អាហ្វហ្គានីស្ថានៈ តាមប្រភព និងសាក្សីបាននិយាយថា យ៉ាងហោចណាស់ មនុស្សចំនួន ១៣នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានវាយប្រហាររថយន្តក្រុង ដែលដឹកបុគ្គលិកសន្តិសុខ ក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន ទីក្រុងកាប៊ុលនៅថ្ងៃចន្ទនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។
រថយន្តដែលរងការវាយប្រហារនេះ បានរត់នៅតាមបណ្ដាយផ្លូវមមាញឹក នៅតំបន់ Pul-e-Charkhi ប្រហែលជាម៉ោង ៦ និង ៣០នាទីព្រឹក (ម៉ោងក្នុងស្រុក)។ ភេរវកម្មបំផ្ទុះគ្រាប់បែកនេះ បានវាយប្រហារចូលទៅក្នុងរថយន្តក្រុង ដោយបណ្តាលឲ្យមានការផ្ទុះយ៉ាងធ្ងន់ធ្ងរ នេះបើតាមសាក្សីលោក Farhad Mohammadi បានប្រាប់ទីភ្នាក់ងារស៊ិនហួរ។
ភាគច្រើននៃអ្នកស្លាប់ ជាកងសន្តិសុខបរទេស ដែលជិះនៅលើរថយន្តក្រុង។
គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មនុស្សចំនួន ២៥ នាក់ បានរងរបួសដោយការវាយប្រហារនេះ ហើយក្នុងនោះក៏មានជនស៊ីវិលជាច្រើននាក់ ដែលដើរកាត់នៅទីនោះ ត្រូវបានរងរបួសក្នុងចំណោមពួកគេ ខណៈដែលការផ្ទុះនេះបានបង្កការខូចខាតដល់រថយន្តស៊ីវិល ហាង និងផ្ទះជាច្រើននៅក្បែរតំបន់នោះ ផងដែរ៕
មតិយោបល់