នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀង លោក ម៉ៃ សុគន្ធ គេកត់សម្គាល់ថាលោកបានចេញបង្ហោះរូបភាពផង និងវីដេអូផង រិះគន់យ៉ាងចាស់ដៃទៅលើចម្រៀងលោក ខេមរៈ សិរីមន្ត និងតារាចម្រៀងក្រុមខ្មែរ ដែលត្រូវបានគេហៅសកម្មភាពលោកថាជាការរិះគន់របៀបខាំឡើងជាប់មិនអោយរើរួចតែម្ដង បើធៀបនឹងការរិះគន់របស់តារាចម្រៀងរូបនេះ ទៅលើតារានៅក្នុងអាជីពផ្សេងទៀត។ មនុស្សមួយក្រុមបានសង្ស័យថាលោកមានគំនុំជាមួយលោក ខេមរៈ សិរីមន្ត និងក្រុមក្មេងខ្មែរ ឬអាចមានអ្នកនៅពីក្រោយជួលអោយលោករិះគន់ចំពោះតារាចម្រៀងទាំង២ច្រើនជាងគេ ខណៈដែលការចោទប្រកាន់នេះ កាន់តែមានកម្រិតចោទឡើងពីមាត់មួយទៅមួយថាលោកត្រូវបានគូសត្រូវរបស់លោក ខេមរៈ សិរីមន្ត និងក្រុមក្មេងខ្មែរ ជាទិញទឹកចិត្តអោយធ្វើបែបនោះ។
បើទោះលោកម៉ៃ សុគន្ធ ត្រូវគេកត់សម្គាល់ថារិះគន់មិនរើសមុខទៅលើតារាគ្រប់គ្នា បូករួមទាំងការប៉ះពាល់ចំពោះវិស័យសិល្បៈផង ក៏គេនៅមើលឃើញថាលោកហាក់មានគំនុំជាមួយលោក ខេមរៈ សិរីមន្ត និងក្រុមក្មេងខ្មែរច្រើនជាង ដោយតារាចម្រៀងទាំំង៣រូបនោះ ត្រូវលោករមែងរំលេចយកចំណុចអវិជ្ជមានមករិះគន់យ៉ាងផុសផុលជាសាធារណៈ ជាពិសេសចាប់តាំងលោកខេមរៈ សិរីមន្ត បានក្លាយជាតារាចម្រៀងហង្សមាស និងក្រុមក្មេងខ្មែរបានល្បីមួយបទ«បុណ្យភូមិ»។ បើទោះជាលោកខេមរៈ សិរីមន្ត និងក្រុមក្មេងខ្មែរ មិនដែលបញ្ចេញសកម្មភាពតបតដូចគ្នានឹងពេលរិះគន់ ព្រះសង្ឃមួយអង្គ និងរិះគន់តារាចម្រៀងកញ្ញាស៊ិចស៊ី រតនៈ ពិសី ក៏លោក ម៉ៃ សុគន្ធ នៅតែប្រឹងឆ្កឹះឆ្កៀលតភាគនូវការរិះគន់ ដោយសូម្បីតែការតបតនោះ គឺជាសំឡេងប្រតិកម្មរបស់អ្នកគាំទ្រលោកខេមរៈ សិរីមន្ត និងក្រុមក្មេងខ្មែរ។
លោកតែងប្រើហ្វេសប៊ុក វាយប្រហារតារាទាំង២អោយបាក់មុខជាសាធារណៈដដែលជាដដែល ជាពិសេសលោកខេមរៈ សិរីមន្ត រហូតត្រូវបានគេចោទថាលោកមានគេជួលអោយរិះគន់ទៅលើតារាទាំង៣រូប ដើម្បីធ្វើអោយប្រជាប្រិយភាពរបស់ខេមរៈ សិរីមន្ត និងក្រុមក្មេងខ្មែរ រងការរិះគន់។ ជាក់ស្ដែងគ្រាន់តែព័ត៌មានជុំវិញលោកខេមរៈ សិរីមន្ត បែកធ្លាយរឿងមានប្រពន្ធកូនភ្លាម គឺតារារូបនេះចេញមុខវាយបកមុនគេ។
យ៉ាងណាមិញ លោកអះអាងថាមិនមានអ្នកមានលទ្ធភាពទិញក្បាលរបស់លោកអោយរិះគន់អ្នកណាម្នាក់ ផ្ទុយពីឧត្តមគតិរបស់លោកនោះទេ។
លោក ម៉ៃ សុគន្ធ និយាយថាលោកផ្ដើមធ្វើការរិះគន់សព្វថ្ងៃ មិនមែនដើម្បីស៊ីឈ្នួលរិះគន់អ្នកណាម្នាក់ តាមការចង់បានរបស់អ្នកមានឥទ្ធិពល ឬអ្នកមានប្រាក់កាស់ ដើម្បីអោយលោកវាយប្រហារអ្នកនេះវាយប្រហារអ្នកនោះនោះទេ ដោយលោកបញ្ជាក់ថាអ្វីដែលលោកប្រកាសឡើងកន្លងមក គឺចេញពីចិត្ត និងការគិតដោយផ្ទាល់។ លោកសារភាពការរិះគន់ដែលបានធ្វើឡើងក៏ស្ថិតនៅលើអារម្មណ៍នោះដែរ ដោយលោកពេញចិត្តអ្នកណាក៏មិនសូវរិះគន់អ្នកនោះនៅពេលមើលឃើញពីកំហុសកើតឡើង ប៉ុន្តែបើតារាម្នាក់នោះជាតារាដែលលោកកត់សម្គាល់គឺសម្លឹងរកចំណុចទើសតែម្ដង។ យ៉ាងណាមិញ លោកអះអាងថាខ្លួនរមែងទើសជាទូទៅចំពោះតារាសិល្បៈដែលឆ្គាំឆ្គង ដោយមិនប្រកាន់តារារូបនោះជារៀមច្បង ឬជាតារាល្បីនោះទេ ដោយគ្រាន់តែមកពីលោកច្រើនតែតាមដានស្នាដៃថ្មីរបស់តារាចម្រៀង លោក ខេមរៈ សិរីមន្ត និងក្មេងខ្មែរ ជាអាយដលច្រើនជាងគេ ទើបចេះតែមើលឃើញចំណុចទើសច្រើនជាងគេក្នុងពេលរយៈពេលចុងក្រោយប៉ុណ្ណោះ។ លោកប្រកាសថាខ្លួនមិនដល់ថ្នាក់ស៊ីឈ្នួលរិះគន់នោះទេ ប៉ុន្តែបើបញ្ហាទាំងនោះមិនមានអ្នកណាហ៊ាននិយាយហ៊ានរិះគន់ គឺលោកចេញមុខអត់ខ្វល់ពីការបាត់បង់ទីផ្សារសិល្បៈឡើយ៕
មតិយោបល់