ក្នុងចំណោមភាពយន្តភាគដែលសម្ងំផលិតឡើងដោយស្ថានីយទូរទស្សន៍ធំៗ គេកត់សម្គាល់ថាភាពយន្តភាគរឿង«កូនពស់កេងកង»ក្រោមការផលិតរបស់ទូរទស្សន៍ហង្សមាស ដែលដឹកនាំថតដោយលោកហ្វៃ សំអាង បានក្លាយជារឿងបុរាណ ដែលមានដេគ័រទម្រង់បែបបុរាណម៉ាឆ្ងាញ់តែម្ដង ដោយគ្រាន់តែទស្សនាឈុតខ្លះដែលបង្ហោះនៅលើហ្វេសប៊ុក ក៏មានការសរសើរមិនដាច់ពីមាត់ទៅហើយ។ ភាពយន្តនេះក៏ត្រូវបានគេទម្លាយថាចំណាយដើមទុនអស់ច្រើន និងមានការចូលរួមសម្ដែងដោយតារាល្បីៗស្ទើរតែគ្រប់ជំនាន់ខុសប្លែកពីរឿងមុនៗផងដែរ បើធៀបនឹងរឿងភាគទូរទស្សន៍ផ្សេងទៀត ដែលមានលក្ខណៈបុរាណដូចគ្នា។
នៅលើអាក់ខោនហ្វេសប៊ុក របស់លោកហ្វៃ សំអាង លោកបានបង្ហោះនូវឈុតដែលបានថតខ្លះៗពាក់ព័ន្ធនឹងភាពយន្តរឿង«កូនពស់កេងកង»ដោយឈុតដែលបានបង្ហោះស្ទើរគ្រប់ឆាក សុទ្ធតែបានសម្ដែងដោយតារាល្បីៗនៅក្នុងពិភពសិល្បៈ ដោយមានទាំងតារាដែលមានកេរ្តិ៍ឈ្មោះកាលពីជំនាន់មុនជាច្រើនរូបបង្ហាញខ្លួនសម្ដែងអោយលោកផង។ យ៉ាងណាមិញ អ្វីដែលគេចាប់អារម្មណ៍ចំពោះស្នាដៃមួយនេះ គឺប្លង់ ទីតាំង និងដេគ័រស្ទើរតែគ្រប់ឈុតតែម្ដង ដោយសារតែរូបថតសកម្មភាពដែលបានបង្ហោះឡើងមួយប្លង់ៗ គឺសុទ្ធតែមានការរៀបចំបន្ថែម អមដោយទេសភាពយ៉ាងកម្រ ដែលក្រុមផលិតខ្លះ និងភាពយន្តខ្លះនឹកមិនឃើញ។ មួយរឿងនេះ ត្រូវគេឃើញមានការបន្ថែមបន្ថយនូវគំនិតច្នៃប្រឌិតរាប់មិនអស់ ដោយមានទាំងសង់ស្ពានពីឫស្សី ពីឈើដើម្បីអោយសមនឹងបរិយាកាស មានការកាត់សក់ក្មេងៗ និងមានរៀបចំជាភូមិ ជាផ្សារ និងជាទីតាំងយ៉ាងសំបូរបែប ដែលគ្រាន់តែឃើញទិដ្ឋភាពក្នុងប្លង់ក៏មើលទៅរស់រវើក មិនខុសពីអ្នកទស្សនាស្ថិតនៅក្នុងសង្គមបុរាណ។ សូម្បីតែទឹកជ្រោះ ព្រែក និងក្នុងផ្ទះរបស់តួអង្គជាដើម សុទ្ធតែមានការបន្ថែមបន្ថយ ដែលគ្រាន់តែគិតក៏ចំណាយអស់មិនតិចនោះដែរ ទម្រាំតែចប់មួយប្លង់ៗ។
លោកហ្វៃ សំអាង បានអះអាងថាភាពយន្តនេះលោកផលិតអោយទូរទស្សន៍ហង្សមាស តែមិនទាន់មិនទាន់ពីពេលវេលាក្នុងដាក់ផ្សាយនោះទេ ដោយសារតែភាពយន្តនេះ នៅប្លង់ច្រើនទៀត ដែលមិនទាន់ចេញថត។ លោកថាមួយរឿងនេះ លោកគ្រោងធ្វើអោយខ្លាំង ទើបខំចំណាយទាំងពេលវេលា និងកម្លាំងចិត្ត សម្រិតសម្រាំងដោយរំពឹងថាភាពយន្តរឿង«កូនពស់កេងកង»ដែលធ្លាប់ទទួលបានការគាំទ្រកាលពីពេលនៅជារឿងដុំ នឹងផ្ទុះសារជាថ្មី។
មួយរឿងនេះលោកក៏បានប្រមូលផ្ដុំដោយតារាសម្ដែងយ៉ាងច្រើនកុះករផងដែរ ដោយសារតែលោកចង់អោយមួយរឿងនេះក្លាយជាអនុស្សាវរីយ៍របស់តួអង្គភាគច្រើនក្នុងសិល្បៈ និងចង់អោយមហាជនប្លែកភ្នែក នៅពេលតារាសម្ដែងល្បីៗច្រើនជំនាន់ចូលគ្នា សម្ដែងរឿងតែមួយជុំគ្នា៕
មតិយោបល់