ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត Lexus RX300 បើកចុះពីស្ពាន ទៅបុកពីក្រោយរថយន្ត CHEVROLET MINI ហើយរុញទៅបុកជាមួយនឹងរថយន្ត Highlander មួយគ្រឿងទៀត ហើយបន្តទៅបុកជាមួយនិងរថយន្ត Lexus 570 ស៊េរីទំនើបមួយគ្រឿងទៀត បណ្ដាលឲ្យរថយន្ត CHEVROLET MINI ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្ត៣គ្រឿងទៀត រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយយ៉ាងដំណំផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចលើស្ពានអាកាសក្បាលថ្នល់ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ Post Newsថា នៅមុនពេលកើតហេតុ ខណៈពេលដែលចរាចរណ៍កំពុងមានការកកស្ទះ និងមមាញឹក គេឃើញ រថយន្ត Lexus RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0032 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធនិងកូនតូចម្នាក់ទៀត ធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង ខណៈពេលបើកចុះពីលើស្ពាន ក៏ជ្រុលទៅបុកពីក្រោយរថយន្ត CHEVROLET MINI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3821 បើកបរដោយយុវតីរូបស្រស់២នាក់បងប្អូន ហើយរុញទៅបុកជាមួយនឹងរថយន្ត Highlander មួយគ្រឿងទៀត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2AA-0164 បើកបរដោយបុរស៣នាក់ ហើយបន្តទៅបុកជាមួយនឹងរថយន្ត Lexus 570 ស៊េរីទំនើបមួយគ្រឿងទៀត (មិនចាំស្លាកលេខ) បណ្ដាលឲ្យរថយន្ត CHEVROLET MINI ខូចខាតខ្លាំងជាងគេ គឺខ្ទេចផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្ត៣គ្រឿងទៀត រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយបន្តិចបន្តួចដែរទេ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុជួយសម្រួលចរាចរណ៍ រួចអោយភាគីរថយន្តទាំង៤គ្រឿង បើកចុះមកអែបក្បែរចិញ្ចើមផ្លូវ ដើម្បីដោះស្រាយគ្នាមួយជំហ៊ានសិន ព្រោះចរាចរណ៍កំពុងមានការកកស្ទះ និងមមាញឹក យ៉ាងខ្លាំង ដោយមិនចង់វែងឆ្ងាយ និងមិនខូចខាតអ្វីធ្ងន់ទេ ម្ចាស់រថយន្តស៊េរីទំនើប Lexus 570 ក៏បានបន្តដំណើរទៅមុខបាត់ទៅ (ដោយមិនទាមទារសំណងអ្វីនោះទេ)។
ក្រោយមកនៅសល់រថយន្តរងគ្រោះ២គ្រឿងទៀត បានហៅតំណាងនិងបងប្អូនមកជួយធ្វើការចរចារ និងដោះស្រាយគ្នា ជិតកន្លះម៉ោងរួចមក បុរសដែលជាម្ចាស់រថយន្ត Lexus RX300 បង្កហេតុនោះ បានព្រមសងថ្លៃខូចខាតទៅកាន់រថយន្ត Highlander និងធានាយករថយន្ត CHEVROLET MINI ទៅជួសជុលអោយ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុជាមួយគ្នាផងដែរ៕













មតិយោបល់