នៅលើបណ្ដាញហ្វេសប៊ុក គេនៅតែឃើញតារាសម្ដែងកូនកាត់ខ្មែរឥស្លាម កញ្ញា ណាតាហ្សា នៅតែញញឹមក្នុងសកម្មភាពLive លក់សំលៀកបំពាក់មិនខុសពីមុន បើទោះជាគេដឹងថាកញ្ញាមានទុក្ខជាន់ទុក្ខនៅក្នុងគ្រួសារ។ យ៉ាងណាមិញ កញ្ញាថាស្នាមញញឹម ដែលមហាជនបានឃើញ គឺគ្រាន់តែជាស្នាមញញឹមក្លែងក្លាយ ដើម្បីកុំអោយប៉ះពាល់ដល់មុខរបររបស់នាងប៉ុណ្ណោះ។
កញ្ញា ណាតាហ្សា និយាយថា កាលពីថ្ងៃទី២១ កក្កដា កញ្ញាមានទុក្ខយ៉ាងទម្ងន់ដោយសារតែ អ៊ុស្រីបង្កើតរបស់អ្នកនាងបានទទួលមរណភាព ហើយស្រាប់តែនៅប៉ុន្មានម៉ោងបន្ទាប់បងប្រុសរបស់នាងក៏ត្រូវគាំងបេះដូង ដោយសារតែជំងឺហើយត្រូវបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។ នាងថាស្ថានភាពដែលគ្រួសាររបស់នាងបានជួបក្នុង២បីថ្ងៃចុងក្រោយ គឺមិនខុសពីទូលភ្នំនោះទេ ខណៈដែលនាងត្រូវរត់ចុះរត់ឡើងទៅវិហារដើម្បីធ្វើបុណ្យអោយអ៊ុស្រីផង ត្រូវទៅមើលបងប្រុសនៅក្នុងមន្ទីរពេទ្យផង និងត្រូវបន្តការងារលក់ឥវ៉ាន់នៅលើអនឡាញដើម្បីប្រាក់ចំណូលផង។ កញ្ញានិយាយថា«ខ្ញុំមិនដែលជួបទុក្ខអីដល់ថ្នាក់នឹងទេ អ៊ុ(ស្រី)កំពុងធ្វើបុណ្យសពហើយ ស្រាប់តែបងប្រុសចូលសង្គ្រោះបន្ទាន់ គាំងបេះដូងទៀត!»។
កញ្ញាថា នាងទោះជាមានទុក្ខដល់ម្លឹង តែក៏នៅតែផ្ដល់ស្នាមញញឹមក្នុងកម្មវិធីLive លក់សំលៀកបំពាក់ដដែល ដោយសារតែនាងរាល់ថ្ងៃក៏ពឹងមួយផ្នែកលើមុខរបរតាមហ្វេសប៊ុកនេះ ដើម្បីផ្គត់ផ្គង់ការចំណាយ ដើម្បីទប់នឹងការងារសិល្បៈដែលស្ងាត់ជាងមុន។ នាងថាស្ថានភាពរាល់ថ្ងៃគឺអត់លំបាកនោះទេ ប៉ុន្តែក៏មិនស្រួលនោះដែរ ដោយសារតែនាងមិនមែនជាតារាដែលយកសិល្បៈធ្វើឈ្នាន់ដោយមានអ្នកចិញ្ចឹម និងមិនមែនជាតារាដែលមានជីវិភាពសំបូរហូរហៀរ។ នាងថាចាប់តាំងពីគម្រោងសង់ផ្ទះមួយកន្លែងរបស់នាងត្រូវបានរួចរាល់ នាងត្រូវការចំណាយច្រើនណាស់ ជាពិសេសគឺការស្វែងរកថវិកាដើម្បីដោះស្រាយបំណុលធនាគាដែលប្រើការក្នុងការបង្គ្រប់ថ្លៃសង់ផ្ទះនោះតែម្ដង អ៊ីចឹងហើយទើបនាងត្រូវទទួលការងារសិល្បៈ និងត្រូវចំណាយពេលLive លក់សំលៀកបំពាក់មិនហ៊ានសម្រាក ដើម្បីកុំអោយប៉ះពាល់ដល់ប្រាក់ចំណូល។ នាងបង្ហើបថាខ្លួនហត់ ខ្លួនមានទុក្ខ តែមិនអាចដេកដួលរមួលផ្សំគ្រិចព្រោះតែអម្រែកទុក្ខនោះទេ បើដូច្នេះស្ថានភាពរស់នៅរបស់នាង និងគ្រួសារនឹងមានបញ្ហា។ នាងនិយាយទាំងក្ដុកក្ដូលថា«មិនអោយគ្នាប្រឹង(Live លក់សំលៀកបំពាក់)យ៉ាងមិច បើរាល់ថ្ងៃខ្ញុំដូចតែមេគ្រួសារដែរនឹង ចឹងអត់យករឿងទុក្ខសោកនឹងមកទូលទុក្ខកើតទេ គឺ ពិបាកយ៉ាងណាក៏ត្រូវតែញញឹម ត្រូវតែប្រឹងLive លក់ដែរ ព្រោះបើខានលក់មួយថ្ងៃ ខាតមិនតិចទេ!»។
ណាតាហ្សា និយាយថា នាងគឺជនជាតិចាមតែម្នាក់គត់ ដែលស្រឡាញ់វិស័យសិល្បៈខ្មែរ ហើយនាងក៏នឹងប្រឹងពុះពារនៅក្នុងវិស័យមួយនេះ ដោយមិនខ្លាចពីការរិះគន់ក្នុងចំណោមបងប្អូនខ្មែរឥស្លាមនោះទេ ខណៈដែលក្នុងពេលនេះ សហគមន៍ខ្មែរឥស្លាមភាគច្រើនក៏ទទួលស្គាល់ពីការប្រឹងប្រែងរបស់នាងនៅក្នុងវ័ស័យសិល្បៈខ្មែរផងដែរ។ ក្នុងនោះនាងក៏ប្រឹងក្នុងអាជីពជាអ្នកលក់សំលៀកបំពាក់ និងវ៉ែនតា តាមអនឡាញផងដែរ ដើម្បីបង្កើនចំណូលដែលនាងប្រកាសថាអាចជួយអោយនាងរកចំណូលបានខ្ពស់រាល់ថ្ងៃ៕
មតិយោបល់