ព័ត៌មានសិល្បៈ និងកម្សាន្ត

មានទុក្ខម្លឹងហើយ! ករុណា ពេជ្រ ចេញមុខដឹកនាំតារាមួយក្រុម ចុះជួយដល់អ្នកទឹកជំនន់ទៀត

ខណ:ដែលទឹកជំនន់បន្តវាយលុកនៅតាមបណ្ដាខេត្តកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា ដោយធ្វើឲ្យពលរដ្ឋច្រើនគ្រួសារទទួលរងការលិចលង់នោះ គេឃើញបណ្ដាសប្បុរសជនជាច្រើនបានរួមកម្លាំងគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌គួរឲ្យសរសើរ។ យ៉ាងណាមិញ គេនៅតែកោតសរសើរចំពោះតារាចម្រៀង លោក ករុណា ពេជ្រ មិនដាច់ពីមាត់ ក្នុងពេលដែលោកត្រូវគេដឹងថាមានទុក្ខជាប់ខ្លួនរឿងឪពុកមានជំងឺធ្ងន់ និងបានប្រកាសលក់ផ្ទះ តែនៅមិនទាន់ដាច់ហើយនោះ ស្រាប់តែបានចេញមុខដឹកនាំតារាមួយក្រុមស្វែងរកជំនួយចុះជួយដល់គ្រួសារដែលរងគ្រោះដោយទឹកជំនន់ទៅទៀត។

លោកបានបង្ហោះនៅលើគណនីយផ្ទាល់ខ្លួនថាបានដឹកនាំតារាច្រើននាក់ ដោយមានទាំងអំណោយ និងថវិកាជាច្រើន ដែលខំស្វះស្វែងរកបាន ទៅចែកដោយផ្ទាល់ដល់គ្រួសាររងគ្រោះ នៅភូមិរំលោង សង្កាត់កណ្តោលដុំ ក្នុងខេត្តកំពង់ស្ពឺ រហូតដល់១៧៩គ្រួសារ។ លោកករុណា ពេជ្រ បានសរសើរនៅលើហ្វេសប៊ុកថា«ថ្ងៃនេះ ខ្ញុំបាទ ករុណា ពេជ្រ បានដឹកនាំ តារាចម្រៀងប្រចាំ ផលិតកម្ម ថោន ដូចជា អ្នកនាង កាតុ, លោក សុគន្ធ ថេរាយុ ,និង កញ្ញា ឈិត សុវណ្ណបញ្ញា បានចូលរួម វិភាគទាន និងបានពាំនាំនូវអំណោយ និងថវិកា របស់បណ្តាក្រុមហ៊ុន និង សប្បុរសជន ក្នុងនិងក្រៅប្រទេសន ជូន ដល់អ្នកដែលរងគ្រោះដោយសារទឹកជំនន់ នៅភូមិរំលោង សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ ចំនួន ១៩៧គ្រួសារ និង ឃុំ តាំងស្យា ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ១៤៨ គ្រួសារ សរុប ទាំងអស់ ៣៤៧ គ្រួសារ»។

លោក សុគន្ធ ថេរ៉ាយុ ឯណោះវិញ ក៏បានសរសេរបង្ហោះស្រដៀងគ្នាដែរថា«២៤-០៧-២០១៨ ថ្ងៃនេះយើងខ្ញុំ ជាតារាចម្រៀងប្រចាំ ផលិតកម្ម ថោន ដូចជា អ្នកនាង កាតុ, លោក ករុណា ពេជ្រ និង កញ្ញា ឈិត សុវណ្ណបញ្ញា បានចូលរួម វិភាគទាន និងបានពាំនាំនូវអំណោយ និងថវិកា របស់បណ្តាក្រុមហ៊ុន និងសប្បុរសជន ក្នុង និង ក្រៅប្រទេស ជូនដល់អ្នកដែលរងគ្រោះ ដោយសារទឹកជំនន់ នៅភូមិរំលោង សង្កាត់កណ្តោលដុំ ចំនួន ១៩៧គ្រួសារក្នុងនោះមាន៖ មី ១កេះ, អង្ក ២០គីឡូក្រាម, ទឹកត្រី ១យួរ, ឃិត ១កញ្ចប់, ថវិកា ២០,០០០រៀល»។

សកម្មភាពរបស់តារាសិល្ប:ទាំងនេះ បានធ្វើឲ្យម្នាក់ៗលាន់មាត់សរសើរយ៉ាងខ្លាំង ប៉ុន្តែគេនៅតែសរសើរចំពោះលោក ករុណា ពេជ្រ ខ្លាំងជាងគេ ដោយសារតែលោកត្រូវគេដឹងថាមានទុក្ខមិនទាន់ធូរស្រាលផង តែនៅតែមានតែទឹកចិត្តសប្បុរសធម៌ ចេញមុខអំពាវនាវស្វែងរកជំនួយ និងបានដឹកនាំតារាសិល្ប:នៅក្នុងផលិតកម្មថោន ចុះទៅដល់តំបន់រងគ្រោះដោយផ្ទាល់ ដើម្បីបង្ហាញការចូលរួមចែករំលែក៕

មតិយោបល់