ព័ត៌មានអន្តរជាតិ

មេដឹកនាំកោះតៃវ៉ាន់ ជំរុញពិភពលោករួបរួមគ្នា ដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិន

តៃវ៉ាន់ៈ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី តៃ្ស អ៊ីងវេន បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ប្រឆាំងនឹងប្រទេសចិន ដោយឈរលើសិទ្ធិសេរីភាពរបស់ពួកគេ ខណៈលោកស្រី បានបញ្ជាក់ថា អ្នកជិតខាងដ៏ធំរបស់ក្រុងតៃប៉ិ កំពុងគំរាមកំហែងជាសកល ដល់លទ្ធិប្រជាធិបតេយ្យ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

ការអត្ថាធិប្បាយរបស់លោកស្រី នៅក្នុងបទសម្ភាសផ្តាច់មុខមួយ ជាមួយភ្នាក់ងារ AFP កាលពីថ្ងៃច័ន្ទ ដោយវាបានកើតទ្បើង ចំពេលដែលតៃវ៉ាន់ ប្រឈមនូវអ្វីដែលលោកស្រី ត្សៃ បានហៅថា «សម្ពាធដ៏ធំសម្បើមពីទីក្រុងប៉េកាំង»។

ក្នុងនោះលោកស្រី បានអំពាវនាវដល់បណ្ដាប្រទេសដទៃ ឲ្យរួបរួមជាមួយតៃវ៉ាន់ ប្រឆាំងនឹងគោលបំណងរបស់ក្រុមអ្នកវាតទីនិយមចិន ក៏ដូចជាដើម្បីការពារតម្លៃនៃសិទ្ធិសេរីភាពរបស់ប្រទេសពួកគេផងដែរ។

ដោយលោកស្រី ត្សៃ បានអះអាងថា៖ «នេះមិនមែនគ្រាន់តែជាការប្រកួតប្រជែងរបស់តៃវ៉ាន់ម្នាក់ឯងនោះទេ តែវាគឺជាការប្រកួតប្រជែង នៅក្នុងតំបន់ និងពិភពលោកទាំងមូល ព្រោះថ្ងៃនេះ គឺជាកោះតៃវ៉ាន់ ប៉ុន្តែថ្ងៃស្អែក វាអាចប្រហែលជាប្រទេសដទៃទៀត ដែលនឹងប្រឈមមុខ នឹងការពង្រីកឥទ្ធិពលរបស់ចិន ហើយលទ្ធិប្រជាធិបតេយ្យ និងសេរីភាពក្នុងការធ្វើពាណិជ្ជកម្មរបស់ពួកគេ នៅថ្ងៃណាមួយ នឹងប៉ះពាល់ដល់ប្រទេសមួយនេះ»៕

មតិយោបល់