ព័ត៌មានជាតិ

Update៖ ម៉ូតូបុកម៉ូតូ ស្លាប់បុរសវ័យចំណាស់ម្នាក់ និង៣នាក់ទៀតរបួសធ្ងន់ស្រាល!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលបុរសវ័យចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្សប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅកាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ សូរ សាវី អាយុ៦២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ចំណែកឯភាគីម្ខាងទៀតទី១-ឈ្មោះ ហេង វិបុត្រ អាយុ ៣៤ឆ្នាំ មុខរបរ រត់កង់បី (ប្តីរងរបួសជើងខាងឆ្វេងធ្ងន់ធ្ងរ និងទី២-ឈ្មោះ វ៉ាន់ ថារី អាយុ ៣៤ឆ្នាំ មុខរបរ មេផ្ទះ ប្រពន្ធ និងកូនអាយុ២ខួប មានរងរបួសស្រាល។ បច្ចុប្បន្នអ្នកទាំង ៣នាក់ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញម៉ូតូ មួយគ្រឿង ម៉ាកឌ្រីមសង់ សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ1CI-4311 បានធ្វើដំណើរចំនួន៣នាក់ក្នុងនោះមានក្មេងប្រុសម្នាក់អាយុ២ខួប ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណ:ដែលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបត់ស្តាំដៃឆ្លងផ្លូវ ភ្លាមៗនោះ ស្រាប់តែមានម៉ូតូ មួយគ្រឿងទៀតម៉ាក ឌ្រីមសង់ សេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1B-1453 ដែលដោយបុរសវ័យចំណាស់ខាងលើបានជិះក្នុងទិសដៅពីត្បូងទៅជើង ក៏បានបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យបុរសវ័យចំណាស់ដែលជាអ្នកបើកបរម៉ូតូនោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯភាគីម្ខាងទៀតបានរងរបួសស្រាល ត្រូវបានដឹកតាមម៉ូតូកង់បីយកទៅជួយសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងសមត្ថកិច្ចចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងយកម៉ូតូទាំង ២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមក្រោយ។ ចំណែកឯសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅវត្តជោត្តមង្គលហៅវត្តព្រែកព្នៅ៕

មតិយោបល់