គ្មានអ្នកណាមិនដឹងនោះទេ ថាសាច់រឿងក្នុងបទចម្រៀង«ឧបសគ្គស្នេហ៍» គឺជាស្នាដៃរបស់កវី និងអ្នកជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះ បប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា(Rith Omega) ដោយសាច់រឿងក្នុងបទចម្រៀងនេះត្រូវបានគេចាប់អារម្មណ៍តាំងពីមិនទាន់ដំណើរការចេញថតនោះម្ល៉េះ និងទើបចេញសាច់រឿងក្នុងបទចម្រៀងប្រុសរបស់លោកហាក់។ អ្វីដែលកាន់តែធ្វើអោយម្នាក់ៗចាប់អារម្មណ៍ទៅទៀត គឺនៅពេលដែលសាច់រឿងបទស្រីដែលបកស្រាយដោយតារាចម្រៀងកញ្ញា ស៊ូស៊ីរីកា ចាប់ផ្ដើមចេញថត គឺតារាស្រីរូបនេះត្រូវគេឃើញលះបង់គួរអោយសរសើរដោយសារតែអ្នកនិពន្ធ និងអ្នកដឹកនាំសាច់រឿង បានតម្រូវអោយនាងថតប្លង់លំបាកៗច្រើន ទម្រាំតែបានបញ្ចប់ ខណៈដែលមួយសាច់រឿងនេះគឺនាងត្រូវគេឃើញលង់ទឹកផង និងថតហាលក្ដៅផង ដល់ថ្នាក់របកស្បែកទាំងផ្ទាំងៗ។
ស៊ូស៊ីរីកា និយាយថា មិនដែលមានការសម្ដែងបទណាដែលលំបាកដូចការសម្ដែងក្នុងបទ«ឧបសគ្គស្នេហ៍»របស់លោក រិទ្ធ អូមេហ្គា នោះទេ ដោយនាងបានត្រូវលោកតម្រូវអោយលោតទឹកក្នុងកម្ពស់១២ម៉ែត្រ ហើយលង់ឈ្លក់ទឹកមែនទែន ដោយកុំតែមានការជួយសង្គ្រោះទាន់ពេល ប្រហែលជានាងត្រូវឈ្លក់ទឹកមែនទែន។ កញ្ញាថាមួយរឿងនេះ គឺថត៤ថ្ងៃពេញ ហើយភាគច្រើនក៏ថតដល់ម៉ោង៣ម៉ោង៤ភ្លឺដែរ ខណៈដែលស្បែករបស់នាងក៏ត្រូវនៅថតហាលថ្ងៃរហូតដល់ថ្នាក់របកដូចគេបកស្បែក។ កញ្ញាថាមួយរឿងនេះ គឺនាងបូជាតែម្ដង ដើម្បីសិល្បៈ ជាពិសេសគឺការលោតទឹក និងលង់ទឹកចង់ផុតដង្ហើមមែនទែន ដែលនាងយល់ថាដើម្បីតម្រូវអោយត្រូវនឹងសាច់រឿងដែលចង់បាន។ យ៉ាងណាមិញ កញ្ញាថានឹងទទួលជោគជ័យសម្រាប់ការគាំទ្រ ដោយសារតែសាច់រឿងដែលនាងសម្ងំថាគឺជាសាច់រឿងមិនធម្មតា បន្ទាប់ពីបទ«ឧបសគ្គស្នេហ៍»របស់តារាចម្រៀងប្រុស បានក្លាយជា MV ផ្ទុះក្នុងស្រទាប់មហាជន។
លោក រិទ្ធ អូមេហ្គា និយាយថា ដោយសារតែលោកចង់បានសាច់រឿងមួយខ្លាំង ទើបលោកត្រូវអោយតួអង្គស្រី គឺស៊ូស៊ីរីកា តស៊ូក្នុងការសម្ដែងបទនេះ ដោយលោកបញ្ជាក់ថាបើទោះជានាងត្រូវពលីច្រើនជាងបទមុនៗបន្តិចមែន តែមួយរឿងនេះ លោករំពឹងថានឹងផ្ទុះខ្លាំង ជាពិសេសនៅពេលសាច់រឿងដែលសម្ដែងដោយ ស៊ូស៊ីរីកា ទាំងមូលត្រូវបានចេញបង្ហោះ៕
មតិយោបល់