ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈួន សុវណ្ណឆៃ ត្រដែតមិនគួរអោយជឿ ក្នុងព្រឹត្តិការណ៍សង្ក្រានយប់មិញ

កាលពីយប់ថ្ងៃទី៣១ មេសា ព្រឹត្តិការណ៍កម្មវិធីពោធិ៌សែនជ័យសង្ក្រាន បានដំណើរការកម្មវិធីសិល្បៈរបស់ខ្លួនដោយទទួលបានការគាំទ្រលើសពីថ្ងៃបើកឆាក៥ដង ដោយសារតែអ្នកចូលទស្សនាឈានដល់ដំណាក់មិនមានកន្លែងឈរ និងកន្លែងរាំលេងតាំងពីវេលាម៉ោង៧យប់ រហូតដល់ម៉ោងជិត១២អធ្រាត្រ។

តារាសិល្បៈចាស់ថ្មីរបស់គ្រួសារតារាកម្ពុជា បានរំលេចព្រឹត្តិការណ៍យ៉ាងកក្រើកអ្នកទស្សនា ដោយក្នុងនោះទម្រង់បុរាណរបស់តារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ ត្រូវគេកត់សម្គាល់ថាកន្ត្រាក់បានការចាប់អារម្មណ៍មិនធម្មតា។

ការប្រគំតន្ត្រីដែលចូលរួមដោយតារាសិល្បៈចាស់ថ្មីរបស់គ្រួសារតារាកម្ពុជា មិនក្រោម១០០នាក់ក្នុងមួយរាត្រីនោះ កាន់តែទទួលការចាប់អារម្មណ៍នៅរាត្រីទី២ ខណៈដែលកាលពីយប់ថ្ងៃទី៣១ មីនា នោះតារាដែលបានចូលរួមរួមមាន អ្នកនាង ម៉ៅ ស៊ីណាត លោកម៉ាដូណា ក្រុមកំប្លែងនាយក្រឹម តារាកំប្លែងនាយក្រូច តារាកំប្លែងអ្នកនាងអីត លោកស៊ឹម ស៊ីណាត លោកសេម ម៉ាកូ កញ្ញាអ៊ុង នីនិច កញ្ញាយង់ នីតា កញ្ញារៀម ច័ន្ទបរមី លោកព្រហ្ម ប្រសិទ្ធី កញ្ញាប៊េប៊ី លោកយ៉ារ៉ូ លោកហាក់ ធៀមុន្នី លោកនាង ប្រាក់សុគន្ធ លោកសុទ្ធា ពិសិដ្ឋ កញ្ញា សុខ ស្រីម៉ុច អ្នកស្រីញឹម សុខា លោកអៀម សុខា តួអង្គក្នុងរឿង«សរសរកន្លោង» កញ្ញារំដួលលិចទឹក កញ្ញារក្សា កញ្ញាវ៉ាន់ លីលី តារាចម្រៀងលោកជុំ ជឿន លោកស៊ិន សុធារិទ្ធ លោករុន ណាកូ និងតារាក្មេងមកពីកម្មវិធី The Voice និង Cambodian Idol យ៉ាងច្រើនកុះករ។

តារាទាំងអស់សុទ្ធតែបើកឆាកតន្ត្រីដោយទម្រង់សិល្បៈបុរាណ ខណៈបទចម្រៀងប្រពៃណីខ្មែរក៏ត្រូវបានអ្នកទស្សនាគាំទ្រ យ៉ាងពេញទំហឹង។

យ៉ាងណាមិញ ក្នុងចំណោមតារាទាំងអស់ដែលបានបង្ហាញខ្លួននោះ អ្នកនាងឈួន សុវណ្ណឆៃ បានរំលេចទម្រង់របាំបុរាណយ៉ាងគួរអោយសរសើរ ដោយអ្នកនាងបានរាំរបាំបុរាណយ៉ាងរំពើត អមដោយការច្រៀងចម្រៀងជាច្រើនបទដែលពាក់ព័ន្ធនឹងបទចម្រៀងទម្រង់បុរាណ។ អ្នកនាង និងក្រុមរាំ បានគាស់ឡើងវិញនូវសិល្បៈបុរាណមួយនេះ អោយយុវវ័យបានស្គាល់ និងចាប់អារម្មណ៍ពីសិល្បៈបុរាណខ្មែរ ដែលកាន់តែធ្វើអោយព្រឹត្តិការណ៍ពោធិសែនជ័ួសង្ក្រានរស់រវើកដោយផ្ទាំងទស្សនីយភាពដ៏ចំណាស់ និងមានអត្ថន័យរបស់ខ្មែរ។ អ្នកនាងឈួន សុវណ្ណឆៃ និយាយថា អ្នកនាងសប្បាយចិត្តនឹងគាស់រំលើងសិល្បៈបុរាណយកមកបង្ហាញទើបសម្រេចចិត្តហាត់រាំអស់ជាច្រើនសប្ដាហ៍ ដើម្បីធ្វើអោយសិល្បៈរបាំរបស់ខ្មែរទទួលបានការចាប់អារម្មណ៍នៅក្នុងវេទិកា។ អ្នកនាងក៏ត្រូវបានគេចាប់អារម្មណ៍មិនធម្មតាផងដែរ ក្នុងពេលដែលអ្នកនាងក្រៅពីរាំរបាំបុរាណយ៉ាងគួរអោយសរសើរ ក៏បានពត់ពេនក្នុងបទចម្រៀងមួយបទរបស់លោកជុំ ជឿន ជាដៃគូ និងបានគាស់កកាយបទចម្រៀង«ណាំណាវ» និង«បទ«រាំចង្វាក់ខម» ដែលធ្វើអោយអ្នកចូលរួមស្រែកហ៊ោកញ្ជ្រៀវសប្បាយនឹងរាំលេង ដែលធ្វើអោយអ្នកចូលរួមលែងចាប់អារម្មណ៍នឹងបទចម្រៀងបែកស្លុយដែលចាក់ធុងបាស់នៅក្បែរនោះ។ អ្នកនាង ឈួន សុវណ្ណឆៃ ត្រូវបានអ្នកទស្សនាកោតសរសើរមិនដាច់ពីមាត់ ដែលអាចច្រៀងបទចម្រៀងចាស់ៗ ដែលមានចង្វាក់ពិរោះគួរអោយចង់រាំនៅក្នុងពេលបង្ហាញខ្លួនហើយ ថែមទាំងកន្ត្រាក់បានការចាប់អារម្មណ៍ក្នុងក្រសែភ្នែកមហាជន ដោយទម្រង់បុរាណនារាត្រីនោះទៀត។

កម្មវិធីព្រឹត្តិការណ៍ពោធិ៍សែនជ័យសង្ក្រាន នឹងបន្តក្នុងរាត្រីថ្ងៃទី១ មេសានេះក្នុងធំមួយយប់ទៀត ខណៈដែលរាត្រីនេះ ក៏សុទ្ធតែមានការបង្ហាញខ្លួនដោយតារាល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងច្រើនមិនខុសគ្នាពីគ្រួសារតារាកម្ពុជា៕

មតិយោបល់