ព័ត៌មានសិល្បៈ និងកម្សាន្ត

ចិត្តមិនដាច់ ម៉ៅ ស៊ីណាត កំដរប្ដីទល់ភ្លឺ ពេលស្វាមីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាចម្រៀង អ្នកនាង ម៉ៅ ស៊ីណាត បានប្រកាសលែងលះជាមួយ លោក ហោ សែមវិសាល ជាស្វាមី ដោយអះអាងថា មានបញ្ហានឹងគ្នាមួយចំនួន ហើយមិនអាចបន្តរួមរស់។ ប៉ុន្តែកាលពីយប់ថ្ងៃទី២០ ឧសភា នៅពេលទទួលដំណឹងស្វាមីរបស់ខ្លួន មានគ្រោះថ្នាក់ធ្ងន់ អ្នកនាងបែរជាអ្នកចេញមុខពេញទំហឹង ទាំងការទៅកាន់កន្លែងកើតហេតុ បញ្ជូនស្វាមីចូលសង្គ្រោះបន្ទាន់ និងកំដរប្ដីទល់ភ្លឺ។

តាមការឲ្យដឹង ស្វាមីរបស់អ្នកនាងមានគ្រោះថ្នាក់ ក្នុងពេលជិះម៉ូតូនៅចំណុចអូឌឹម ជិតទីតាំងបម្រើការរបស់ខ្លួន បន្ទាប់ពីប៉ះទង្គិចពេញទំហឹង ជាមួយនឹងរមកម៉ូតូកង់៣ ដោយធ្វើឲ្យលោកដួលបោកក្បាលបែករយះយ៉ាងធំត្រង់ថ្ងាស ដូចត្រូវគេយកកំបិតវះ និងទំនងជាប៉ះពាល់ឆ្អឺងជើង និងផ្នែកខាងក្នុងធ្ងន់ធ្ងរគួរសម។ អ្នកនាងម៉ៅ ស៊ីណាត ត្រូវគេឃើញជាអ្នកទៅដល់កន្លែងកើតហេតុ បន្ទាប់ពីមានការខលប្រាប់ និងជាអ្នកបញ្ជូនលោកទៅកាន់តែបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ ដែលនៅប៉ុន្មានម៉ោងក្រោយ ក៏ត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកេតុមាលា ដែលគេស្គាល់ថាជាពេទ្យទាហាន។

អ្នកនាង ម៉ៅ ស៊ីណាត បញ្ជាក់ថាទោះទំនាក់ទំនងប្ដីប្រពន្ធមានរឿងប្រេះស្រាំក៏ដោយ តែមុនពេលគ្រោះថ្នាក់លោកនៅតែចេញចូលមើលកូនស្រី និងសុំត្រូវរ៉ូវជាមួយអ្នកនាងជាប្រចាំ ទើបអ្នកនាងមិនអាចដាច់ចិត្ត ហើយគ្រាន់តែបានដឹងថា លោកមានគ្រោះថ្នាក់អ្នកនាងចេញមុខដុតដៃដុតជើង។ នៅមិនទាន់ដឹងថា ស្វាមីរបស់ខ្លួន នឹងមានលទ្ធផលបែបណាក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកេតុមាលាទាំងកណ្ដាលយប់នោះទេ ដោយសារតែលទ្ធផលស្កេនខួបក្បាល និងការថតឆ្អឹងនៅមិនទាន់បានដឹង។ អ្នកនាងនិយាយថា ទោះជាអ្នកនាង និងស្វាមី មានរឿងខ្វែងគំនិត រហូតដល់ថ្នាក់ប្រកាសបែកគ្នា ប៉ុន្តែអ្នកនាងទប់ចិត្តមិនបាននោះទេ នៅពេលស្វាមីស្រាប់តែមានគ្រោះថ្នាក់ដល់ម្លឹង ជាពិសេសនៅពេលដែលស្វាមី របស់អ្នកនាង ត្រូវគេឃើញចាប់ដៃអ្នកនាងជាប់មិនអោយទៅណា ក្នុងពេលអ្នកនាងបញ្ជូនទៅកាន់កន្លែងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។

នៅក្នុងពេលនេះស្វាមីរបស់អ្នកនាងស្ថិតក្នុងការតាមដានពីក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យព្រះកេតុមាលាជិតវត្តភ្នំ ចំណែកលទ្ធផលនៅមិនទាន់ដឹងទេ ជាពិសេសផ្នែកក្បាលដែលរងការប៉ះទង្គិចធ្ងន់រហូតបណ្ដាលឲ្យរយះដូចត្រូវនឹងកាំបិត៕

មតិយោបល់