ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈួន សុវណ្ណឆៃ ទម្លាយមូលហេតុបោះបង់មហិច្ឆតា

កាលពីមួយរយៈមុន អ្នកនាង ឈួន សុវណ្ណឆៃ បានទម្លាយអោយដឹងរួចមកហើយថា ពីមហិច្ឆតាចិញ្ចឹមមាន់ និងត្រីជាដើម បន្ថែមពីលើមុខរបរចិញ្ចឹមជ្រូកដែលទទួលបានជោគជ័យ។ ប៉ុន្តែខុសពីការគ្រោងទុក មកទល់ពេលនេះ អ្នកនាងបែរជាបំភ្លេចឆន្ទៈនោះចោលទាំងស្រុង ដោយបានទាំងបង្ហើបថា មិនហ៊ានប្រថុយបោះទុនលើមុខរបរនោះទេ បើទោះជាតម្រូវការមាន់ និងត្រី កាន់តែមានកើនឡើងលើទីផ្សារ ដែលអាចល្អប្រសើរជាង ការផ្គត់ផ្គង់សាច់ជ្រូកតែមួយមុខ។

ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ដែលមានជ្រូកចិញ្ចឹមរហូតដល់ជាង១ពាន់ក្បាល អ្នកនាង ឈួន សុវណ្ណឆៃ បានថ្លែងប្រាប់ថា ក្រោយពីបានបោះទុនចិញ្ចឹមជ្រូកហើយទទួលបានតម្រូវការទីផ្សារមិនភ័យរឿងលក់មិនចេញ អ្នកនាងពិតជាបានសិក្សាពីការចិញ្ចឹមមាន់ជាកសិដ្ឋាន និងគម្រោងបើកជាកន្លែងចិញ្ចឹមត្រីអ៉ីចឹងមែន ប៉ុន្តែបណ្ដាលមកពីមុខរបរនេះ ទាមទារអោយអ្នកនាងមានជំនាញបន្ថែមមួយមុខទៀត មិនខុសពីបើកចិញ្ចឹមជ្រូកកាលពីអំឡុងពេលមុន ទើបអ្នកនាងយល់ថាចិញ្ចឹមតែជ្រូកតែមួយមុខគឺគ្រប់គ្រាន់ ហើយមិនចង់ធ្វើបាបខ្លួន ព្រោះតែចង់មានបានរឿងចិញ្ចឹមមាន់ និងត្រីទៀតទេ។ អ្នកនាងថាកសិដ្ឋានជ្រូករបស់អ្នកនាងនៅខេត្តកំពង់ស្ពឺ ត្រូវបានពង្រីកផ្ទៃដីដល់កាន់តែធំជាងមុន ដោយមានទាំងស្រះត្រីបម្រុងទុកផង ប៉ុន្តែមិនមានគម្រោងបោះទុនលើធ្វើទ្រុងចិញ្ចឹមមាន់ និងជាកន្លែងចិញ្ចឹមត្រីបន្ថែមពីលើជ្រូកនោះទេ ដោយសារតែឪពុកម្ដាយរបស់អ្នកនាងដែលជាអ្នកមើលខុសត្រូវលើកសិដ្ឋាននោះកាន់តែចាស់ជាងមុន ហើយអ្នកនាងក៏មិនចង់បន្ថែមការលំបាកដល់អ្នកមានគុណទាំង២ ដោយសារតែចង់មានបានគ្រប់មុខខ្លាំងពេក។ អ្នកនាងថាបើមានអ្នកមើលខុសត្រូវ អ្នកនាងមិនខ្លាចក្នុងការបោះទុនលើការចិញ្ចឹមត្រី និងមាន់ បន្ថែមនោះទេ ក្នុងពេលដែលមុខរបរនោះ ប្រើទុនតិចជាងមុខរបរជ្រូក ហើយក៏ឆាប់បានផលលឿនជាង។ អ្នកនាងសម្រេចចិត្តបោះបង់មហិច្ឆតាទាំង២ តែបានពង្រឹងលើមុខរបរចិញ្ចឹមជ្រូកជាជំនួសវិញ ដោយក្រៅពីបានទិញកសិដ្ឋានជ្រូកពីអ្នកចង់លក់ ក៏បានបង្កើនចំនួនជ្រូក ដើម្បីក្ដោបក្ដាប់ប្រាក់ចំណូល។

អ្នកនាង ឈួន សុវណ្ណឆៃ ត្រូវបានគេស្គាល់ថាជាថៅកែជ្រូកទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺ ហើយអ្នកនាងក៏ហ៊ឹកហ៊ាក់ហ៊ឺហារ ព្រោះតែមុខរបរមួយនេះផងដែរ ខណៈដែលមុខរបរមួយទៀតដែលអ្នកនាងមិនដែលប្រកាសជាសាធារណៈ គឺទិញផ្ទះលក់ផ្ទះ ដែលអ្នកនាងបង្ហើបថាក៏ចំណេញបានមិនធម្មតាចាប់តាំងពីបានបោះទុន។ ក្រៅពីមានមុខរបររឹងមាំនៅក្រៅសិល្បៈ អ្នកនាងក៏ត្រូវគេកត់សម្គាល់ថាលេចធ្លោរមិនធម្មតាផងដែរ ក្នុងការបញ្ចេញបទចម្រៀង Original Song កាលពីមុនចូលឆ្នាំ៕

មតិយោបល់