវេលាម៉ោង១២យប់រំលងអាធ្រាតុដែលត្រូវនឹងព្រឹកថ្ងៃទី៣០ មីនា ប៉ុណ្ណោះ ដើម្បីអោយត្រូវនឹងការកំណត់របស់លោកអាចារ្យ និងក្បួនហុងស៊ុយ។ អ្នកនាងថាបើទោះជាឪពុករបស់ខ្លួនសម្រាកស្ដូកស្ដឹងលែងដឹងខ្លួន ប៉ុន្តែដង្ហើមរបស់លោកនៅតែមាននោះទេ នៅពេលស្ថិតក្នុងការដាក់អុកស៊ីហ្សែន អ៉ីចឹងហើយអ្នកនាង និងគ្រួសារសម្រេចដកអុកស៊ីហ្សែនចេញនៅវេលាម៉ោងជាង១២យប់រំលងអធា្រត្រ ដើម្បីកំណត់ថាពេលវេលានោះជាការផុតដង្ហើម។

អ្នកនាងប៉េងប៉ោង បានថ្លែងប្រាប់ថា ឪពុករបស់ខ្លួនគឺលោក នាយវីតាមីនសេ ទើបតែបានទទួលមរណភាពនៅយប់រំលងអធ្រាត្រ ថ្ងៃទី៣០ មីនា នេះប៉ុណ្ណោះ ដោយលោកបានទទួលមរណភាពក្រោយពីក្រុមគ្រូពេទ្យសម្រេចដកបំពង់អុកស៊ីហ្សែន។
អ្នកនាងថាឪពុករបស់ខ្លួនមិនខុសពីមនុស្សស្លាប់នោះទេ ប៉ុន្តែបណ្ដាលមកពីនៅដង្ហើមដោយសារបំពង់អុកស៊ីហ្សែន ទើបអ្នកនាងកំណត់ថាមិនទាន់ទទួលមរណភាពនៅឡើយ ហើយសន្មត់ថា វេលាម៉ោងដែលបានដកចេញនូវអុកស៊ីហ្សែនទើបជាពេលដែលលោកទទួលមរណភាព។ អ្នកនាងថាខ្លួននៅតែតក់ស្លុត នៅពេលដែលធ្លាប់តែមានឪពុកជាទីកក់ក្ដៅ ស្រាប់តែក្នុងពេលនេះលោកបានលាចាកលោក ហើយធ្វើអោយអ្នកនាងទទួលយកអារម្មណ៍នេះមិនបាន។ អ្នកនាងថាក្រោយអត់ពីឪពុកទៅ អ្នកនាងមិនទាន់ដឹងថាតើត្រូវធ្វើចិត្តរហូតដល់ពេលណា ទើបអាចធ្វើចិត្តដើម្បីចូលប្រឡូកសិល្បៈជាថ្មីនោះទេ ខណៈដែលអ្នកនាងថាអ្នកនាងមិនអាចបោះបង់សិល្បៈបានទេ ដោយក្រោយពេលចប់សព្វគ្រប់ពិធីបុណ្យសពលោកនាយវីតាមីនសេ អ្នកនាងនឹងត្រលប់ចូលសិល្បៈជំនួសអោយឪពុកដូចដើម។

អ្នកនាងប៉េងប៉ោង បញ្ជាក់ថា ពិធីបុណ្យសពរបស់ឪពុកនឹងត្រូវបញ្ចប់នៅល្ងាចថ្ងៃអាទិត្យទី១ មេសា ដោយតាមគម្រោងនឹងធ្វើពិធីបូជានៅវេលាម៉ោងជាង៧យប់នៅវត្តមកុដបុរី ខាងក្រោយវត្តទឹកថ្លា ឬវត្តទួលក្រសាំង បន្ទាប់ពីធ្វើបុណ្យចប់សព្វគ្រប់នៅគេហដ្ឋានដែលស្ថិតនៅផ្លូវ ២៧១ ម្ដុំត្រឡោកបែក៕

មតិយោបល់