ខុសពីការប៉ាន់ស្មានដែលថា អ្នកស្រី ចាន់ ស្រីនុច ហៅចែមុំមីកាសា នឹងបាត់មុខពីពិភពជំនួញ ឬបើត្រលប់មកកាន់អាជីពចាស់វិញ ក៏មិនអាចប្រមូលបាននូវការគាំទ្រ ព្រោះតែអ្នកស្រីមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ តែជាការកត់សម្គាល់ឃើញថា អតីតជើងខ្លាំងក្នុងមុខជំនួញធ្វើសក់ និងផាត់មុខរូបនេះ ចាប់ផ្ដើមប្រទាញបានប្រជាប្រិយភាពជាថ្មី ទាំងការគៀរគរតារាសិល្បៈឲ្យចេញចូលហាងដែលទើបបើកថ្មី ទាំងការផ្លាស់ប្ដូរជីវិតឯកជន ឲ្យហ៊ឺហារឡូយឆាយ។
អ្នកស្រីបានទាំងអះអាងថា នឹងធ្វើជំនួញបើកហាងធ្វើសក់ ផាត់មុខ ឲ្យខ្លាំងស្មើនឹងកាលបើកហាងមីកាសា នោះផង ដើម្បីវាយលុកទីផ្សារជំនួញ។ គ្មានអ្នកណាមិនដឹងនោះទេ ថា អ្នកស្រីចាន់ ស្រីនុច គឺជាម្ចាស់ហាងមីកាសាដែលមានឥទ្ធិពលម្នាក់ ក្នុងរង្វង់សិល្បៈ ដោយតារាសិល្បៈស្ទើរតែ៩០ភាគរយ នៅក្នុងពេលនោះ សុទ្ធតែបានចេញចូលនៅហាងរបស់អ្នកស្រី ដែលធ្វើឲ្យអ្នកស្រីទទួលបានជោគជ័យយ៉ាងកក្រើកស្រទាប់មហាជននៅក្នុងមុខជំនួញ។
ការដួលរលំហាងធ្វើសក់មីកាសា បានធ្វើឲ្យបណ្ដាហាងផ្សេងៗ ចាប់ផ្ដើមពង្រីកយកឥទ្ធិពលជាជំនួស ប៉ុន្តែគេនៅតែមើលឃើញថា បណ្ដាហាងសាឡនដែលមានទាំងចាស់ និងហាងថ្មីៗ មិនអាចប្រមូលយកប្រជាប្រិយភាពតែម្នាក់ដូចកាលហាងមីកាសាឡើងកូដនោះទេ ដែលមានន័យថា បណ្ដាហាងសាឡនខ្លាំងនៅក្នុងពេលនេះ បានត្រឹមតែហែកចែកទីផ្សាររបស់ហាងមីកាសា ដែលធ្លាប់ក្ដោបក្ដាប់កាលពីមុនប៉ុណ្ណោះ។
ស្របពេលដែលបណ្ដាហាងទាំងនោះ កាន់តែរឹងមាំក្នុងអាជីពផង ទើបធ្វើឲ្យវត្តមានត្រលប់មកវិញរបស់អ្នកស្រី ចាន់ ស្រីនុច ព្រមជាមួយនឹងការបើកហាងសាឡនមួយថ្មីឈ្មោះ Nitta Salon នៅខាងក្រោយផ្សារទួលគោក ជាប់អតីតហាងស៊ុបតារាសម្ដែង សារាយ សក្ខណា ហាក់មិនធ្វើឲ្យអ្នកមានមុខជំនួញស្រដៀងអ្នកស្រីព្រឺខ្នង។
យ៉ាងណាមិញ អ្វីដែលម្នាក់ៗប៉ាន់ស្មាន ចាប់ផ្ដើមលេចឡើងនូវចំណុចផ្ទុយស្រឡះ ដោយសារតែគេកត់សម្គាល់ថាហាងសាឡនថ្មីរបស់អ្នកស្រី ចាប់ផ្ដើមប្រមូលតារាសិល្បៈល្បីៗនាពេលបច្ចុប្បន្ន និងជំនាន់មុនឲ្យចេញចូលច្រើនឡើងនាពេលចុងក្រោយ ដោយតារាទាំងនោះ ក៏ដើរតួជាអ្នកឃោសនា យ៉ាងសកម្ម ធ្វើឲ្យអាជីវកម្មរបស់អ្នកស្រី ចាប់ផ្ដើមលេចឈ្មោះបោះសំឡេង។
អ្នកស្រីចាន់ ស្រីនុច ក៏ទើបតែត្រូវគេឃើញកុម្ម៉ង់រថយន្តឡិចស៊ីស ៥៧០ ឆ្នាំ២០១៦ យ៉ាងសន្លាងជិះបង្អួតអ្នកសិល្បៈនោះដែរ ទើបធ្វើឲ្យគេកាន់តែមើលឃើញពីតម្លៃរបស់អ្នកជំនួញរូបនេះ ដែលកាន់តែងាយឲ្យអ្នកស្រីឈរជើងរឹងមាំក្នុងរង្វង់អ្នកសិល្បៈ ដែលធ្លាប់មើលស្រាលដល់អ្នកស្រីក្នុងអំឡុងជាប់ពន្ធនាគារ។
អ្នកស្រី ចាន់ ស្រីនុច បានអះអាងថា ក្នុងពេលដ៏ខ្លីអ្នកស្រី នឹងបោះទុនពង្រីកហាង នីតាសាឡន ឲ្យធំ ឲ្យចំប្លង់ និងផ្សព្វផ្សាយឲ្យខ្លាំងដើម្បីវាយលុកចង្កោមអ្នកសិល្បៈ ដោយគ្រោងទាំងផលិតសៀវភៅម៉ូដសក់ ដើម្បីវាយលុកទីផ្សារឲ្យបានដូចមុននោះផង ទើបគេនៅតែមើលឃើញថា វត្តមានលុកលុយរបស់អ្នកជំនួញរូបនេះ ច្បាស់ណាស់នឹងមានឥទ្ធិពលម្ដងទៀត ដោយមិនលំបាកក្នុងរង្វង់តារាសិល្បៈ។
យ៉ាងណាមិញ អ្នកស្រីថាខ្លួននឹងភ្ជាប់ទំនាក់ទំនងឲ្យខ្លាំងឡើងវិញ ដើម្បីឲ្យរីកក្នុងគម្រោងមុខជំនួញប៉ុណ្ណោះ ដោយមិនឲ្យដានចាស់ មកប៉ះទង្កិចកេរ្តិ៍ឈ្មោះរបស់អ្នកស្រីជាថ្មីម្ដងទៀតទេ៕
មតិយោបល់