ព័ត៌មានសិល្បៈ និងកម្សាន្ត

អែនឌី ត្រឡប់ទៅកាន់ ជំនាន់នាងផ្កាយព្រឹក!

មិនត្រឹមបានបញ្ចេញបទនិពន្ធដើម្បីប្រជែងទីផ្សារជាថ្មីប៉ុណ្ណោះទេ តារាចម្រៀង លោកអែនឌី ក៏បានត្រឡប់ទៅកាន់ការគាស់កកាយបទចម្រៀងល្បីៗរបស់លោកដែលធ្លាប់ប្រទាញទីផ្សារយ៉ាងកក្រើកកាលពីអតីតកាលវិញផងដែរ។

ក្នុងនោះលោកទើបតែត្រូវគេឃើញបង្ហោះបទចម្រៀងជាថ្មី ដែលជាបទល្បីល្បាញក្នុងជំនាន់រឿង«ផ្កាយព្រឹក»ល្បីខ្ទរខ្ទារខ្លាំងនៅកម្ពុជា ដែលការសម្រួលតន្ត្រី និងច្រៀងជាថ្មី ហាក់គាស់អោយមហាជនបានស្គាល់បទល្បីរបស់លោកមួយនេះឡើងវិញនោះផង។

បទចម្រៀងដែលមានចំណងជើងថា«ផ្កាយព្រះសុក្រ» ដែលជាបទដកស្រង់ទាំងស្រុងពីភាពយន្តរឿង«នាងផ្កាយព្រឹក» ហើយធ្លាប់ធ្វើអោយលោកល្បីលេចធ្លោរក្នុងពិភពចម្រៀងខ្មែរ កាលពីអំឡុងមុនឆ្នាំ២០០០នោះ ដោយថែមទាំងបានចេញលក់នៅក្នុងផលិតកម្មធំ គឺផលិតកកម្មហង្សមាសផង។ វត្តមានបទនេះរបស់លោក បានជួយអោយលោកក្លាយជាតារាល្បីម្នាក់នាពេលនោះ ដោយសារតែនេះជាចម្រៀងដែលតួឯកប្រុសក្នុងរឿង«នាងផ្កាយព្រឹក»បកស្រាយជាភាសាថៃដោយផ្ទាល់ ហើយមានអ្នកគាំទ្រខ្លាំងក្លា។

បើទោះជាការបកស្រាយរបស់លោក គឺជាការកូពីពីបទថៃ ប៉ុន្តែគេនៅតែមើលឃើញថាការចាប់អារម្មណ៍ចំពោះតារារូបនេះ នៅតែខ្ពស់ ហើយមិនមានការរិះគន់ដូចបទកូពីក្នុងសម័យក្រោយទេ ដោយសារតែបទនេះល្បីមិនចាញ់សាច់រឿង«នាងផ្កាយព្រឹក» និងតួអង្គនាងផ្កាយព្រឹក ក្រោយពេលប៉ុស្ដិ៍IBC ដែលជាបច្ចុប្បន្នបានប្រែឈ្មោះថា ប៉ុស្ដិ៍លេខ៥ យកមកចាក់ផ្សាយ។ អ៊ីចឹងហើយ ទើបបទ«ផ្កាយព្រះសុក្រ» ដែលលោក អែនឌី ជ្រើសយកមកច្រៀងជាភាសាខ្មែរ ជួយអោយលោកកន្ត្រាក់ភាពល្បីល្បាញ ដោយមិនចំណាយទន់ច្រើន ហើយធ្វើអោយគេអោយស្គាល់ពីស្នាដៃរបស់លោកតាំងពីពេលនោះមក។

ជាមួយនឹងការផលិតករជាថ្មីនូវបទចម្រៀងដែលធ្លាប់ខ្ទរខ្ទារនេះ លោក អែនឌី នៅតែមានការចាប់អារម្មណ៍ ដោយសារតែបទមួយនេះ ទោះជាមានរយៈពេលក្បែរនឹង២០ឆ្នាំទៅហើយ តែស្ដាប់នៅតែពិរោះ និងកាន់តែប្លែកត្រចៀក នៅពេលដែលលើកយកមកធ្វើសាច់ភ្លេងថ្មី និងបកស្រាយជាថ្មី ហើយបង្ហោះជាថ្មី។ ជាពិសេសនៅពេលប្រៀបធៀបសំឡេងរបស់លោក ជាមួយម្ចាស់ដើម ដែលនាំអោយគេនឹកឃើញភាពខ្ទរខ្ទារក្នុងរឿង”ផ្កាយព្រឹក”ម្ដងទៀត។ លោកប្រកាសថានឹងគម្រោងចេញផលិតMV អោយបានឆាប់ៗនោះផង ជាមួយនឹងរំពឹងនឹងធ្វើស្នាដៃដែលធ្លាប់មានការទទួលស្គាល់ខ្លាំងមួយនេះ ទាក់ទាញជាថ្មី៕

https://www.youtube.com/watch?v=SJ1QO07voW0

មតិយោបល់