ចាត់ទុកថាជាមោទនភាពធំមួយ ដែលតារាកម្ពុជា២រូប ត្រូវបានគណកម្មការព្រឹត្តិការណ៍Asia Model Festival 2018 របស់ប្រទេសកូរ៉េ ជ្រើសអោយតំណាងប្រទេសកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តការណ៍អន្តរជាតិដ៏ធំមួយនេះ ដោយមានតំណាងមកពីប្រទេសរហូតដល់២៦ប្រទេសចូលរួម។
តារាទាំងពីរត្រូវបានក្រុមបង្ហាញម៉ូដ«តារារះថ្មី»បញ្ជូនចេញពីកម្ពុជាកាលពីយប់ថ្ងៃទី២៣ មេសា ដើម្បីចូលរួមប្រកួតប្រជែង ចាប់ពីថ្ងៃទី២៥ មេសា តទៅ និងបញ្ចប់នៅថ្ងៃទី៦ ខែឧសភា ខាងមុខ។
កញ្ញា សូ អែនណា អ្នកដឹកនាំក្រុមបង្ហាញម៉ូដ«តារារះថ្មី»ដែលជាអ្នកជ្រើសរើសតំណាងពីកម្ពុជាអោយចូលរួមក្នុងព្រឹត្តិការណ៍នេះ បានអះអាងថា គឺជាមុខរបស់កម្ពុជាយ៉ាងខ្លាំង ដែលព្រឹត្តការណ៍Asia Model Festival 2018 របស់កូរ៉េ បានតម្រូវអោយក្រុមបង្ហាញម៉ូដរបស់កញ្ញារៀបចំតារាម៉ូដែលដែលមានសមត្ថភាព២រូបអោយចេញប្រកួត ហើយកញ្ញាក៏បានជ្រើសយកលោក ប្រាជ្ញ ឆវ័ន្ត និងកញ្ញា ប៉ូ គឹមថេងសុតធីតា ដែលសុទ្ធតែជាតារាម៉ូដែល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អោយចេញប្រកួត ដោយមុនពេលចាកចេញ អ្នកទាំងពីរក៏បានហ្វឹកហាត់នូវចំណេះដឹងតម្រូវអោយត្រូវនឹងកម្មវិធីជាច្រើន បូករួមទាំំងការហ្វឹកហាត់នូវភាសាបរទេសមួយចំនួនបន្ថែមផង។
ក្នុងនោះតារាម៉ូដែលតំណាងប្រទេសកម្ពុជាទាំង២ ក៏ត្រូវបានកញ្ញា និងក្រុមការងារចាត់ចែងនូវឈុតប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត ដែលមានអត្ថន័យឆ្លុះបញ្ចាំងពីវប្បធម៌របស់ខ្មែរ ដើម្បីអោយអ្នកទាំងពីរបានបង្អួតលើឆាកអន្តរជាតិផងដែរ។ កញ្ញា ថាព្រឹត្តិការណ៍នេះ មានការចូលរួមពីបណ្ដាប្រទេសនៅក្នុងអាស៊ីសុទ្ធសាធរហូតដល់២៦ប្រទេស ដោយប្រទេសនីមួយគឺតម្រូវអោយមាននារីម្នាក់ និងបុរសម្នាក់ ចូលរួមប្រកួតប្រជែង។
កញ្ញា សូ អែនណា និយាយថានេះ មិនមែនជាលើកទី១នោះទេ ដែលកញ្ញា ក្នុងនាមជាក្រុមបង្ហាញម៉ូដតារារះថ្មី បានដឹកនាំតារាពីកម្ពុជាអោយចូលរួមប្រកួតប្រជែង បើទោះជាការបញ្ជូនអោយចេញប្រកួតកន្លងមកនៅមិនទាន់មានឱកាសបានគ្រងតំណែងជាម្ចាស់ពាននៅក្នុងព្រឹត្តិការណ៍។ យ៉ាងណាមិញ កញ្ញាថា តារាពីកម្ពុជាបានធ្វើអោយបរទេស ជាពិសេសពិភពលោកកាន់តែស្គាល់ពីកម្ពុជា ខណៈការបញ្ជូនចេញអោយទៅប្រកួតក្នុងព្រឹត្តិការណ៍ដូចគ្នាកាលពីលើកទី១ ក៏ទទួលបានចំណាត់ថ្នាក់កិត្តិយស។ កញ្ញាបញ្ជាក់ថា លោក ប្រាជ្ញ ឆវ័ន្ត និងបេក្ខនារីតំណាងអោយកម្ពុជា នឹងមានឈុតដែលមានការសម្រិតសម្រាំង២ឈុត ខណៈដែលឈុតតំណាងជាតិ ដែលបានបង្ហាញនៅក្នុងរូបភាពនេះ ត្រូវបានម្នាក់ៗកោតសរសើរពីទឹកដៃ និងអត្ថន័យយ៉ាងខ្លាំង៕
មតិយោបល់