នៅលើគណនេយ្យហ្វេសប៊ុកផ្លូវការរបស់លោក ឃុន ធារិទ្ធិ ហៅ Rith Omega ត្រូវគេឃើញបង្ហោះពីសកម្មភាពយ៉ាងកម្រ ដែលធ្វើអោយអ្នកដឹកនាំសម្ដែងប្រចាំនៅក្នុងផលិតកម្មថោនរូបនេះ ទទួលបាននូវការសរសើរយ៉ាងខ្លាំង ជុំវិញសកម្មភាពដែលលោកបានធ្វើដោយផ្ទាល់ នៅតាមមណ្ឌលប្រលងរបស់សិស្សសាលានៅខេត្តបាត់ដំបង។
លោកត្រូវគេឃើញឈរចែកទឹកសុទ្ធ និងភេសជ្ជៈប្រចាំហាងឆប់ឆាហ៍របស់លោកនៅបាត់ដំបង ដល់មណ្ឌលប្រលងតែម្ដង ដោយលោកប្រកាសនៅលើហ្វេសប៊ុក សុខចិត្តបោះចោលការងារដោយផ្ទាល់ ដើម្បីលើកទឹកចិត្តដល់អ្នកប្រលង។
យោងតាមវីដេអូ និងរូបភាពដែលបានបង្ហោះ គឺលោក និងក្រុមការងារបានដឹកភេសជ្ជៈទាំងកែវៗ ជាមួយនឹងទឹកសុទ្ធរហូតដល់រាប់រយយួរ ហើយឈរចែកដល់សិស្សនៅតាមមណ្ឌលប្រលងតែម្ដង ដើម្បីចែកជូនដល់អ្នកប្រលងនៅក្នុងតាមមណ្ឌលវិទ្យាល័យសោហឺ មណ្ឌលវិទ្យាល័យព្រះមុន្នីវង្ស និងមណ្ឌលវិទ្យាល័យសម្ដេចឪ ដែលសុទ្ធតែជាមណ្ឌលប្រលងសំខាន់ៗប្រចាំនៅទីរួមខេត្តបាត់ដំបង។ មិនត្រឹមតែបេក្ខជនប្រលងប៉ុណ្ណោះទេ សូម្បីតែក្រុមសមត្ថកិច្ច និងអាណាព្យាបាលមួយចំនួន ក៏ត្រូវគេឃើញបានទទួលភេសជ្ជៈ និងទឹកសុទ្ធពីលោក និងក្រុមការងារ ដែលឈរច្រើនម៉ោងដើម្បីចែកជូនដោយផ្ទាល់នោះដែរ។ លោកបានបង្ហោះនៅលើហ្វេសប៊ុកថា សម្រចចិត្តចុះចែកទឹកសុទ្ធជូនដល់បេក្ខជនប្រលងនៅម៉ោងចូលប្រលង និងម៉ោងចេញម្ដងទៀត ខណៈដែលលោកក៏ត្រូវឃើញលើកដាក់ទឹកសុទ្ធ និងភេសជ្ជៈពីមណ្ឌលមួយទៅមណ្ឌលមួយ ដើម្បីអោយសិស្សប្រលងនៅក្នុងមណ្ឌលប្រលងទាំង៣ បានទទួលភេសជ្ជៈ និងទឹកសុទ្ធមិនគិតថ្លៃ។ គេឃើញលោក និងក្រុមការងារឈរចែកទឹកសុទ្ធទាំងភ្លៀងនោះផង ក្នុងថ្ងៃប្រលងចុងក្រោយកាលពីពេលរសៀល។
ទង្វើ និងកាយវិការរបស់លោក បានធ្វើអោយម្នាក់ៗមានការកោតសរសើរយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលលោកត្រូវគេដឹងថារវល់នឹងការងារមុខជំនួញ និងដឹកនាំថតMV សឹងមិនមានពេលសម្រាក ប៉ុន្តែបែរជាបានបង្ហាញមុខក្រឡឺមឈរចែកទឹកសុទ្ធដោយផ្ទាល់ នៅមុខមណ្ឌលប្រលងក្នុងខេត្តបាត់ដំបង ដោយលោកឈរចែករហូតដល់អស់ទឹកសុទ្ធរាប់រយយួរដែលបានបម្រុងទុក។ មិនទាន់ដឹងថាអ្វីដែលជំរុញអោយលោកសម្រេចចិត្តធ្វើសកម្មភាពមួយនេះ យ៉ាងលំបាកដល់ម្លឹងនោះទេ ប៉ុន្តែយោងតាមអ្វីដែលលោកផុសបង្ហោះគឺដើម្បីចូលរួមលើកទឹកចិត្តដល់បេក្ខជនបេក្ខនារីដែលបានចូលរួមប្រលងថ្នាក់បាក់ឌុប អោយកាន់តែមានកម្លាំងចិត្ត៕
មតិយោបល់