ព័ត៌មានសិល្បៈ និងកម្សាន្ត

“គ្រួសារតារាកម្ពុជា” ចេញមុខរំលែកទុក្ខ DJ កណ្ដុរ

នៅព្រឹកថ្ងៃទី២១ មិថុនានេះ តារាសម្ដែងបែបក្រមិចក្រមើម និងជាអ្នកចម្រៀងដែលត្រូវគេស្គាល់ថា ឌីជេ កណ្ដុរ បានប្រកាសនៅក្នុង Group “គ្រួសារតារាកម្ពុជា” ដែលជា Group ប្រមូលផ្ដុំដោយតារាសិល្បៈ រួមទាំងអ្នកនិពន្ធ និងផលិតករថា បងប្រុសច្បងរបស់ខ្លួនស្លាប់ហើយ កាលពីម៉ោងជាង១ រំលងអធ្រាត្រឈានចូលថ្ងៃទី២០ មិថុនានេះ ដោយសារជំងឺគាំងបេះដូង។ យ៉ាងណាមិញ នៅមិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ច្បាស់ការពីលោកបាននៅឡើយទេ ដោយសារតែលោកកំពុងធ្វើដំណើរពីកន្លែងប្រគុំ Concert នៅខេត្តកំពង់ចាម។

ក្នុង Group “គ្រួសារតារាកម្ពុជា” លោកឌីជេ កណ្ដុរ បញ្ជាក់ថា លោកមានការរន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា បងប្រុសធំគាំងបេះដូងស្លាប់ ដែលបង្ខំឲ្យលោកសម្រេចចិត្តទម្លាក់ចោលកិច្ចច្រៀងរាំទាំងអស់ ដើម្បីទៅធ្វើបុណ្យសពឲ្យបងប្រុសនៅស្រុកកំណើត ដែលកំពុងរៀបចំនៅខេត្តព្រៃវែង ចម្ងាយប្រមាណជាង១០០ម៉ែត្រពីរង្វង់មូលស្ដូបខាងកើតបន្ទាយយោធា។ នៅក្នុងGroup “គ្រួសារតារាកម្ពុជា” ដដែលគេឃើញមានការបង្ហោះសាររំលែទុក្ខយ៉ាងគគ្រឹកគគ្រេងជូនដល់ឌីជេកណ្ដុរ ដែលជាគ្រួសារសព។

ក្នុងនោះសមាជិករបស់គ្រួសារតារាសិល្បៈក៏បានចែករំលែកនូវបច្ច័យចូលបុណ្យយ៉ាងសស្រាកសស្រាំផងដែរ ដូចជាលោក សែម វិសាល ចាងហ្វាងផលិតកម្ម Wonder Film Cambodia ប្រកាសចូលបុណ្យ២០ដុល្លារ លោក កុយ ស៊ីឌឿន ចាងហ្វាងផលិតកម្ម ឌីភី និងវិទ្យុឌីភីប្រកាសចូលបុណ្យ២០ដុល្លារ លោក សុខ ជំនោរ អ្នកនិពន្ធល្បីឈ្មោះប្រកាសចូលបុណ្យ៣០ដុល្លារ លោក ឃីម រតនៈ ហៅ Johny Khim ជាតារាសម្ដែងប្រកាសចូលបុណ្យ១០ដុល្លារ អ្នកនាង មាស លក្ខិណា តារាចម្រៀងប្រកាសចូលបុណ្យ១០ដុល្លារ និងតារាៗជាសមាជិកជាច្រើនរូបទៀតរបស់ក្រុមគ្រួសារតារាសិល្បៈក៏ប្រកាសចូលបុណ្យដូចគ្នា។

បន្ថែមពីលើនេះ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ និងជាស្ថាបនិករបស់ “គ្រួសារតារាកម្ពុជា” ក៏បានប្រកាសពីការដឹកនាំតារាសិល្បៈចុះទៅដល់កន្លែងសពនៅព្រឹកថ្ងៃទី២៥ មិថុនាខាងមុខនោះដែរ ដើម្បីជាការលើកទឹកចិត្តដល់សិល្បករលោកឌីជេ កណ្ដុរ ដែលត្រូវបាត់បង់បងប្រុស។ នេះជាការសហការកម្រឃើញដែលកើតចេញពីអ្នកសិល្បៈដូចគ្នា បើធៀបនិង Group តារាសិល្បៈផ្សេងទៀត ដែលធ្លាប់តែឃើញបង្កើតឡើង ដើម្បីបង្អួតនូវសកម្មភាពសិល្បៈដាក់គ្នា៕

មតិយោបល់