ព័ត៌មានសិល្បៈ និងកម្សាន្ត

DJ cake ចេញមុខបង្កើតឌីជេនារី បញ្ចេញទៅក្រៅបរទេស

លោកឌីជេខេកដែលធ្លាប់មានឈ្មោះល្បីក្នុងពិភពឌីជេរីកចម្រើនកាលពីប៉ុន្មានឆ្នាំមុនបានបង្ហាញក្តីព្រួយបារម្ភចំពោះកម្ពុជាយើងពុំសូវមានឌីជេផ្នែកនារីបើធៀបនឹងបុរស។ អ៊ីចឹងហើយ ទើបលោក ប្រកាសបណ្ដុះបណ្ដាលឌីជេនារី ដោយលោករំពឹងថា នឹងជួយឲ្យពួកគេទទួលបានការចាប់អារម្មណ៍ពីបរទេសនៅទីផ្សារក្រៅស្រុកនោះផង។

លោក បានថ្លែងបែបនេះ ក្នុងកម្មវិធី ”Kloud DJ IDol” ដែលរៀបចំធ្វើឡើងកាលពីយប់ថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៨នា DJs Station Pup ក្បែរកោះពេជ្ររាជធានីភ្នំពេញ ដោយប្រមូលផ្ដុំនូវធនធាននារីៗមួយចំនួន ដែលចង់ក្លាយជាឌីជេអាជីព។ ឌីជេខេកបានឲ្យដឹងថា លោកបានសហការទាំងឌីជេខ្មែរ និងបរទេសដើម្បីរៀបចំកម្មវិធីនេះឡើង ដោយគោលបំណងសំខាន់ គឺចង់ឲ្យតែនារីៗដែលស្រឡាញ់អាជីពឌីជេមានឱកាស ចូលរួមប្រកួតប្រជែង ហើយក្លាយជាឌីជេអាជីពប៉ុណ្ណោះ។

ឌីជេខេកបានសម្តែងការសោកស្តាយ ដែលមហាជនមួយចំនួននៅតែមិនឲ្យតម្លៃលើឌីជេនារី ពោលគឺប្រើពាក្យថាការងារឌីជេនារីមិនល្អ និងថាជាស្រីៗឡូយឆាយរកស៊ីតែពេលយប់ជាដើម។ ការប្រកួតប្រជែងនេះ លោកថាបឹងមានឌីជេនារី២០រូបត្រូវបានជ្រើសយកមកបណ្ដុះបណ្ដាលក្នុងចំណោមអ្នកដាក់ពាក្យ ដើម្បីឲ្យអ្នកទាំងនោះ បន្តប្រកួតគ្នាយកតែម្នាក់ជាអ្នកឈ្នះលេខ១។ លោកអះអាងថា ឲ្យតែមានឌីជេជំនាញ មិនខ្វះទេទីផ្សារក្រៅស្រុក ជាពិសេសគឺឌីជេនារី ដោយសារតែខាងបរទេសគេចូលចិត្តធ្វើការជាមួយឌីជេកម្ពុជា ព្រោះយើងក៏មានសមត្ថភាព ប្រាក់កម្រៃការងារក៏ធូរជាងឌីជេនៅក្នុងប្រទេសពួកគេ ហើយសំខាន់បំផុត គឺពលរដ្ឋយើង ជាជាតិសាសន៍មួយ ដែលឲ្យតម្លៃលើការងារ និងគោរពថៅកែ។ អ៊ីចឹងហើយទើបលោកបង្កើតការប្រកួតនេះឡើង ដើម្បីផ្ដល់ឱកាសឲ្យឌីជេនារី។

កញ្ញា ម៉ៅ ពេជ្រជី វ៉ាហៅឌីជេ Snow Yដែលចាប់ការងារជាឌីជេបានសម្តែងការអាក់អន់ចិត្តខ្លះដែរនៅពេលអាជីពឌីជេនារីនៅស្រុកខ្មែរមិនសូវមានការឲ្យតម្លៃ ហើយនាំឲ្យថយ។ ទោះជាយ៉ាងណាក្តីនាងនិងពុះពារចាប់អាជីពនេះ។ បន្ថែមពីលើកញ្ញាជីវ៉ាក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍ជូនដល់បេក្ខនារីឌីជេប្រឡងវគ្គថ្មីឲ្យអស់ពីចិត្តដោយគ្មានលាក់លៀម។

ការប្រកួតនេះ សម្រាប់ជ័យលាភីលេខ១ទទួលបានប្រាក់ពាន់ដុល្លារ និងឱកាសបណ្ដុះបណ្ដាលឲ្យក្លាយជាអ្នកអាជីពចេញទៅទីផ្សារក្រៅប្រទេស។ ក្នុងនោះលេខ២ និងលេខ៣ ក៏ក្រុមការងារនឹងជួយស្វះស្វែងរកកន្លែងឲ្យចូលធ្វើការ ដើម្បីមានប្រាក់ចំណូលផងដែរ ពិសេសគឺទីផ្សារក្រៅប្រទេសដូចគ្នា៕

មតិយោបល់