ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈឺចាប់ជំនួស ជ័យ សុវ៉ាត! ហ្វេន២នាក់ ដាក់ម៉ាឆ្ងាញ់ដល់ Halloween

កាលពីយប់ថ្ងៃទី៣១ តុលា គេកត់សម្គាល់ឃើញមិនមែនតែនៅបណ្ដាប្រទេសជឿនលឿនឯណោះទេដែលនាំគ្នាតែងខ្លួនជាខ្មោច និងមុខចម្លែកៗ ដើម្បីអបអរពិធីបុណ្យ Halloween (ពិធីបុណ្យតែងខ្លួនប្លែក) សូម្បីតែនៅកម្ពុជាក៏មានសកម្មភាពបំផុសពីទិដ្ឋភាពយ៉ាងផុសផុលផងដែរ ជាពិសេសតាមក្លិបរាត្រី និងលើបណ្ដាញសង្គមហ្វេសប៊ុកតែម្ដង ដោយក្នុងចំណោមអ្នកបំផុសនោះ ក៏មានតារាខ្មែរមិនតិចនាក់។ អ្នកលេងហ្វេសប៊ុក២នាក់ ដែលម្នាក់ត្រូវបានគេស្គាល់ថាជាតារាសម្ដែង និងម្នាក់ទៀត គឺជាតារាហ្វេសប៊ុកដែលមានហ្វេនច្រើន បានចេញមុខប្រតិកម្ម ដោយការបង្ហោះរបស់អ្នកទាំង២ហាក់ជួយឈឺឆ្អាលដល់តារាចម្រៀងលោក ជ័យ សុវ៉ាត ដែលខំបំផុសពីសិល្បៈល្ខោនខោល ហើយត្រូវបានអ្នកលេងហ្វេសប៊ុកភាគច្រើនមើលរំលង បើធៀបនឹងការចែកចាយពី Halloween យប់មិញ។

លោក រុន ណាកូ តារាសម្ដែង និងធ្លាប់គ្រងពានឈុតបុរាណកាលពីពេលកន្លងទៅ បានបង្ហោះនៅលើហ្វេសប៊ុកថា«100 ភាគរយ ដឹងតែមានអ្នកជេរហើយ! តែអ្វីដែលខ្ញុំចង់និយាយគឺគ្រាន់តែសង្វេគចិត្តប៉ុណ្ណោះ ដែលវប្បធម៍បរទេស ឃើញកូនខ្មែរបំផុស និងលើកស្ទួយ ដោយមិនចាំបាច់មានអ្នកជួល។ ក្រឡេកមកមើល ចង្វាក់រាំវង់ និងល្ខោនខោលវិញ គឺថា ទាល់តែឮថាប្រទេសជិតខាង គេចង់យកទៅដាក់ជាបេតិកភណ្ឌរបស់គេ ទើបឃើញម្នាក់ៗ កញ្ជ្រោលមួយប្រាវ។ យ៉ាងណាមិញ ការឈឺឆ្អាលទាំងនោះ កំពុងចាប់ផ្ដើមស្ងាត់ទៅៗជាបណ្ដើរៗ ដែលហាក់ដូចធ្វើតាម គ្នាមួយពេល។ ប៉ុន្តែសម្រាប់វប្បធម៌ បរទេសវិញ គឺថារួមគ្នា លើកស្ទួយយ៉ាងផុលផុសតែម្ដង ជាក់ស្ដែងយប់នេះ គឺថាសុទ្ធតែរូបHalloween ពេញតែហ្វេសប៑ុក មិនថាអ្នកខេត្ត អ្នកក្រុង។ បើអ្នកទាំងនោះ ងាកមកចែកចាយ ល្ខោនខោលខ្មែរ ឩទាហរណ៍ជួយគាំទ្រ និងចែកចាយ បទចម្រៀងរបស់ តារាចម្រៀងសាន់ដេ លោក ជ័យ សុវ៉ាត ដែលទើបចេញមុននេះពាក់ព័ន្ធនឹងសិល្បៈល្ខោនខោល អោយបានតែពាក់កណ្ដាលការលើកស្ទួយ Halloween យប់នឹង មិនដឹងថា វប្បធម៍ខ្មែរសុះសាយប៉ុណ្ណាទេ! ខ្ញុំចង់ឃើញអ្នកលេងហ្វេសប៑ុក បំផុសអ្វីពីដែលជារបស់ខ្មែរ អោយបានច្រើនជាងវប្បធម៍បរទេស មិនគួរលើកស្ទួយ Halloween របស់បរទេសដូចយប់នឹង ក្នុងពេល ដែលវប្បធម៍បុរាណរបស់ឯង ដូចជាចង្វាក់ប្រពៃណី សំលៀកបំពាក់បុរាណ និងល្ខោនខោល មានភាពឯកោបែបហ្នឹងទេ…! សុំទោស បើខ្ញុំបញ្ចេញយោបល់មួយនេះខុស»។

ក្រឡេកទៅមើលអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះTavan Jalerm ក៏បានបង្ហោះនូវភាសាឈឺឆ្អាលចំពោះលោក ជ័យ សុវ៉ាត ដូចគ្នាបែបនេះផងដែរ ដោយលោកសរសេរថា«Tavan មិនចង់ទើសទេ ដឹងថាទើសទៅមានគេជេ តែទ្រាំមិនបានព្រោះខ្មោច Halloween ចេញលងពេញក្រុងភ្នំពេញហើយយប់នេះ(៣១ តុលា) កូនខ្មែរអើយបើអ្នកខំថែ ចែករំលែកវប្បធម៌ខ្មែរ ដូច Halloween មិនដឹងជាល្អយ៉ាងណាទេ។ ខ្ញុំអាណិតបង ជ័យ សុវ៉ាត និង ផលិតកម្មសាន់ដេ ខំចេញMV សម្ដែង ស្លៀកសំលៀកបំពាក់ ល្ខោនខោល បែរជាមិនសូវមានអ្នកគាំទ្រ!»។ អមដោយសំណេរធ្វើអោយម្នាក់ៗអានហើយកោតសរសើរ លោកក៏បានបង្ហោះវីដេអូរិះគន់អ្នកងប់ងល់នឹង Halloween កាលពីយប់ថ្ងៃទី៣១ តុលា ដែលជាថ្ងៃធំរបស់Halloween នៅក្រៅប្រទេសផងដែរ ដោយពាក្យសម្ដីរបស់លោកដ្បិតថាមានអ្នកទើស មានអ្នកជេរ តែក៏មានអ្នកគាំទ្រច្រើននាក់៕

មតិយោបល់