ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡុង សុខហៀង ជំងឺលើសឈាមធ្វើទុក្ខទាំងវ័យក្មេង

នៅក្នុងវិស័យសិល្ប: លោក ឡុង សុខហៀង មិនត្រឹមតែជាតារាសម្ដែងមួយរូបប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាប្រធានក្លិបសិល្ប:មួយដោយបានបណ្ដុះបណ្ដាល និងដឹកនាំក្មេងៗ ឲ្យបានក្លាយខ្លួនជាតារាសិល្ប:ផងដែរ។

លោកគឺជាអ្នកស្វះស្វែងរកការងារសម្ដែងឲ្យតារាក្មេងទាំងនោះ ដោយគេឃើញលោកចំណាយទាំងកម្លាំង និងលុយកាក់ដើម្បីពង្រីកការងារឲ្យតារាថ្មីៗនៅក្រោមបន្ទុក ដោយមិនទទួលបានកម្រៃត្រលប់មកវិញឡើយ ខណ:ដែលជីវិតរបស់លោកក៏ត្រូវគេមើលឃើញថាស្ថិតក្នុងការតស៊ូមិនខុសពីបណ្ដែតលើខ្យល់។

លោកត្រូវគេដឹងថាមានជំងឺលើសឈាមធ្វើទុក្ខធ្ងន់ធ្ងរប៊ិះនឹងប៉ះពាល់ដល់ជីវិតកាលពីយប់មិញផង ដោយសារតែប្រឹងនឹងការងារទាំងនោះលើសកម្លាំង។

អ្វីដែលនាំឲ្យគេមើលឃើញពីផលវិបាកនោះ គឺបន្ទាប់ពីគេដឹងថាលោកគឺជាមេក្លឹបសិល្ប:មួយ ដែលត្រូវរ៉ាប់រងរកលុយចិញ្ចឹមសមាជិកជាកូនក្រុមមួយចំនួនផងដែរ ក្នុងពេលដែលលោកក៏នៅមិនទាន់រឹងមាំនៅក្នុងជីវិត។

ក្រៅពីធ្វើការនៅក្នុងខេធីវីមួយដល់ពាក់កណ្ដាលអធ្រាត្រ លោកក៏ជាតារាមួយរូបដែលមានមុខរបរជាអ្នកលក់សាប៊ូលាយ និងផលិតផលថែរក្សាសម្រស់ដែលលោកនាំចូលផងដែរ ក្នុងពេលដែលការងារសិល្ប:គឺលោកប្រកាសលាឈប់ជាយូរមកហើយ ប៉ុន្តែដើម្បីតារាថ្មីជាកូនក្រុម ទើបលោកសម្រេចចិត្តដើរជាន់ជាថ្មី ដើម្បីជ្រៀតជ្រកសុំអ្នកនេះសុំអ្នកនោះ ឲ្យកូនក្រុមក្នុងក្លឹបរបស់លោកបានបង្ហាញមុខ។ លោកត្រូវគេឃើញបង្ហោះកើតទុក្ខជារឿយៗ ដោយសារតែអ្នកសិល្ប:ថ្មីដែលលោកជ្រោមជ្រែង ធ្វើឲ្យលោកឈឺក្បាល ជាពិសេសនៅពេលតារាទាំងនោះដុះស្លាប។ លោកកាន់តែគួរសង្វេគថែមទៀត នៅពេលខំប្រឹងធ្វើការដល់ថ្នាក់ជំងឺលើសឈាមធ្វើទុក្ខធ្ងន់ៗម្ដងៗ ប៉ុន្តែនៅតែទទួលភារ:ក្នុងការលើកស្ទួយក្មេងៗជាកូនក្រុមរបស់ខ្លួន ដោយមិនដឹងថាតើលទ្ធផលនៃការប្រឹងប្រែងរបស់ខ្លួនតើបានផ្លែផ្កាចំពោះខ្លួនប៉ុន្មានភាគរយទៅថ្ងៃអនាគត។ យ៉ាងណាមិញ លោកថាខ្លួនមិនអាចបោះចោលតារាៗដែលផ្ញើក្ដីសង្ឃឹមចំពោះខ្លួនបានទេ ទើបប្រឹងប្រែងដឹកនាំតារាទាំងនោះទាំងឈឺទាំងជា បើទោះជាលោកខ្លួនឯងត្រូវរងសម្ពាធទាំងសុខភាព និងការខាតបង់ពេលវេលា។

លោកឡុង សុខហៀងត្រូវគេស្គាល់កាន់តែច្រើន ក្រោយមានឱកាសបានចូលរួមក្នុងសកម្មភាពរបស់គ្រួសារតារាកម្ពុជា ហើយលោកក៏មានលទ្ធភាពជម្រុញកូនក្រុមរបស់ខ្លួនឲ្យមានមុខក្នុងសិល្ប:ច្រើនឡើងជាងមុនផងដែរ។ យ៉ាងណាមិញ លោកបានសម្ដែងក្ដីបារម្ភចំពោះខ្លួន បន្ទាប់ពីវ័យកាន់តែជ្រេលទ្ធភាពរឹងមាំក្នុងជីវិតនៅមិនទាន់រឹងប៉ឹង ស្របគ្នាដែលជំងឺលើសឈាមធ្វើទុក្ខទាំងវ័យក្មេង ដែលកាលពីយប់ថ្ងៃទី១១ មេសា ប៊ិះនឹងប៉ះពាល់ដល់អាយុជីវិត៕

មតិយោបល់