ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្សត់ណាស់ បុណ្យសពក្មួយ ស៊ុន ណារីម៉ូនីកា រកតែអ្នកកំដរសពមិនបាន

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីអ្នកនាង ស៊ុន ណារីម៉ូនីកា បានបង្ហោះអោយដឹងពីមរណភាពរបស់ក្មេងស្រីវ័យក្មេង ដែលទើបតែមានអាយុ១៦ឆ្នាំ ឈានចូល១៧ឆ្នាំ អមដោយសារធ្វើអោយម្នាក់យល់ច្រឡំថាជាកូនស្រីបង្កើត។ អ្វីដែលគួរអោយស្ដាយ គឺពិធីបុណ្យសព ដែលបានធ្វើឡើងនៅវត្តញាណរង្សី ជិតអង្គតែងទួលគោកនេះ កុំថាឡើងដល់ភ្ញៀវ គឺសូម្បីតែអ្នករៀបតុ និងក្រុមចុងភៅជាដើម ក៏មិនចង់មាននោះដែរ ដោយសារតែកៀកចូលឆ្នាំគេនាំគ្នាទៅស្រុកអស់ ហើយតម្រូវអោយអ្នកនាង និងសាច់ញាតិកំដរសពយ៉ាងម៉ង់ៗ តែបួនប្រាំនាក់ តាំងពីល្ងាចថ្ងៃទី ១១ មេសា ដែលក្មួយស្រីរបស់អ្នកនាងបានស្លាប់។

អ្នកនាង ស៊ុន ណារីម៉ូនីកា បានបង្ហោះពីការសោកសៅដែលបាត់បង់ក្មួយស្រីទាំងវ័យក្មេងថា ជារឿងមិនគួរនឹងកើតនោះទេ ដែលក្មេងស្រីម្នាក់នេះ មិនទាន់ទាំងបានបំពេញបំណងរបស់អ្នកនាងដែលចង់ជ្រោមជ្រែងអោយនាងបានក្លាយជាតារាសម្ដែងនៅវ័យ១៧ឆ្នាំផង ក៏ត្រូវជំងឺយាយី ដែលទទួលមរណភាពបាត់។ អ្នកនាងថាក្មួយស្រីរបស់ខ្លួន គឺជាកូនស្រីបង្កើតរបស់បងប្រុសអ្នកនាង ហើយក្មេងស្រីនេះ មានជំងឺទឹកដក់ក្នុងខួស និងជំងឺសួតធ្ងន់ធ្ងរជាយូរមកហើយ ដោយមុនពេលទទួលមរណភាពកាលពីល្ងាចថ្ងៃទី១១ មេសា គ្រួសាររបស់ក្មេងស្រីបានចំណាយប្រាក់អស់ច្រើនក្នុងការព្យាបាលទើបធ្វើអោយគ្រួសាររបស់បងអ្នកនាងក៏ប្រឈមខ្វះខាតផងដែរ រហូតដល់ថ្នាក់មិនមានលទ្ធភាពនឹងធ្វើបុណ្យសពកូនស្រីអោយបានសមរម្យនោះផង។ អ្នកនាងថាជារឿងរន្ធត់ចិត្តណាស់ ដែលក្មួយស្រីម្នាក់ ដែលអ្នកនាងក៏ធ្លាប់បានចិញ្ចឹមមិនខុសពីកូនបង្កើតម្នាក់បានលាចាកលោកទៅ ដោយបន្សល់នូវអនុស្សាវរីយ៍ជាច្រើនធ្វើអោយអ្នកនាងចងចាំ។

អ្នកនាងកាន់តែរន្ធត់ចិត្តថែមទៀត នៅពេលពិធីបុណ្យសពរបស់ក្មួយស្រីដែលទើបទទួលអនិច្ចកម្មនេះ ក៏មិនបានសមរម្យ ព្រោះត្រូវធ្វើក្នុងវត្ត ហើយក៏ស្ថិតក្នុងលទ្ធភាពត្រដាបត្រដួស។

អ្នកនាង ស៊ុន ណារីម៉ូនីកា និយាយថាអ្នកនាងកាន់តែតូចចិត្តថែមទៀតនៅពេលដែលក្មួយស្រីកាន់តែធ្វើទុក្ខធ្ងន់ ហើយអ្នកនាងជាម្ដាយមីង មិនមានលទ្ធភាពជួយបន្តការព្យាបាល ហើយបណ្ដាលអោយក្មួយស្រីទទួលមរណភាព។ អ្នកនាងទទូចអោយបងប្អូនជាសប្បុរសជន រួមចំណែកជួយធ្វើពិធីបុណ្យសពរបស់ក្មួយស្រី ដើម្បីអោយបងប្រុសរបស់អ្នកនាងក៏ខ្វះខាតមានលទ្ធភាពបានធ្វើពិធីបុណ្យក្មួយស្រីអោយបានសមរម្យ។ អ្នកនាងថាក្មួយស្រីដែលចែកឋាននេះ កាលពីពេលនៅរស់ហៅតែអ្នកនាងថាម៉ាក់ និងដេកអោបអ្នកនាងនៅពេលអ្នកនាងមិននៅក្រៅស្រុកប៉ុណ្ណោះ ទើបអ្នកនាងសឹងនឹងយំហើមភ្នែក ដោយគ្រាន់តែបានទទួលដំណឹងថានាងស្លាប់ទាំងមិនទាន់អស់ចិត្ត។ អ្នកនាងថាក្មួយស្រីរូបនេះ ក្រៅពីមានរូបសម្បត្តិស្រស់ស្អាត ក៏មាននិស្ស័យក្នុងរឿងសិល្បៈផងដែរ ទើបអ្នកនាងកាន់តែស្ដាយហួសប្រមាណ នៅពេលដែលក្មេងស្រីនេះ បែរជាត្រូវអស់ជីវិតមុនពេលអ្នកនាងគ្រោងជួយសម្រេចពីគោលបំណងចង់ក្លាយជាអ្នកសិល្បៈ។ អ្នកនាងបញ្ជាក់ថាខ្លួន មានកូនប្រុសបង្កើតតែ២នាក់ប៉ុណ្ណោះ ប៉ុន្តែក៏មានបន្ទុកនាពេលកន្លងមកក្នុងចិញឹមក្មួយៗមិនខុសពីកូនផងដែរ បើទោះជាក្នុងពេលនេះ អ្នកនាងបានក្លាយជាតារាដែលប្រែប្រួលជីវភាព ព្រោះតែកូនប្រុសបង្កើតក៏ឈឺរ៉ាំរៃផងដែរ៕

មតិយោបល់