លោកឆឹម សក្កដា បានអះអាងថា បទOriginal Song ក្រោមចំណងជើងថា «ក្រម៉ាខ្មែរ» គឺជាស្នាដៃនិពន្ធអត្ថន័យដោយផ្ទាល់របស់លោកព្រហ្ម ម៉ាញ ដោយអត្ថន័យរបស់បទនេះ មានគំនិតអភិរក្ស និងលើកតំកើងក្រម៉ាដែលជាស្នាដៃរបស់ខ្មែរតាំងពីជំនាន់ដើម ដើម្បីអោយកូនខ្មែរកាន់តែអោយតម្លៃលើក្រម៉ាខ្មែរ។ លោកថារំភើបចិត្តណាស់ ដែលបានបកស្រាយបទចម្រៀងលើកសរសើរពីក្រម៉ា ហើយជាស្នាដៃរបស់បទនោះ ក៏ជាទឹកដៃរបស់រៀមច្បងគឺលោក ព្រហ្ម ម៉ាញ ដែលក្នុងពេលនេះកាន់តែស្ងាត់នូវអាជីពត្រឹមត្រូវ។
លោក ឆឹម សក្កដា និយាយថា លោកបានទទួលអំណោយល្អមួយពីតារារៀមច្បងពីររូប គឺតារាចម្រៀងអាយ៉ៃ លោកព្រហ្ម ម៉ាញ និងអ្នកនិពន្ធល្បីឈ្មោះ គឺលោក សួន ពិសិដ្ឋ ដែលលោកបានហៅអំណោយបទចម្រៀងមួយបទរបស់អ្នកទាំងពីរថា ជាកាដូដែលជួយអោយលោកទទួលបាននូវការចាប់អារម្មណ៍ ក្នុងពេលដែលព្រឹត្តិការណ៍សង្ក្រាននៅអង្គរឆ្នាំនេះ ក៏ប្រកាសថានឹងធ្វើអោយក្រម៉ាខ្មែរដែលវែងជាងគេលើលោក ជាប់ឯកត្តកម្មលេចធ្លោរ។
លោកថាបទចម្រៀងរបស់ខ្លួន«ក្រម៉ាខ្មែរ»មិនត្រឹមតែជាបទដែលត្រូវនឹងបរិបទនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបទត្រូវនឹងបេះដូងរបស់ខ្មែរភាគច្រើនដោយសារតែទាំងចង្វាក់ និងអត្ថន័យសុទ្ធតែបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្មែរ នោះផង។
លោកថាចម្រៀងមួយបទនេះ ខ្លឹមសារជាទឹកដៃរបស់លោកព្រហ្ម ម៉ាញ ហើយលោក សួន ពិសិដ្ឋ ជាអ្នកសម្រួលតន្ត្រី អ៉ីចឹងហើយទើបលោកសប្បាយចិត្ត ដែលលោកព្រហ្ម ម៉ាញ ក្រោយពីបាននិពន្ធបទនេះហើយស្រាប់តែជ្រើសអោយលោកធ្វើជាអ្នកច្រៀង។
លោកចម្រៀងមួយបទនេះ ដ្បិតថាមើលទៅសាច់ភ្លេងមានចង្វាក់បែបទំនើបបន្តិចក្ដី តែមិនមែនជាបទបែកស្លុយទេ ទើបលោករំពឹងយ៉ាងខ្លាំងថាអំឡុងបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតដល់ នឹងមានអ្នកចូលចិត្តកាន់តែច្រើន ដោយលោកគម្រោងនឹងថតMV អោយមានអត្ថន័យរយលាន សម្រាប់ជាអត្តសញ្ញាណខ្មែរនោះផង។
លោក ឆឹម សក្កដា ត្រូវគេឃើញទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពេលដែលលោកបកស្រាយបទចម្រៀងមួយបទនេះ នៅក្នុងព្រឹត្តិការណ៍«ពោធិ៍សែនជ័យសង្ក្រាន»កាលពីថ្ងៃទី១ មេសា ក្រោមការរៀបចំទម្រង់សិល្បៈដោយគ្រួសារតារាកម្ពុជា ជាពិសេសក្នុងពេលដែលក្រុមរាំរបស់លោកខំបញ្ចេញក្បាច់រាំជាមួយនឹងក្រម៉ារហូតដល់ថ្នាក់មានម្នាក់របូតខោ។
លោកថាចម្រៀងមួយបទនេះមានការសំណូមពរច្រើនអោយលោកបកស្រាយ ដោយក្នុងយូធូបក៏មានអ្នកស្ដាប់ច្រើនដែរ ទើបលោកកាន់តែយល់ថាអំណោយដែលលោកបានទទួលពីលោកព្រហ្ម ម៉ាញ និងលោកសួន ពិសិដ្ឋ ធ្វើអោយលោកឡើងកូដថែមមួយកម្រិត៕
មតិយោបល់