ព័ត៌មានអន្តរជាតិ

Update៖ បាក់​ទំនប់​វារីអគ្គិសនី​ជន់​លិច​ភូមិ​នៅ​ឡាវ​ មនុស្សរាប់រយនាក់បាត់ខ្លួន ខណៈរាប់ពាន់នាក់ទៀត ត្រូវជម្លៀសខ្លួនចេញ

ទ្បាវៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងកាលពីថ្ងៃអង្គារថា មនុស្សរាប់រយនាក់បានបាត់ខ្លួន ហើយរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរជម្លៀសខ្លួនចេញ បន្ទាប់ពីបាក់​ទំនប់​វារីអគ្គិសនីមួយ ​នៅភាគខាងត្បូងឡាវ ដែលបង្កឲ្យមានទឹកជំនន់នៅតាមភូមិចំនួន ៦ ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។

ទំនប់វារីអគ្គិសនី Xepian-Xe Nam Noy បានបាក់រលំកាលពីវេលាម៉ោង ៨យប់ថ្ងៃច័ន្ទ បានបញ្ចេញទឹក​ជន់ជោរ ​​ប្រមាណជា ៥ពាន់លានម៉ែត្រគូប ទៅក្នុងសង្កាត់ San Sai របស់ខេត្ត Attapeu ដោយភ្លាមៗផងដែរ អាជ្ញាធរ​បាន​​ប្រតិបត្តិការបន្ទាន់ ដើម្បីជម្លៀស​ប្រជាជនចេញ ខណៈដែលមានការភ័យខ្លាច និងមិនទាន់ដឹងទេថា តួលេខអ្នកស្លាប់មានប៉ុន្មានអ្នកនោះ។

មកទល់ពេលនេះ អាជ្ញាធរខេត្ត បានចេញការអំពាវនាវសុំជំនួយគ្រាអាសន្ន រួមមានសម្លៀកបំពាក់ ស្បៀង ទឹក ថ្នាំពេទ្យ លុយ និងវត្ថុចាំបាច់ផ្សេងទៀត មកពីបក្ស រដ្ឋាភិបាល សហគមន៍ធុរកិច្ច មន្រ្តី ប៉ូលិស និងកងកម្លាំងប្រដាប់អាវុធ រួមទាំងប្រជាជនទូទៅ។

សូមជំរាបថា ឡាវជាប្រទេសក្រីក្របំផុតមួយ នៅអាស៊ី ដោយប្រទេសមួយនេះ បានផ្លាស់ប្តូរពីរបបកុំម្មុយនីស្ត មកជាសេដ្ឋកិច្ចទីផ្សារ តែនៅតែគ្រប់គ្រងដោយបក្សតែមួយ ហើយសេរីភាពមានកំណត់ គឺពុំមាន​សេរីភាពសារព័ត៌មានពិតប្រាកដនោះទេ ខណៈអ្នកយកព័ត៌មានបរទេស ត្រូវធ្វើការនៅក្រោមការបន្ដឹងបំផុត៕

មតិយោបល់