កាលពីថ្ងៃទី២៦ មេសា តារាចម្រៀងលោក អេឡិច ចិន្ត្រា បានធ្វើពិធីឡើងគេហដ្ឋានថ្មីទៀតហើយ ដោយគេហដ្ឋាននេះ ត្រូវគេដឹងថា ជាគេហដ្ឋានទី៣ហើយ ដែលលោកបានធ្វើពិធីឡើងយ៉ាងធំដុំ ខណៈដែលផ្ទះដែលលោកបានឡើងមុនៗ ក៏ត្រូវគេដឹងថាមិនបានលក់ចោល ទើបធ្វើពិធីឡើងផ្ទះថ្មីនេះ។ អ្វីដែលគេភ្ញាក់ផ្អើល គឺផ្ទះវីឡារបស់លោក នៅក្នុងបុរីប៉េងហួតបឹងស្នោរ ដែលលោកបានឡើងក្ដៅៗនោះ គឺមានតម្លៃរហូតដល់កន្លះលានដុល្លារ ដោយភាគីខាងសាមីខ្លួន ក៏គម្រោងយកផ្ទះវីឡានេះ ធ្វើជាការិយាល័យក្រុមហ៊ុនផ្នែកពិធីការរបស់ខ្លួនផង។
លោក អេឡិច ចិន្ត្រា បានថ្លែងបញ្ជាក់ថា សរុបមកដល់ថ្ងៃនេះ លោកមានផ្ទះចំនួនកន្លែង៣កន្លែងហើយ ដែលធ្វើពិធីឡើងកន្លងមក ដោយផ្ទះ២មុន គឺប្រភេទផ្ទះល្វែងមួយជុងៗ ហើយលោកបានដាក់ជួលដើម្បីយកលុយ។ នេះមិនទាន់បញ្ចូលខុនដូដែលលោក គម្រោងទិញរស់នៅ ក្នុងពេលខាងមុខនោះផង។ លោកឲ្យដឹងបន្តថា វីឡាថ្មីនេះ មានតម្លៃជិតកន្លះលានដុល្លារ ដែលលោកបានសហការគ្នាទិញដាច់តែម្តង មានចំណែកឪពុកម្តាយរបស់លោក ជាអ្នកជួយមួយផ្នែកដែរ។
នៅផ្នែកខាងលើ លោកនឹងរៀបចំជាកន្លែងទទួលសេវាពិធីការ ដែលការងារនេះ លោកបានចាត់ចែងរៀបចំជាយូរមកហើយ។ ចំណែកផ្នែកនៅខាងក្រោម គឺបើកជាកន្លែងម៉ាស្សាជូនអ្នក នៅក្នុងបុរីនេះ ព្រោះមានបងប្អូនយើងជាង១ម៉ឺនគ្រួសារនៅទីនេះ មិនបាច់ទៅណាឆ្ងាយ យើងមានរៀបចំស្រាប់តែម្តង ហើយអាចកក់ជួលនៅតាមផ្ទះក៏បាន ពោលលោកសម្រេចចិត្តទិញដោយសារតំបន់នេះ មានតាំងពីមន្ទីរពេទ្យ ផ្សារទំនើប គឺល្អតែម្តង។ ផ្ទះដែលមាន២ទៅ៣កន្លែង គឺជួលទាំងអស់ ដោយយកលុយមករកស៊ី ហើយលោកស្នាក់នៅក្នុងខុនដូមួយកន្លែង៕
មតិយោបល់