ព័ត៌មានសិល្បៈ និងកម្សាន្ត

សម្លៀកបំពាក់ជនជាតិដើមភាគតិចភ្នង កំពុងទាក់ទាញភ្ញៀវទេសចរ

មណ្ឌលគិរីៈ ក្នុងមួយឆ្នាំៗ ខេត្តមណ្ឌលគិរីបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនារាប់រយនាក់ ដើម្បីមកស្រូបយកខ្យល់អាកាសបរិសុទ្ធ និងបានផ្ដិតយករូបភាពដ៏ស្រស់បំព្រងបែបធម្មជាតិ ដ៏គួរឲ្យទាក់ភ្នែក ទាក់ចិត្តដក់ជាប់មិនអាចភ្លេចបាន ពេលមកទស្សនានៅខេត្តមួយនេះ មិនចង់ត្រឡប់ទៅវិញឡើយ។

ប្រសិនបើយើងបានមកខេត្តដ៏ស្រស់បំព្រងនេះហើយ លោកអ្នកអាចចុះទៅលេងនៅរម្មណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលមានបងប្អូនជាជនជាតិដើមភ្នង និងខ្មែរ បានប្រកបមុខរបរជាលក្ខណៈផ្សព្វផ្សាយបែបវប្បធម៌ គឺមានការតុបតែងជួលសម្លៀកបំពាក់ ជារបៀបរបររស់នៅរបស់បងប្អូនជនជាតិភ្នងតែម្ដង។

បងស្រី វ៉ាន់ និង បងស្រី ណាវ ឆើយ ជាអ្នកទទួលតុបតែងខោអាវ ជូនឲ្យភ្ញៀវ ដែលបានមកកម្សាន្តនៅទីនេះ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មាន Post news ប្រចាំខេត្តមណ្ឌលគិរីថា មួយថ្ងៃៗមានភ្ញៀវជាច្រើនបានមកសួរថា តើគាត់អាចសាលល្បងស្លៀកពាក់បែបបងប្អូនជនជាតិដើមនៅទីនេះបានទេ? រួចក្រោយមកទើបបានពួកគាត់គិតថា ជារឿងល្អ ប្រសិនបើគាត់ទិញ សម្លៀកបំពាក់មកជួលឲ្យភ្ញៀវទាំងនោះ ហើយក៏ជាមុខរបរល្អមួយ និងទទួលកម្រៃបានយ៉ាងស្រួលម្យ៉ាងដែរ។

បងស្រីបានបន្ដទៀតថា មួយថ្ងៃៗគាត់អាចរកចំណូលពីមុខរបរមួយនេះគឺ ថ្ងៃធម្មតា ពីប្រាំម៉ឺនរៀល ទៅប្រាំមួយម៉ឺរៀលដែរ ចំណែកថ្ងៃបុណ្យធំ គឺថារកតែពេលឈប់ហូបបាយមិនបានផង។

ចំណែកខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈលោកក៏បានយល់ឃើញថា វាជាមុខរបរល្អមួយ និងជួយឲ្យភ្ញៀវទេសចរកាន់តែស្គាល់នូវរបៀបស្លៀកពាក់របស់ជនជាតិដើមទៀតផង៕

មតិយោបល់