ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ ជំនោ ប្រឡូកបើកឆាកផលិតភាពយន្តខ្នាតធំ

ភ្នំពេញៈ ចាត់ទុកជាសញ្ញាណមួយថ្មី ដែលអ្នកនិពន្ធល្បីឈ្មោះលោក សុខ ជំនោរ បានប្រឡូកក្នុងការផលិតភាពយន្តលើកដំបូងក្នុងរឿង «ផ្ទះចិញ្ចឹមខ្មោច» របស់ផលិតកម្ម Wonder Film Cambodia ធ្វើឲ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីបានចេញទៅបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដាច់ចេញពីហង្សមាស។ យ៉ាងណាមិញ លោកមិនមែនជាផលិតករផ្ដាច់មុខនៅក្នុងភាពយន្តដំបូងនោះទេ គឺ គ្រាន់តែជាអ្នកដឹកនាំសម្ដែងនៅក្នុងផ្ទៃរឿងប៉ុណ្ណោះ។

ថ្លែងប្រាប់ Postnews លោកសុខ ជំនោរ បានអះអាងថា នេះជាការផលិតភាពយន្តលើកទី២ បន្ទាប់ពីលោកទទួលបានចំណេះដឹងក្នុងដឹកនាំសម្ដែងរាប់មិនអស់នៅក្នុងបទចម្រៀង និងប្រភេទរឿងខ្លី អស់រយៈពេលច្រើនឆ្នាំ។ លោកថា ខ្លួនបានវិវត្តន៍ពី អ្នកនិពន្ធបទចម្រៀងទៅជាអ្នកនិពន្ធបទភ្លេង និងបន្តទៅជាអ្នកដឹកនាំសម្ដែង ដែលក្នុងជំហានចុងក្រោយ គឺបានប្រឡូកក្នុងការដឹកនាំភាពយន្តខ្នាតធំទៅហើយ ដែលលោកយល់ថា នេះជាការរីកចម្រើន​ក្នុងអាជីព។

លោកបានបញ្ជាក់ថា នាពេលកន្លងមកលោកមិនដែលមានពេលប្រឡូកក្នុងការផលិតភាពយន្តនោះ ហើយក៏ចាត់ទុកនឹងក្លាយជាជោគជ័យថ្មី សម្រាប់ខ្សែរឿង «ផ្ទះចិញ្ចឹមខ្មោច» ដែលលោកទទួលដឹកនាំសម្ដែងតាំងពីដើមដល់ចប់ ដើម្បីមានឈ្មោះបោះសំឡេងក្នុងនាមជាអ្នកដឹកនាំសម្ដែងភាពដទៃទៀត បន្ទាប់ពីជោគជ័យរឿងនេះផងដែរ។ យ៉ាងណាក៏ដោយលោកថា មិនមានផលវិបាកសម្រាប់ការងារលើកដំបូងនេះទេ ដោយសារតែភាពយន្តខ្នាតធំ ក៏មិនខុសពីការដឹកនាំថតបទចម្រៀង និងថតរឿងខ្លី ដោយគ្រាន់តែត្រូវការប្លង់ច្រើនជាង និងត្រូវការលក្ខណៈបច្ចេកទេសច្រើនជាងប៉ុណ្ណោះ។ លោកហាក់រំពឹងច្រើនថា ការងារដំបូងនឹងមានផ្លែផ្លា ដោយសារតែសម្អាងថាផលិតកម្មដែលលោកចាប់ដៃ ជាស្ថាប័នដែលមានឆន្ទៈក្នុងការពង្រឹងគុណភាពសម្រាប់ផលិតភាពយន្ត។

លោកRock Lee ជាផលិតករភាពយន្តរឿង«ផ្ទះចិញ្ចឹមខ្មោច» បានអះអាងថានៅក្នុងរឿងនេះ លោកបានសម្រាំងផលិតករដែលមានបច្ចេកទេស និងមានស្នាដៃជាច្រើនឲ្យចាប់ដៃគ្នា ហើយនេះជាផ្លែផ្កាទី១ផងដែរ ដែលលោកទទួលបានលោកសុខ ជំនោរ ឲ្យមកដឹកនាំការសម្ដែងភាពយន្តរឿងនេះ បន្ទាប់ពីសុំការសហការពីអ្នកនិពន្ធ និងអ្នកដឹកនាំសម្ដែងរូបនេះយូរមកហើយ ប៉ុន្តែមិនដែលជោគជ័យ។ លោកថា នៅក្នុងរឿង «ផ្ទះចិញ្ចឹមខ្មោច» ផលិតកម្មនឹងធ្វើការចំណាយខ្ពស់ ដោយសារប្រភេទកាមេរ៉ា និងឧបករណ៍ក៏ទំនើបជាងមុន ហើយតួសម្ដែងក៏សុទ្ធតែល្បីដូចជានាយគ្រឿន ប៊ីអាយជី កញ្ញាដេនី ក្វាន់ និងតួអង្គល្បីឈ្មោះជាច្រើនទៀត ដែលសុទ្ធតែជាតួអង្គដែលមានទីផ្សារ។ រឿងនេះគ្រោងបញ្ចប់នៅរយៈពេល៦ខែខាងមុខ ដើម្បីទាក់ទាញទីផ្សារនៅតាមរោងកុន៕

មតិយោបល់